គណៈប្រតិភូចរចាវៀតណាមដឹកនាំដោយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ 

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើការជាមួយសាជីវកម្មឈានមុខគេនៅលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ (រូបថត៖ baochinhphu.vn)

នៅថ្ងៃដំបូងនៃការចរចា គណៈប្រតិភូចរចាវៀតណាម និងសហរដ្ឋអាមេរិកបានពិភាក្សាលើវិធីសាស្ដ្រជាក់ស្ដែង សំដៅដោះស្រាយបញ្ហាមួយចំនួនដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា និងពន្លឿនដំណើរការចរចា។

ភាគីទាំងពីរក៏បានផ្លាស់ប្ដុរយោបល់ដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនាលើរាល់បញ្ហាដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា  និងបំភ្លឺលើខ្លឹមសារនៃកិច្ចព្រមព្រៀង និងផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមកអំពីគោលនយោបាយនៃភាគីនីមួយៗ តាមរយៈនោះ មានមូលដ្ឋានសម្រាប់អនុវត្តការងារបន្តបន្តាប់។

* នាថ្ងៃដដែល លោករដ្ឋមន្ត្រី Nguyen Hong Dien បានជួបពិភាក្សាការងារជាមួយសាជីវកម្ម Westinghouse ដែលជាសាជីវកម្មឈានមុខគេ នៅលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា វៀតណាមមានគោលការណ៍ស្ដារឡើងវិញនូវកម្មវិធីថាមពលនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខថាមពលក្នុងបរិបទដែលតម្រូវការអគ្គិសនីខ្ពស់ និងថាមពលកកើតឡើងវិញមិនស្ថិតស្ថេរ។

លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា វៀតណាមនឹងមានវិធីសាស្ដ្រជាក់ស្ដែង ទំនើប និងស្របទៅនឹងស្ថានភាពជាក់ស្តែង។ ជាពិសេស វៀតណាមមានទីតាំងសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ។ នេះគឺជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដូចជា Westinghouse រួមទាំងគម្រោងថាមពលនុយក្លេអ៊ែរខ្នាតធំ និងខ្នាតតូច (SMR)។

លោកស្រី Margaret Cosentino អនុប្រធានសាជីវកម្ម Westinghouse បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះផែនការរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការថាមពលរយៈពេលយូរអង្វែង។ ភាគីទាំងពីរបានឯកភាពគ្នាចែករំលែកព័ត៌មាន និងឆ្ពោះទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងសាជីវកម្ម Westinghouse និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិវៀតណាម (Petrovietnam) ក្នុងវិស័យអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ និងបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗដូចជា  ពង្រីកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថាមពល ផ្ទេរបច្ចេកវិទ្យា ក៏ដូចជាការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សបច្ចេកទេសសម្រាប់បំរើវិស័យថាមពល​នុយក្លេអ៊ែរ​ផងដែរ៕

បកប្រែដោយ Pham Diep