កិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងវៀតណាម និងកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ២០ ខែឧសភា នៅទីក្រុង Long Xuyen នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកវៀតណាម (ក្រសួងសំណង់) បានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងវៀតណាម និងកម្ពុជា។
លោកស្រី Phan Thi Thu Hien នាយិការងនាយកដ្ឋានផ្លូវគោកវៀតណាម និងលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។
កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្តីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោករវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងវៀតណាម និងកម្ពុជា។ ភាគីទាំងពីរបានពិភាក្សា ណែនាំ និងដោះស្រាយការលំបាករបស់ភ្នាក់ងារ និងសហគ្រាសដឹកជញ្ជូន ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្តីពីការអនុវត្តកិច្ចព្រមព្រៀង ពិភាក្សាដើម្បីជំរុញ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក កម្ពុជា-ឡាវ-វៀតណាម ការដឹកជញ្ជូនតាមផ្លូវគោក GMS និងការដឹកជញ្ជូនតាមផ្លូវគោកអាស៊ាន។ កិច្ចប្រជុំក៏បានផ្តោតលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំលើកដំបូងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងប្រទេសទាំងបី៖ កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងឯកភាពលើខ្លឹមសារដែលភាគីទាំងពីរត្រូវអនុវត្តនាពេលខាងមុខ។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoangiang.com.vn) |
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Ngo Cong Thuc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានសង្កត់ធ្ងន់ថា ខេត្ត An Giang និងខេត្តកណ្តាល និងខេត្តតាកែវ តែងតែរក្សាទំនាក់ទំនងល្អក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ គាំទ្រ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយក្នុងវិស័យសេដ្ឋកិច្ចសង្គម រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពល្អរវាងវៀតណាម និងកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្តីពីការអនុវត្តកិច្ចព្រមព្រៀង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យានយន្តផ្លូវគោកឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរទទួលបានលទ្ធផលល្អជាច្រើន។
ក្នុងបរិបទនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជាកាន់តែរីកចម្រើន រួមជាមួយនឹងនិន្នាការនៃការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) យ៉ាងជិតស្និទ្ធ កិច្ចប្រជុំបានផ្តោតលើការពិនិត្យឡើងវិញ និងវាយតម្លៃចំពោះការលំបាក និងឧបសគ្គក្នុងការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនរវាងប្រទេសទាំងពីរ កសាងផែនការអភិវឌ្ឍការដឹកជញ្ជូនរវាងប្រទេសទាំងពីរនាពេលខាងមុខ ក្នុងស្មារតីសហប្រតិបត្តិការ និងមិត្តភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ប្រជាជនក្នុងតំបន់អាស៊ាន និងភ្ញៀវទេសចរអន្តរជាតិទៀតផង៕
បកប្រែដោយ Huyen Trang