ខ្យល់ព្យុះ វីផា ចុះខ្សោយ ខណៈដែលខេត្តក្រុងជាច្រើនមានទឹកភ្លៀងធ្លាក់ខ្លាំង ការបាក់ដី និងទឹកជំនន់
នាថ្ងៃទី ២៣ កក្កដា ខ្យល់ព្យុះ វីផា (Wipha) បានចុះខ្សោយ ហើយកំពុងធ្វើដំណើរវិវត្តតាមទិសខាងលិច-និរតី បន្ទាប់មក បន្តចុះខ្សោយនៅភាគខាងជើងប្រទេសឡាវ។
ដោយរងឥទ្ធិពលនៃព្យុះនេះ ចាប់ពីរសៀលថ្ងៃទី ២២ កក្កដា ដល់ព្រឹកថ្ងៃទី ២៣ កក្កដា នៅខេត្ត Thanh Hoa, Nghe An, ភាគខាងត្បូងខេត្ត Phu Tho និងខេត្ត Son La មានទឹកភ្លៀងធ្លាក់ខ្លាំង។ កម្ពស់ទឹកភ្លៀងជាមធ្យមគឺ ៤០-១០០mm នៅកន្លែងខ្លះមានកម្ពស់ ២០០mm។ ភ្លៀងធ្លាក់ខ្លាំងបានបង្កការជន់លិចនៅតំបន់វាលទំនាប តំបន់ទីក្រុងនិងមណ្ឌលឧស្សាហកម្ម ហើយអាចបណ្តាលឲ្យមានទឹកជំនន់នៅតាមដងទន្លេ និងអូរតូចៗ ការរអិលបាក់ដីនៅតាមច្រាំងចោតផងដែរ។
    |
 |
កម្ពស់ទឹកទន្លេ និងស្ទឹងបានកើនឡើង ដែលបណ្តាលឱ្យមានការបាក់ដីនៅកន្លែងជាច្រើនក្នុងឃុំ Nhon Mai (Nghe An) (រូបថត៖ VOV) |
នៅខេត្ត Nghe An ដោយរងឥទ្ធិពលនៃព្យុះវីផា ទឹកពីទន្លេខាងលើបានបណ្តាលឱ្យមានការបាក់ដីនៅកន្លែងជាច្រើន ក្នុងតំបន់ព្រៃភ្នំនៅឃុំ Muong Xen ឃុំ Nhon Mai ឃុំ Muong Quang និងតំបន់លំនៅដ្ឋានជាច្រើនត្រូវបានជន់លិច។ ខ្សែផ្លូវសំខាន់ៗ មានការលិចលង់យ៉ាងខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងយានយន្ត។ គួរកត់សម្គាល់ថា តំបន់លំនៅដ្ឋាននៅតាមមាត់ទន្លេនិងស្ទឹងមានហានិភ័យខ្ពស់ក្នុងការបាក់ស្រុតដី ហើយអាជ្ញាធរមូលដ្ឋានកំពុងកៀងគរកម្លាំងទាំងអស់ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព។ លោក Le Hong Thai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Nhon Mai បានឲ្យដឹងថា៖ គណៈបញ្ជាការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិរបស់ឃុំបានជួបប្រជុំ និងណែនាំដល់កងកម្លាំងមានសមត្ថកិច្ច សម្របសម្រួលជាមួយកងកម្លាំងដែលឈរជើងក្នុងតំបន់។ យើងបានជម្លៀសក្រុមគ្រួសារចំនួន ១៩ នៅភូមិ Xoi Voi ទៅផ្ទះវប្បធម៌ ដើម្បីរៀបចំជីវភាពបណ្តោះអាសន្នសម្រាប់គ្រួសារទាំងនេះ។
នៅខេត្ត Phu Tho អាជ្ញាធរមូលដ្ឋានក៏បានជម្លៀសក្រុមគ្រួសារជាង ៣៤០ ដែលរស់នៅក្នុងតំបន់មានហានិភ័យនៃការបាក់ដី និងទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕
តាម vovworld.vn