ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (ADGMIN 6) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ លោក Amandeep Singh Gill អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកទេសឌីជីថល និងបច្ចេកវិទ្យា និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា បានផ្តល់កិច្ចសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានវៀតណាម អំពីតួនាទីរបស់វៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថល ទិសដៅអភិវឌ្ឍន៍ AI និងការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

នៅក្នុងបរិបទនៃនិន្នាការសកលស្ដីពីការធ្វើបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត តើលោកវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលបច្ចុប្បន្ននៅវៀតណាមយ៉ាងដូចម្តេច?

សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំង មិនតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើពិភពលោកផងដែរ។ បច្ចុប្បន្ន សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម មានអត្រាកំណើនលឿនជាងបីដង បើធៀបនឹងផ្នែកផ្សេងៗនៃខឿនសេដ្ឋកិច្ច។ នេះធ្វើឲ្យប្រទេសវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងសេដ្ឋកិច្ចឌីជីថល។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

បច្ចុប្បន្ននេះ តំបន់អាស៊ាននៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចជា ការអភិវឌ្ឍមិនស្មើគ្នារវាងបណ្ដាប្រទេស ហើយហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់អភិវឌ្ឍដោយព្រមៗគ្នា។ ដូច្នេះ ការដែលរដ្ឋមន្ត្រីឌីជីថលអាស៊ានទាំងឡាយបានផ្ដល់អាទិភាពលើបញ្ហាទាំងនេះតាមរយៈផែនការមេឌីជីថលអាស៊ានឆ្នាំ ២០២៦-២០៣០ គឺជាសញ្ញាដ៏គួរឲ្យលើកទឹកចិត្តមួយ។

បញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយក្នុងចំណោមបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ១១ ដែលបក្ស និងរដ្ឋវៀតណាមបានផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍ។ តើលោកវាយតម្លៃទិសដៅនេះយ៉ាងដូចម្តេចនៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន?

ខ្ញុំចាត់ទុកថា នេះជាទិសដៅដ៏ត្រឹមត្រូវ។ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលឮលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ចែករំលែកអំពីសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពី "ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ" - គោលនយោបាយ ដែលបង្កើតរបត់ប្រវត្តិសាស្ត្រមួយ ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងធានាសន្តិសុខស្បៀងអាហារសម្រាប់ប្រទេសវៀតណាមក្នុងអំឡុងពេលដ៏លំបាក។ នៅសព្វថ្ងៃនេះ សេចក្តីសម្រេចលេខ ៥៧ ត្រូវបានគេរំពឹងថានឹងបន្តបង្កើតរបត់ថ្មីមួយ ដោយបញ្ចេញសក្តានុពលនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមនៅក្នុងយុគសម័យឌីជីថល។

តើអង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តអ្វីខ្លះក្នុងការជួយគាំទ្រប្រទេសវៀតណាមអភិវឌ្ឍ AI ដែលមានសីលធម៌ និងដើម្បីមនុស្ស?

នេះគឺការបង្កើតយន្តការសកលស្ដីពីការគ្រប់គ្រង AI ហើយប្រទេសសមាជិកទាំងអស់ រួមទាំងប្រទេសវៀតណាមផងដែរ បានប្តេជ្ញាចូលរួមក្នុងដំណើរការនេះ។ ចំណុចមួយទៀតដែលខ្ញុំចាត់ទុកថាសំខាន់ខ្លាំងណាស់ គឺការចែករំលែកបទពិសោធន៍។ បទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រង AI និងឯកសារច្បាប់ដែលវៀតណាមចេញផ្សាយនាពេលថ្មីៗនឹងក្លាយជាមេរៀនដ៏មានតម្លៃដើម្បីចែករំលែកជាមួយប្រទេសដទៃទៀតនៅក្នុងកិច្ចសន្ទនាសកលស្តីពីការគ្រប់គ្រង AI។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រវៀតណាមកំពុងអភិវឌ្ឍបច្ចេកវិទ្យា AI ហើយអង្គការសហប្រជាជាតិប្តេជ្ញាគាំទ្រការចូលរួមរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្ដីពី AI។

សូមអរគុណលោក!

បកប្រែដោយ Thuy Anh