សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ប្រេស៊ីល មានប្រធានថ្មី
កប.អនឡាញ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីល បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៣ អាណត្តិ ២០២៥-២០៣០។
មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិថ្មី ដែលមានសមាជិកចំនួន ៣៥ រូប។ លោក Nguyen Hoang Hiep អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ត្រូវបានជ្រើសតាំងជាប្រធានសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ប្រេស៊ីលសម្រាប់អាណត្តិ ២០២៥-២០៣០។
តាមរបាយការណ៍នៅមហាសន្និបាតបានបង្ហាញថា ក្នុងអាណត្តិ ២០១៦-២០២៥ សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ប្រេស៊ីល បានអនុវត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរមិត្តភាព ការតភ្ជាប់សហគមន៍ និងការផ្ដល់ព័ត៌មាន រួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាម និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងប្រជាជនវៀតណាម និងប្រជាជនប្រេស៊ីល។
ថ្លែងមតិនៅមហាសន្និបាត លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីល ហើយសង្ឃឹមថា នាពេលខាងមុខ សមាគមនឹងផ្តោតលើការអនុវត្តភារកិច្ចមួយចំនួនដូចជា៖ បកប្រែស្នាដៃ "ទិលានុលេខក្នុងពន្ធនាគារ" របស់លោកប្រធានហូជីមិញ និងកំណាព្យរបស់អ្នកកវី Ho Xuan Huong ជាភាសាព័រទុយហ្គាល់ រៀបចំវចនានុក្រមអនឡាញព័រទុយហ្គាល់-វៀតណាម ដើម្បីបម្រើដោយឥតគិតថ្លៃជូនប្រជាជន ធុរកិច្ច... នៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh