ដោយបានលះបង់ពេញមួយជីវិតដើម្បីបម្រើប្រទេស និងប្រជាជន លោកប្រធានហូជីមិញ - អគ្គមគ្គុទេសដ៏មហិមារបស់ប្រជាជាតិ វណ្ណៈកម្មករ និងប្រជាជនវៀតណាម ដែលជាយុទ្ធជនដ៏ឆ្នើមនៃចលនាកម្មករ និងចលនាកុម្មុយនិស្តអន្តរជាតិ ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងជា “វីរៈជនរំដោះប្រជាជាតិ  អ្នកវប្បធម៌ឆ្នើមរបស់វៀតណាម” ដោយបញ្ជាក់ថា កេរ្តិ៍ដំណែលដែលបន្សល់ទុកដោយលោកប្រធានហូជីមិញគឺមានលក្ខណៈជាសកល និងយុគសម័យ។  ជាពិសេស គឺកេរ្តិ៍ដំណែលស្មារតីឯករាជ្យ ភាពម្ចាស់ការ និងមហាសាមគ្គីភាពជាតិ ដែលតែងតែត្រូវបានកត់ត្រាទុក ថែរក្សា និងលើកកំពស់ដោយថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមគ្រប់ជំនាន់ ក្នុងដំណាក់កាលតស៊ូដើម្បីឯករាជ្យ និងបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុស្តារឡើងវិញ កសាង និងអភិវឌ្ឍនប្រទេសនាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក អ៊ុច លាង ប្រធាន CAVA ប្រធានស្តីទី នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)  (រូបថត៖ vnanet.vn)

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥) ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងភ្នំពេញ លើប្រធានបទខាងលើ លោក អ៊ុច លាង ប្រធានស្តីទី នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)  ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម (CAVA) បានចាត់ទុកថា លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេស និងអ្នកការទូតដ៏ឆ្នើម ក៏ជាអ្នកបង្កើត និងជាស្ថាបនិកនៃការទូតវៀតណាមសម័យទំនើប។ ក្នុងឋានៈជាប្រមុខរដ្ឋ និងប្រមុខបក្ស លោកប្រធានហូជីមិញ តែងតែយកចិត្តទុកដាក់ចំពោះការដឹកនាំកិច្ចការបរទេស និងសាមគ្គីភាពអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រសម្រាប់ប្រទេស និងទទួលបានការគាំទ្រពីប្រទេស និងប្រជាជនជុំវិញពិភពលោក សម្រាប់ការតស៊ូរំដោះជាតិ និងការកសាងប្រទេសវៀតណាម។

យោងតាមលោកប្រធាន CAVA ដោយផ្អែកលើប្រពៃណី និងការអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម លោកប្រធានហូជីមិញបានលើកឡើង កសាង និងអភិវឌ្ឍគោលការណ៍ ទស្សនៈ និងប្រព័ន្ធទ្រឹស្តីជាច្រើននៃសម័យកាលស្តីពីទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយការបរទេសរបស់វៀតណាម។ សតិអារម្មណ៍ឯករាជ្យភាព និងភាពម្ចាស់ការក្នុងសកម្មភាពកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានអត្ថន័យយ៉ាងជ្រាលជ្រៅអំពីសេចក្តីស្រឡាញ់ ទំនុកចិត្ត និងវិបុលភាពក្នុងរាល់សកម្មភាពកិច្ចការបរទេស ដែលបានក្លាយជា “ខ្សែអំបោះក្រហម” ជាប់ហូរហែរបស់ប្រទេសវៀតណាម ចាប់តាំងពីការបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម មកទល់បច្ចុប្បន្ននេះ។ លោកបានសន្និដ្ឋានថា៖ “មកទល់បច្ចុប្បន្ននេះ បក្ស និងរដ្ឋវៀតណាមបានបន្តប្រកាន់ខ្ជាប់ខ្ជួន និងអនុវត្តដោយជោគជ័យនូវកេរ្តិ៍ដំណែលនោះ ដោយនាំប្រទេសឲ្យស្មើមុខស្មើមាត់នឹងមហាអំណាចលើទ្វីបទាំង៥ នៃពិភពលោកដូចសព្វថ្ងៃនេះ”។

ចំណាយពេលវេលាច្រើនក្នុងការសិក្សា និងស្រាវជ្រាវសតិអារម្មណ៍របស់លោកប្រធានហូជីមិញ អ្នកជំនាញមកពី RAC បានចាត់ទុកថា ស្មារតីនៃមហាសាមគ្គីភាព និងការបង្រួបបង្រួមប្រទេសជាតិជាខ្លឹមសារស្នូល ក្លាយជាសញ្ញាសម្គាល់ដ៏សំខាន់ របស់លោកប្រធានហូជីមិញក្នុងដំណើរការដឹកនាំបដិវត្តន៍នៅវៀតណាម។ ហើយកេរ្តិ៍ដំណែលនោះនៅតែបន្តជាមរតក និងត្រូវបានលើកកំពស់រហូតដល់សព្វថ្ងៃនេះ ក៏ដូចជានៅថ្ងៃអនាគត។

ក្នុងស្មារតីនោះ អ្នកជំនាញកម្ពុជាបានចាត់ទុកថា បក្ស និងរដ្ឋវៀតណាមបានស្រូបយក និងអនុវត្តដោយជោគជ័យនូវកេរ្តិ៍ដំណែលរបស់លោកប្រធានហូជីមិញក្នុងដំណើរការដឹកនាំប្រទេស និងប្រជាជនក្នុងការតស៊ូរំដោះជាតិ ក៏ដូចជាដំណើរការកំណែទម្រង់ ផ្លាស់ថ្មី កសាង និងការពារមាតុភូមិ ដើម្បីសម្រេចបាននូវគោលដៅប្រជាជនសម្បូរធូធា ប្រទេសខ្លាំងរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ លោកបានបញ្ជាក់ថា៖ «នាពេលនេះ បក្ស និងរដ្ឋវៀតណាមក៏កំពុងឈានទៅមុខលើមាគ៌ានោះ ដោយឆ្ពោះទៅរកការសម្រេចបានគោលដៅថា នៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍមានប្រាក់ចំណូលខ្ពស់»។

ស្តីអំពីព្រឹត្តិការណ៍សំខាន់ៗចំនួនពីរដែលបានកំណត់សម្រាប់ចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍នៃប្រទេសជិតខាងក្នុងទស្សវត្សរ៍ខាងមុខ អ្នកជំនាញកម្ពុជាបានចាត់ទុកថា ទាំងនេះគឺជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់ប្រវត្តិសាស្ត្រដែលជាប់ទាក់ទងនឹងកេរ្តិ៍ឈ្មោះរបស់ “លោកប្រធានហូជីមិញ - វីរៈជនរំដោះជាតិ អ្នកវប្បធម៌ឆ្នើមរបស់វៀតណាម” ដែលត្រូវបានលើកតម្កើងដោយអង្គការយូណេស្កូ។

យោងតាមលោក អ៊ុច លាង ឆ្នាំ២០៣០ គឺជាខួប១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ដែលជាគណបក្សនយោបាយដែលត្រូវបានបង្កើតឡើង និងរីកចម្រើន ដោយលោកប្រធានហូជីមិញ។ ទន្ទឹមនឹងនោះ ឆ្នាំ ២០៤៥ ក៏ជាឆ្នាំប្រារព្ធខួបលើកទី ១០០ នៃទិវាលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ ដោយប្រកាសជាផ្លូវការដល់ប្រជាជនវៀតណាមទាំងមូល និងពិភពលោកអំពីការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមទស្សនៈនោះ លោកប្រធាន CAVA បានសង្កត់ធ្ងន់ថា៖ “នេះគឺជាការទទួលមរតក និងការលើកកំពស់ប្រកបដោយជោគជ័យនូវសតិអារម្មណ៍ និងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញសម្រាប់ប្រជាជាតិបង្រួបបង្រួមក្នុងស្មារតី “ប្រទេសវៀតណាមគឺតែមួយ ប្រជាជនវៀតណាមគឺតែមួយ” កសាងប្រទេសវៀតណាមប្រកបដោយរុងរឿង កាន់តែថ្លៃថ្នូរ កាន់តែស្រស់ស្អាត និងស្មើមុខស្មើមាត់នឹងមហាអំណាចលើទ្វីបទាំង៥ នៃពិភពលោក”៕

បកប្រែដោយ Huyen Trang