សេដ្ឋកិច្ចក្នុងរយៈពេល ១០ ខែ៖ អភិវឌ្ឍក្នុងវិស័យជាច្រើន
កប.អនឡាញ - របាយការណ៍ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ២០២៤ ដែលអគ្គនាយកដ្ឋានស្ថិតិចេញផ្សាយនាថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញថា សេដ្ឋកិច្ចវៀតណាមបន្តរក្សាអត្រាកំណើនជាមួយនឹងលទ្ធផលលេចធ្លោ។
វិស័យជាច្រើនសម្រេចបានលទ្ធផលវិជ្ជមានដូចជា៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតក្នុងការគ្រប់គ្រង ការនាំចេញកើនឡើងយ៉ាងខ្លាំង ការបញ្ចេញជាវិជ្ជមាននូវទុនវិនិយោគផ្ទាល់ពីបរទេស និងការកើនឡើងខ្ពស់នៃផលិតកម្មឧស្សាហកម្ម។
ចំណុចភ្លឺនៅក្នុងម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេល ១០ ខែកន្លងមកគឺការនាំចេញ និងនាំចូល សម្រេចបានជាង ៦៤៧ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើង ១៥.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញបានជួយឲ្យវៀតណាមមានអតិរេកពាណិជ្ជកម្មជាង ២៣.៣ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នមានផលិតផលចំនួន ៣១ ដែលមានទំហំនៃការនាំចេញសម្រេចបានជាង ១ ពាន់លានដុល្លារ ស្មើនឹង ៩២.៦% នៃទំហំនៃការនាំចេញសរុប។
|
|
រូបថតឧទាហរណ៍ (chinhphu.vn) |
ម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព និងការកែលម្អបរិយាកាសធ្វើអាជីវកម្ម បានជួយឲ្យការបញ្ចេញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចាប់ពីដើមឆ្នាំដល់ពេលនេះត្រូវបានប៉ាន់ប្រមាណជិត ១៩.៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៨.៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើងគួរឲ្យចាប់អារម្មណ៍ដែលសម្រេចបាន ៨.៣%។
ការគ្រប់គ្រងល្អនូវតម្លៃនៃទំនិញបានជួយឲ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យមរយៈពេល ១០ ខែកើនឡើងត្រឹមតែ ៣.៧៨% ហើយស្ថិតក្នុងកម្រិតគ្រប់គ្រងតាមគោលដៅដែលបានកំណត់។ ការរីកចម្រើនទាំងនេះបានជួយឲ្យចំណូលថវិការដ្ឋសរុបក្នុងរយៈពេល ១០ ខែសម្រេចបានជាង ១.៦ លានពាន់លានដុង ដែលស្ទើរតែស្មើនឹងការប៉ាន់ប្រមាណប្រាក់ចំណូលពេញមួយឆ្នាំ។
នៅក្នុងខែតុលា ទំហំពាណិជ្ជកម្មប្រចាំខែនៃផ្នែកជលផលសម្រេចបាន ១ ពាន់លានដុល្លារ បន្ទាប់ពីជាប់គាំងអស់រយៈពេលជាង ២ ឆ្នាំ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ការនាំចេញជលផលសម្រេចបាន ៨.២៧ ពាន់លានដុល្លារ។ ក្នុងបរិបទនៃការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការពីទីផ្សារសំខាន់ៗ ការនាំចេញជលផលរបស់វៀតណាមមានគោលដៅសម្រេចបាន ១០ ពាន់លានដុល្លារ។ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា ប្រសិនបើក្នុងរយៈពេល ២ ខែខាងមុខ ក្នុងមួយខែ ទទួលបានប្រហែល ១.៨ ពាន់លានដុល្លារអាមេរិក វៀតណាមនឹងសម្រេចបាននូវផែនការសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក។ ប្រសិនបើរក្សាបាននូវល្បឿននេះ ការនាំចេញជលផលនឹងអាចសម្រេចបានជាង ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។
ចំណុចភ្លឺមួយទៀតគឺ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ១០ ខែកន្លងមកនេះបានកើនឡើងចំនួន ៤១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបាន ១៤.១ លាននាក់។ លទ្ធផលវិជ្ជមានទាំងនេះគឺជាមូលដ្ឋានសម្រាប់ការរំពឹងទុកថាទំហំសេដ្ឋកិច្ចនៅឆ្នាំក្រោយអាចសម្រេចបានជាង ៥០០ ពាន់លានដុល្លារអាមេរិក តាមរយៈនោះ លើកកម្ពស់តួនាទីរបស់សេដ្ឋកិច្ចវៀតណាមនៅក្នុងតំបន់ និងពិភពលោក។ លោកស្រី Do Thi Ngoc អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ថិតិបានចាត់ទុកថា៖ “លទ្ធផលវិជ្ជមានដែលបណ្ដាផ្នែក និងវិស័យសម្រេចបានក្នុងរយៈពេល ១០ ខែកន្លងមកនឹងរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាល។”
យោងតាមគោលដៅរបស់រដ្ឋាភិបាល កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២៤ នឹងសម្រេចប្រហែល ៧%។ ដូច្នេះ ក្នុងត្រីមាសទី ៤ ឆ្នាំ២០២៤ GDP ត្រូវតែសម្រេចបាន ៧-៨%។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា គប្បីមានការចូលរួម និងការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល និងការប្តេជ្ញាចិត្តរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីសម្រេចបាននូវគោលដៅនេះ៕
បកប្រែដោយ Thuy Anh