នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នៅខេត្ត Bac Giang មានភ្លៀងធ្លាក់ខ្លាំង។ ភ្លាមៗ ថ្នាក់ដឹកនាំយោធភូមិភាគទី១ បានរាយការណ៍ជូនក្រុមការងារក្រសួងការពារប្រទេសអំពីស្ថានភាពភ្លៀង និងទឹកជំនន់នៅតំបន់។ មកដល់ពេលនេះ កម្ពស់ទឹកនៅតាម​ដងទន្លេ Thuong និងទន្លេ Cau បានហក់ឡើង អាចបណ្ដាលឲ្យមានការលិចទឹក។ ដើម្បីកាត់បន្ថយការខូចខាតដែលបង្កឡើងដោយខ្យល់ព្យុះ កងទ័ពនិងកងជីវពលកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះប្រជាជន ជម្នះផលវិបាក និងការពារទ្រព្យសម្បត្តិរបស់ប្រជាជន។

លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ប្រធានក្រុមការងារក្រសួងការពារប្រទេស បានកត់សម្គាល់  និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាលនិងយុទ្ធជននៃ​យោធភូមិភាគទី១។ លោកឧត្តមសេនីយ៍ទោ Truong Thien To បានតម្រូវឲ្យកម្មាភិបាល និងយុទ្ធជនត្រូវតែលើកកម្ពស់ការប្តេជ្ញាចិត្ត ជួយប្រជាជនជម្នះផលវិបាកដោយសារទឹកជំនន់។

leftcenterrightdel
ក្រុមការងារក្រសួងការពារប្រទេសចុះត្រួតពិនិត្យការជំនះផលវិបាកដោយព្យុះលេខ ៣ នៅខេត្ត Lang Son

ក្នុងស្មារតីបន្ទាន់ នារសៀលថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីមកដល់ខេត្ត Bac Giang លោកឧត្តមសេនីយ៍ទោ Truong Thien To បានបញ្ជាឲ្យក្រុមការងារចុះទៅជួបប្រជាពលរដ្ឋនៅតំបន់រងការខូចខាត  ពិនិត្យ ដឹកនាំ និងលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញការងារស្វែងរក និងជួយសង្គ្រោះ។

នៅទំនប់ទឹក Thuong ស្ថិតនៅក្នុងស្រុក Lang Giang (ខេត្ដ Bac Giang) ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេបានហក់ឡើងយ៉ាងលឿន ដូច្នេះកម្មាភិបាលនិងយុទ្ធជនរាប់រយនាក់ បានប្រញាប់ប្រញាល់ការពារទំនប់។ លោកឧត្តមសេនីយ៍ទោ Truong Thien To បានចុះសួរសុខទុក្ខ និងចែករំលែកការលំបាកជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជន; លើកសរសើរចំពោអង្គភាពនានាដែលបានជួយប្រជាជនជំនះផលវិបាក។ លោកឧត្តមសេនីយ៍ទោ Truong Thien To សង្កត់ធ្ងន់ថា កម្មាភិបាលនិងយុទ្ធជនម្នាក់ៗត្រូវលើកកម្ពស់ស្មារតី ទំនួលខុសត្រូវ ដើម្បី បម្រើប្រជាជន ព្រមទាំងស្នើឱ្យបណ្ដាកងកម្លាំងត្រូវខិតខំប្រឹងប្រែង កៀរគរកម្លាំងនិងមធ្យោបាយជួយប្រជាពលរដ្ឋឱ្យវិលទៅរក ជីវភាពរស់នៅធម្មតាឡើងវិញ។

នៅវេលាម៉ោង៣ និង៣០​ នាទីរសៀលថ្ងៃទី១០ ខែកញ្ញា នៅទីរួមស្រុក That Khe ស្រុក Trang Dinh (ខេត្ដ Lang Son) មានភ្លៀងធ្លាក់ខ្លាំង។ នៅទន្លេ Ky Cung ទឹកហូរយ៉ាងខ្លាំងដែលបណ្ដាលឲ្យខូចដើមឈើ ដំណាំជាច្រើន។ ផ្សារពោរពេញទៅដោយសំរាម។ ដោយមិនថាទុក្ខលំបាក កម្មាភិបាលនិងយុទ្ធជនជាច្រើននៃកងវរសេនាធំលេខ ១២៣ បញ្ជាការដ្ឋានយោធាខេត្ត Lang Son បានប្រមូលសំរាម   និងជួសជុលប្រព័ន្ធដំបូលតូបទំនិញឲ្យប្រជាជន។

លោកវរសេនីយ៍ឯក Tran Xuan Manh មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Lang Son ឲ្យដឹងថា ដោយដឹងពីការវិវត្តដ៏ស្មុគ្រស្មាញនៃព្យុះលេខ៣ បញ្ជាការដ្ឋានយោធាខេត្ត បានអនុវត្ដដំណោះស្រាយជាច្រើន រក្សាកងកម្លាំងប្រចាំ ត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាព និងអនុវត្តការជួយសង្គ្រោះ។ បញ្ជាការដ្ឋានយោធាខេត្ត បានសហការជាមួយកងពលធំលេខ៣ យោធភូមិភាគទី១ កៀរគរកម្មាភិបាលនិងយុទ្ធជនចំនួន ១,៤០០នាក់ និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីជួយប្រជាជននៅស្រុក និងក្រុងទាំង ១១ ធ្វើជម្លៀសប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព។ បន្ទាប់ពីទឹកស្រកភ្លាម កម្មាភិបាលនិងយុទ្ធជនបានចាប់ផ្តើមប្រមូលសំរាម សម្អាតអនាម័យ និងជួយប្រជាជនវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ។

បច្ចុប្បន្ននេះ កងកម្លាំងប្រដាប់អាវុធខេត្ដ Bac Giang និងខេត្ដ Lang Son បន្តជួយសង្គ្រោះ និងជួយប្រជាជនជំនះផលវិបាក ក្នុងស្មារតី “ទីណាមានការលំបាក ទីនោះមានកងទ័ព” ទាំងអស់ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន៕

បកប្រែដោយ Pham Diep