ពង្រឹងទំនាក់ទំនងវៀតណាម-ថៃ តាមរយៈសកម្មភាពបរិច្ចាគឈាមមនុស្សធម៌
កប.អនឡាញ - កម្មវិធីបរិច្ចាកឈាមមនុស្សធម៌លើកកំពស់ទំនាក់ទំនងមិត្តភាពវៀតណាម-ថៃ ផ្សព្វផ្សាយស្មារតីចែករំលែក និងរួមចំណែកជួយដល់ធនាគារឈាមជាតិ។
នាថ្ងៃទី ២០ កក្កដា ស្ថានអគ្គកុងស៊ុលថៃប្រចាំទីក្រុងហូជីមិញបានសម្របសម្រួលជាមួយសមាគមកាកបាទក្រហមវៀតណាមនៅទីក្រុង និងកម្មវិធីដំណើរក្រហមរៀបចំសកម្មភាពបរិច្ចាគឈាមមនុស្សធម៌។ នេះជាសកម្មភាពក្នុងក្របខណ្ឌនៃកម្មវិធីសប្បុរសធម៌ "អំពើល្អចេញពីបេះដូង"។
ថ្លែងក្នុងកម្មវិធី លោកស្រី Wiraka Moodhitaporn អគ្គកុងស៊ុលថៃប្រចាំទីក្រុងហូជីមិញ មានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌ “អំពើល្អចេញពីបេះដូង” មានប្រភពចេញពីបំណងប្រាថ្នារបស់ព្រះមហាក្សត្រថៃ ដែលតែងតែគិតគូរយ៉ាងជ្រាលជ្រៅចំពោះសេចក្តីសុខ និងសុខមាលភាពរបស់ប្រជាជនគ្រប់រូប។
កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយស្មារតីនៃការចែករំលែក លើកទឹកចិត្តសហគមន៍ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ។
អគ្គកុងស៊ុលថៃប្រចាំទីក្រុងហូជីមិញ មានបំណងចង់សម្រេចបាននូវបំណងប្រាថ្នានោះ តាមរយៈសកម្មភាពជាក់ស្តែង នៅវៀតណាម ដែលជាប្រទេសជិតខាងមិត្តភាព និងជាកន្លែងមានសហគមន៍ថៃកំពុងរស់នៅ និងធ្វើការ។
ជាពិសេស សកម្មភាពបរិច្ចាកឈាមមនុស្សធម៌មិនត្រឹមតែជាឱកាសសម្រាប់សហគមន៍ថៃនៅទីក្រុងហូជីមិញ និងខេត្ត ក្រុងក្នុងតំបន់កុងស៊ុល រួមដៃជាមួយប្រជាជនវៀតណាមអនុវត្តការងារស្ម័គ្រចិត្ដ និងរួមចំណែក ក្នុងឱកាសដ៏មានសារៈសំខាន់នេះប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពជាក់ស្តែងជួយដល់ធនាគារឈាមរបស់សមាគមកាកបាទក្រហមវៀតណាមផងដែរ។ ទន្ទឹមនឹងនោះ វាបង្ហាញពីការដឹងគុណចំពោះវៀតណាម ដែលសហគមន៍ថៃតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។
លោកស្រី Wiraka Moodhitaporn បានមានប្រសាសន៍ថា “នេះក៏ជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ មិនត្រឹមតែក្នុងកម្រិតរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាលដាលយ៉ាងខ្លាំងក្នុងចំណោមសហគមន៍ធុរកិច្ច និងប្រជាជននៃភាគីទាំងពីរ។
បកប្រែដោយ Duy Hoan