វៀតណាម ជាឧទាហរណ៍ដ៏លេចធ្លោមួយនៃ "រូបមន្ត" សម្រាប់ការទាក់ទាញ FDI នៅអាស៊ី
កប.អនឡាញ - គេហទំព័រ fdiintelligence.com (អង់គ្លេស) បានវាយតម្លៃវៀតណាមជាឧទាហរណ៍ដ៏លេចធ្លោមួយនៅអាស៊ី ក្នុងការទាញយកអត្ថប្រយោជន៍ពីលំហូរ FDI ប្រកបដោយប្រសិទ្ធភាព អាស្រ័យដោយបរិយាកាសវិនិយោគដែលមានតម្លាភាព ហេដ្ឋារចនាសម្ព័ន្ធល្អ និងប្រភពធនធានមនុស្សមានសមត្ថភាពប្រកួតប្រជែង។
គេហទំព័រព័ត៌មានស្ដីពីការវិនិយោគពីបរទេស fdiintelligence.com របស់អង់គ្លេសបានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ១២ ខែមករា ដោយពន្យល់ពីមូលហេតុដែលខឿនសេដ្ឋកិច្ចជាច្រើននៅអាស៊ី ដោយមានវៀតណាមជាឧទាហរណ៍ដ៏លេចធ្លោមួយ ប្រើប្រាស់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព។
    |
 |
|
ខ្សែសង្វាក់ផលិតកម្មម៉ូឌុលកាមេរ៉ា និងគ្រឿងបន្លាស់អេឡិចត្រូនិចសម្រាប់នាំចេញនៅរោងចក្រក្នុងមណ្ឌលឧស្សាហកម្ម Phuc Son ខេត្ត Ninh Binh (រូបថតឧទាហរណ៍៖ vnanet.vn) |
អត្ថបទនេះអះអាងថា វៀតណាមកសាងបានទំនុកចិត្តពីសំណាក់វិនិយោគិនតាមរយៈការគ្រប់គ្រងដ៏ស៊ីសង្វាក់គ្នា ប្រព័ន្ធច្បាប់ដែលមានតម្លាភាព និងមានការធ្វើកំណែទម្រង់ផ្តល់ភាពងាយស្រួលដល់អង្គភាពអាជីវកម្ម។ ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ដូចជាតំបន់សេដ្ឋកិច្ចពិសេស និងបណ្តាញភស្តុភារប្រកបដោយប្រសិទ្ធភាព រួមជាមួយប្រភពធនធានមនុស្សដែលមានជំនាញ និងចំណាយទាប ក៏ជាកត្តាសំខាន់ៗផងដែរ។
Fdiintelligence.com បានសង្កត់ធ្ងន់ថា វៀតណាមគឺជាឧទាហរណ៍ដ៏លេចធ្លោមួយនៃជោគជ័យ។ សាជីវកម្មបច្ចេកវិទ្យា Intel របស់អាមេរិក ជាឧទាហរណ៍មួយ។ ចាប់តាំងពីបង្កើតរោងចក្រសាកល្បង និងដំឡើងនៅក្នុងមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញក្នុងឆ្នាំ ២០១០ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកបានពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងច្រើននៅក្នុងរោងចក្រនេះតាមរយៈការវិនិយោគសរុបចំនួន ១.៥ ពាន់លានដុល្លារអាមេរិក។ នៅពីក្រោយជោគជ័យរបស់ Intel គឺប្រព័ន្ធអេកូឡូស៊ី semiconductor ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស កម្លាំងពលកម្មដែលមានបទពិសោធន៍ និងតួនាទីរបស់វៀតណាមជាតំណភ្ជាប់ដែលមានចំណាយទាបនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិចសកល។ នៅក្នុងខែតុលា ឆ្នាំ២០២៥ លោក Kenneth Tse អគ្គនាយករបស់ Intel វៀតណាមបានពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអំពីលទ្ធភាពនៃការនាំយកខ្សែសង្វាក់ផលិតកម្មបន្ថែមមកកាន់ប្រទេសវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
បកប្រែដោយ Huyen Trang