ការកសាងមូលដ្ឋានគ្រឹះសម្រាប់ការធ្វើជាម្ចាស់លើ AI
កប.អនឡាញ - ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) កំពុងបង្កើតការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៅក្នុងវិស័យសេដ្ឋកិច្ចសង្គម។ AI បានបើកឱកាសអភិវឌ្ឍដ៏ធំផង ប៉ុន្តែក៏បង្កហានិភ័យផងដែរ ប្រសិនបើមិនត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវ។ នៅក្នុងបរិបទនេះ ការដែលប្រទេសវៀតណាមបានអនុម័តលើច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលមានក្របខ័ណ្ឌច្បាប់សម្រាប់វិស័យបច្ចេកវិទ្យានេះ គឺជាជំហានដ៏សំខាន់។
AI អាចរួមចំណែក ១២% នៃ GDP នៅឆ្នាំ ២០៣០
បច្ចុប្បន្ននេះ AI កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ។ នៅក្នុងសេដ្ឋកិច្ច AI ជួយបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនផលិតភាពការងារ និងជួយធុរកិច្ចក្នុងការផ្លាស់ប្ដូរថ្មីនូវគំរូផលិតកម្ម និងធ្វើអាជីវកម្ម។ នៅក្នុងការដឹកជញ្ជូន AI ជា "ភ្នែកឆ្លាតវៃ" ដែលជួយសម្របសម្រួលលំហូរចរាចរណ៍ និងបង្កើនសុវត្ថិភាព។ នៅក្នុងវិស័យជាច្រើនទៀត AI ក្លាយជា "ជំនួយការនិម្មិត" ដែលជួយមនុស្សក្នុងការធ្វើការសម្រេចចិត្តលឿន និងត្រឹមត្រូវជាងមុន។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម AI ត្រូវបានគេរំពឹងថានឹងក្លាយជាឧបករណ៍ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍។ AI មិនមែនគ្រាន់តែជាបច្ចេកវិទ្យានោះទេ ប៉ុន្តែជាកត្តាសំខាន់មួយនៅក្នុងយុទ្ធសាស្ត្រប្រកួតប្រជែងជាតិ។
    |
 |
|
ប្រជាជនស្វែងយល់អំពីមនុស្សយន្តនៅក្នុងពិព័រណ៍សមិទ្ធផលជាតិ "៨០ ឆ្នាំនៃឯករាជ្យ - សេរីភាព - សុភមង្គល" |
យោងតាមការវាយតម្លៃ ប្រសិនបើត្រូវបានអនុវត្តយ៉ាងទូលំទូលាយ AI អាចរួមចំណែកប្រមាណ ៨០ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម នៅឆ្នាំ២០៣០។ បច្ចុប្បន្ននេះ ធុរកិច្ចវៀតណាមប្រហែល ៧៥% បានប្រើប្រាស់ AI ក្នុងការលក់ផលិតផលរបស់ខ្លួន។ ធុរកិច្ចធំៗជាច្រើនបានវិនិយោគលើការអភិវឌ្ឍ AI ដោយចាត់ទុកវាជាបច្ចេកវិទ្យាសំខាន់មួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងកំណើនរយៈពេលវែង។
ប៉ុន្តែ រួមជាមួយនឹងអត្ថប្រយោជន៍ ការប្រើប្រាស់ AI ដើម្បីអនុវត្តសកម្មភាពខុសច្បាប់កំពុងកើនឡើង ដែលបង្កឱ្យមានការព្រួយបារម្ភពីសាធារណជន និងធ្វើឲ្យខូចទំនុកចិត្តសង្គម។ បើគ្មានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងទេ AI អាចបង្កឲ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន។ ការពិតនេះបង្ហាញពីតម្រូវការបន្ទាន់ក្នុងការបង្កើតច្បាប់ស្ដីពីបញ្ញាសិប្បនិម្មិត។
ដើរពីក្រោយ ប៉ុន្តែនាំមុខក្នុងការកសាងច្បាប់ស្ដីពីបញ្ញាសិប្បនិម្មិត
ដោយមានការអនុម័តលើច្បាប់ស្ដីពីបញ្ញាសិប្បនិម្មិត វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលមានក្របខ័ណ្ឌច្បាប់ស្ដីពីបច្ចេកវិទ្យាសំខាន់នេះ។ យោងតាមលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បច្ចុប្បន្ននេះ មានតែតំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក ដូចជាសហភាពអឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន ដែលបានអនុម័តលើច្បាប់ស្តីពី AI។ ប្រទេសជាច្រើនទៀតកំពុងកសាងសេចក្តីព្រាងច្បាប់។ ខណៈពេលដែល AI គឺជាបច្ចេកវិទ្យាសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន និងមានសារៈសំខាន់ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេស។ ដូច្នេះ ការអនុម័តច្បាប់ស្ដីពីបញ្ញាសិប្បនិម្មិតឲ្យបានឆាប់គឺចាំបាច់សម្រាប់វៀតណាមក្នុងការអភិវឌ្ឍ AI។
ច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតបានបង្កើតគោលការណ៍នៃការអភិវឌ្ឍ AI ដែលយកមនុស្សជាមជ្ឈភាព។ AI ត្រូវតែបម្រើមនុស្ស មិនមែនជំនួសតួនាទីសម្រេចចិត្តរបស់មនុស្សទេ។ ច្បាប់នេះក៏បានចែងផងដែរថា ផលិតផលដែលបង្កើតឡើងដោយ AI ត្រូវតែដាក់ស្លាក ដោយហាមឃាត់យ៉ាងតឹងរ៉ឹងនូវសកម្មភាពក្លែងបន្លំដែលមានបំណងបោកបញ្ឆោត។ ទាំងនេះគឺជាបទប្បញ្ញត្តិទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែងនៅបច្ចុប្បន្ន។
អាចបញ្ជាក់ថា ច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតបង្ហាញពីអភិបាលកិច្ចប្រកបដោយទំនើប និងទូលំទូលាយ។ ច្បាប់ផ្តោតលើខ្លឹមសារសំខាន់ដែលប៉ះពាល់ដោយផ្ទាល់ដល់សង្គម ធានាសុវត្ថិភាពផង និងបង្កើតបរិយាកាសសម្រាប់នវានុវត្តន៍ផង។
ការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ
ការអនុម័តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត គឺជាជំហានដ៏សំខាន់មួយ ដែលបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗ។ ប៉ុន្តែ ដើម្បី AI ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ គប្បីអនុវត្តដោយព្រមៗគ្នានូវវិធីសាស្រ្តគ្រប់គ្រងនិងជួយគាំទ្រ។ រដ្ឋមិនត្រឹមតែគួរតែគ្រប់គ្រងហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្រាវជ្រាវ ការសាកល្បង និងការអនុវត្ត AI ក្នុងវិស័យសំខាន់ៗផងដែរ។
យោងតាមអ្នកជំនាញជាច្រើន ធុរកិច្ចវៀតណាមគប្បីប្រើប្រាស់ AI គប្បីតភ្ជាប់ទៅនឹងទិសដៅអភិវឌ្ឍន៍នៃវិស័យនីមួយៗ។ ព្រមទាំង ផ្តោតលើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាពធនធានមនុស្ស និងផ្ដល់ចំណេះដឹងជាមូលដ្ឋានឲ្យប្រជាជន តាមរយៈនោះ បង្កើតប្រព័ន្ធអេកូឡូស៊ី AI ប្រកបដោយសុវត្ថិភាព និងចីរភាព៕
បកប្រែដោយ Thuy Anh