បើកទ្វារដើម្បីផ្សព្វផ្សាយម៉ាកវៀតណាមទៅកាន់ពិភពលោក
កប.អនឡាញ - នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម ពាណិជ្ជកម្មអន្តរជាតិកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលការធ្វើបរិវត្តកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនមិនត្រឹមតែជានិន្នាការប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាវេទិកាសំខាន់ដើម្បីជួយធុរកិច្ចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ជាពិសេសទីផ្សារធំៗ។
បច្ចុប្បន្ន អ្នកលក់នៅទូទាំងពិភពលោកជិតពីរលាននាក់មានវត្តមាននៅលើវេទិកាបណ្តាញនេះ ដែលបង្កើតប្រាក់ចំណូលសរុប ២,៥០០ ពាន់លានដុល្លារក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ នៅក្នុងប្រទេសវៀតណាម យោងតាមស្ថិតិពី Amazon Global Selling ចំនួនផលិតផលនៃធុរកិច្ចវៀតណាមដែលត្រូវបានលក់នៅលើវេទិកា Amazon បានកើនឡើងជាង ៣០០% ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ។ ផលិតផលជាង ៦០% ដែលត្រូវបានលក់នៅលើវេទិកានេះបានមកពីដៃគូភាគីទីបី រួមទាំងធុរកិច្ចរាប់ពាន់មកពីប្រទេសវៀតណាម។
    |
 |
រូបថតឧទាហរណ៍ (AMAZON GLOBAL Selling Vietnam) |
លោក Nguyen Thanh Lam នាយកប្រតិបត្តិនៃក្រុមហ៊ុន Lam Viet បានឲ្យដឹងថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរទៅជាការនាំចេញតាមអ៊ីនធឺណិតដើម្បីកាត់បន្ថយការចំណាយ។ កាលពីខែមេសាកន្លងទៅ ធុរកិច្ចនេះបាននាំចេញទំនិញតាមកុងតឺន័រចំនួនបី តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Amazon ប្រកបដោយជោគជ័យ។
ជាការពិត សមាហរណកម្មសកម្មមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាលក្ខណៈសំខាន់ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង សមត្ថភាពសម្របខ្លួន និងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធុរកិច្ចវៀតណាមនៅលើទីផ្សារអន្តរជាតិ នៅពេលដែល “ការនាំចេញឌីជីថល” កំពុងក្លាយជាកម្លាំងចលករថ្មីដើម្បីជួយទំនិញវៀតណាមលើកកំពស់ការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានអត្ថាធិប្បាយថា ការផ្លាស់ប្តូរពីគំរូនាំចេញបែបប្រពៃណី ទៅជាការនាំចេញតាមអ៊ីនធឺណិតកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ដោយបើកឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនដល់អ្នកប្រើប្រាស់រាប់រយលាននាក់ជុំវិញពិភពលោក។
យោងតាមលោកស្រី Tran Van Phuong Trinh អ្នកគ្រប់គ្រងគណនីជាន់ខ្ពស់នៃក្រុមហ៊ុន Amazon Global Selling Vietnam នេះគឺជាទ្វារសម្រាប់ធុរកិច្ច និងម៉ាកយីហោវៀតណាមទៅកាន់ទីផ្សារពិភពលោក។ ផលិតផលរាប់លានរបស់ប្រទេសវៀតណាមត្រូវបានដឹកជញ្ជូនដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំតាមរយៈ Amazon បង្ហាញពីវឌ្ឍនភាពនៃម៉ាកយីហោវៀតណាមនៅលើទីផ្សារពិភពលោក។
យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Thinh គ្រូបង្រៀននៅសាកលវិទ្យាល័យពាណិជ្ជកម្ម បានឲ្យដឹងថា ពាណិជ្ជកម្មអេឡិចត្រូនិក ជួយធុរកិច្ចមានភាពម្ចាស់ការចំពោះចំនួនអតិថិជននៅលើពិភពលោក ស្វែងយល់ពីនិន្នាការ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីជួយធុរកិច្ចផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ និងទទួលបានមតិប្រតិកម្មភ្លាមៗពីទីផ្សារ។ តាមរយៈនោះ ធុរកិច្ចអាចលើកកម្ពស់គុណភាពនៃផលិតផលដោយទាន់ពេលវេលា និងបំពេញតម្រូវការនៃអតិថិជន។
ប៉ុន្តែ លោក Nguyen Van Thinh បានឲ្យដឹងថា ដើម្បីប្រែសក្តានុពលក្លាយជាការពិត ធុរកិច្ចត្រូវការមានយុទ្ធសាស្ត្រច្បាស់លាស់ និងការវិនិយោគត្រឹមត្រូវ។ នៅពេលចូលរួមក្នុងការលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ផលិតផលល្អមិនគ្រប់គ្រាន់ទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវមានលក្ខណៈសមរម្យសម្រាប់ទីផ្សារ។ ទន្ទឹមនឹងនោះ ម៉ាកគឺជាកត្តាស្នូលដែលបង្កើតតម្លៃផលិតផល។ គុណភាពនៃផលិតផល គំរូអាជីវកម្ម សារសម្រាប់ការផ្សព្វផ្សាយត្រូវបានសង្ខេបនៅក្នុងម៉ាក ដែលជាឧបករណ៍ជួយធុរកិច្ចរក្សាតួនាទី និងពង្រីកទីផ្សារក្នុងរយៈពេលវែង៕
បកប្រែដោយ Thuy Anh