លោក Veeramalla Anjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាពីអាស៊ីអាគ្នេយ៍ (CSEAS) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានវាយតម្លៃដូចខាងលើនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម មុនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦។

យោងតាមលោក Veeramalla Anjaiah មហាសន្និបាតបក្សលើកទី ១៤ មានសារៈសំខាន់ជាពិសេស ដោយសារវៀតណាមកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ក្នុងបរិបទប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាច សេដ្ឋកិច្ចពិភពលោក បង្កប់ហានិភ័យជាច្រើន និងការងើបឡើងវិញនៃគោលនយោបាយគាំពារនិយម ការដែលវៀតណាមរក្សាស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ និងការពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ ជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

leftcenterrightdel
លោក Veeramalla Anjaiah ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ vnanet.vn)

ស្តីអំពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី លោក Veeramalla Anjaiah បានចាត់ទុកថា វៀតណាមបានអនុវត្តប្រកបដោយជោគជ័យនូវដំណើរការផ្លាស់ប្តូរពីខឿនសេដ្ឋកិច្ចផែនការប្រមូលផ្តុំទៅជាសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ខណៈពេលដែលធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ លោកបានសង្កត់ធ្ងន់ថា៖ «វៀតណាមជាគំរូមួយដែលបង្ហាញថាកំណែទម្រង់បន្តិចម្តងៗ ស្ថិរភាពនយោបាយ និងចក្ខុវិស័យរយៈពេលវែងអាចបង្កើតកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន»។

អ្នកស្រាវជ្រាវរបស់ CSEAS មានការចាប់អារម្មណ៍ជាពិសេសចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមដែលសម្រេចបានក្នុងអំឡុងពេលមហាសន្និបាតលើកទី ១៣។ យោងតាមលោក អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៦.៣% ក្នុងមួយឆ្នាំ រួមជាមួយនឹងការកើនឡើង ៨.០២% ក្នុងឆ្នាំ ២០២៥ បានដាក់ប្រទេសវៀតណាមក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុតនៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបានជាង ៥១៤ ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗមានប្រមាណ ៥,០០០ ដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃគុណភាពជីវភាពរស់នៅរបស់ប្រជាជន។

លើសពីនេះ តួលេខគួរឱ្យចាប់អារម្មណ៍ដូចជា ទំហំពាណិជ្ជកម្មដែលសម្រេចបានប្រមាណ ៩៣០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ រួមជាមួយនឹងការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ ជាមួយនឹងភ្ញៀវទេសចរអន្តរជាតិជាង ២១.៥ លាននាក់ បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរវិនិយោគក្នុងតំបន់។

ក្រៅពីកំណើនសេដ្ឋកិច្ច លោក Veeramalla Anjaiah បានចាត់ទុកថា វៀតណាមសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍមនុស្ស និងសុខុមាលភាពសង្គម។ ការកាត់បន្ថយអត្រាភាពក្រីក្រមក ១.៣% ការកើនឡើងនៃការធានារ៉ាប់រងសុខភាពដល់ប្រហែល ៩៥% នៃចំនួនប្រជាជន និងការកើនឡើងនៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ដល់ ០.៧៦៦ បង្ហាញយ៉ាងច្បាស់អំពីទិសដៅអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន។

សមិទ្ធផលទាំងនេះគឺជាលទ្ធផលនៃការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ស្មារតីនៃភាពខ្លួនទីពឹងខ្លួន  និងកម្លាំងនៃសាមគ្គីភាពជាតិទាំងមូល ដែលបង្កើតជាមូលដ្ឋានគ្រឺះដ៏សំខាន់សម្រាប់វៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

ទាក់ទងនឹងទំនាក់ទំនងការបរទេស លោក Veeramalla Anjaiah បានកត់សម្គាល់ថា វៀតណាមត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងដោយសហគមន៍អន្តរជាតិថាជាដៃគូដែលមានស្ថិរភាព អាចទុកចិត្តបាន និងមានទំនួលខុសត្រូវ ដោយបន្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កិត្យានុភាពរបស់ប្រទេស ត្រូវបានពង្រឹងជាបន្តបន្ទាប់តាមរយៈគោលនយោបាយពហុភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងអន្តរជាតិ និងការចូលរួមយ៉ាងសកម្មក្នុងយន្តការសកល។

អ្នកស្រាវជ្រាវរបស់ CSEAS បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសដែលអាចបត់បែនបាន និងរឹងមាំរបស់វៀតណាម ដែលបានអនុញ្ញាតឱ្យវៀតណាមរក្សាទំនាក់ទំនងមានតុល្យភាពជាមួយបណ្តាមហាអំណាច ព្រមទាំងពង្រឹងតួនាទីរបស់ខ្លួនជាដៃគូដែលមានស្ថិរភាព និងអាចទុកចិត្តបាននៅក្នុងតំបន់។ យោងតាមលោក បណ្តាញនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលវៀតណាមបានបង្កើតឡើង បានរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពអន្តរជាតិរបស់ខ្លួន ក្នុងបរិបទការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។

លោក Veeramalla Anjaiah បានសម្តែងនូវក្តីជឿជាក់ថា មហាសន្និបាតបក្សលើកទី១៤ នឹងបន្តកំណត់ទិសដៅយុទ្ធសាស្ត្រត្រឹមត្រូវ ដែលជួយវៀតណាមឱ្យចាប់យកឱកាសថ្មីៗ ជំនះបញ្ហាប្រឈម និងអនុវត្តគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើបនៅឆ្នាំ២០៣០ និងឈានទៅរកប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកបានសង្កត់ធ្ងន់ថា៖ «អ្វីដែលសម្រេចបានក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ បង្ហាញថា វៀតណាមមានហេតុផលគ្រប់បែបយ៉ាងដើម្បីចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍដោយទំនុកចិត្ត»៕

បកប្រែដោយ Huyen Trang