យោងតាមស្ថិតិ នៅឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន ៨.០២% ដែលស្ថិតក្នុងក្រុមប្រទេសដែលមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) លើសពី ៥១៤ ពាន់លានដុល្លារអាមេរិក។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងនៅ ៣.៣១%។

ការវិនិយោគផ្ទាល់ពីបរទេសសរុបនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ ត្រូវបានគេព្យាករថានឹងឈានដល់ ៣៨.៤ ពាន់លានដុល្លារអាមេរិក ដោយដើមទុនចុះបញ្ជី ២៧.៦២ ពាន់លានដុល្លារអាមេរិក ហើយទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានជាង ៩៣០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ដែលស្ថិតក្នុងក្រុមប្រទេសកំពូលទាំង ២០ នៅលើពិភពលោក។

leftcenterrightdel
លោក Xu ning ning ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំង (រូបថត៖ vnanet.vn)

ផ្ដល់បទសំភាសដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំងអំពីសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ លោក Xu ning ning ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យដឹងថា អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺ ៨.០២% ក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលលេចធ្លោដែលបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

លោក Xu ning ning បានបញ្ជាក់ថា ភាពជោគជ័យនេះគឺដោយសារកំណើនខ្លាំងនៃវិស័យផលិតកម្ម ការនាំចេញនិងការវិនិយោគពីបរទេស។ វិស័យផលិតកម្មបានក្លាយជាកម្លាំងចលករស្នូល ការនាំចេញគឺជាកម្លាំងចលករសំខាន់នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម និងការប្រើប្រាស់ទិនិញក្នុងស្រុក ព្រមទាំងការធ្វើអាជីវកម្មក៏បាន​កើនឡើងដែរ

ដោយវាយតម្លៃពីទស្សនវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ឆ្នាំ ២០២៦ ជាមួយនឹងគោលដៅកំណើន ១០% ឬ ច្រើនជាងនេះ ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP លោក  Xu ning ning ឲ្យដឹងថា គោលដៅនេះរបស់វៀតណាមបង្ហាញពីទំនុកចិត្តរបស់វៀតណាមចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោក  Xu ning ning បានសង្កត់ធ្ងន់ថា វៀតណាមត្រូវមានវិធីសាស្រ្តនៃពហុវិមាត្រដើម្បីដោះស្រាយបញ្ហាប្រឈម។

ទីមួយ គឺឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០ ប្រកបដោយប្រសិទ្ធភាព ដោយអនុវត្តវិធាននានាដូចជាកាត់បន្ថយពន្ធ និងបទប្បញ្ញត្ដិនៃប្រភពដើមទំនិញដើម្បីពង្រីកការនាំចេញផលិតផលដែលមានប្រៀបខ្លាំង។ 

ទីពីរគឺពង្រឹងការសម្របសម្រួលក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើនការធ្វើបរិវត្ដកម្ម​ឌីជីថលក្នុងឧស្សាហកម្មប្រពៃណី។

ទីបីគឺបង្កើនការអភិវឌ្ឍវិស័យដឹកជញ្ជូន ថាមពល និងវិស័យផ្សេងៗ ព្រមទាំងលើកកម្ពស់លទ្ធភាពនៃការតភ្ជាប់។

ទីបួនគឺផ្តល់អាទិភាពសម្រាប់តម្រូវការក្នុងស្រុក និងស្ថិរភាពការវិនិយោគបរទេសនិងបរិយាកាសអាជីវកម្ម និងបង្ការហានិភ័យពីការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។

ទីប្រាំគឺពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាមួយដៃគូក្នុងតំបន់ ជាពិសេសទាញយកអត្ថប្រយោជន៍ពីខ្សែសង្វាក់ឧស្សាហកម្មចិន-វៀតណាម ដើម្បីទទួលបានការចែករំលែកធនធាន និងបង្កើនការសម្របសម្រួល៕

បកប្រែដោយ Pham Diep