សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើន
កប.អនឡាញ - ក្នុងឆ្នាំ២០២៤ ទោះបីប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាននូវសន្ទុះកំណើន ៧.០៩% ជាមួយនឹងលទ្ធផលសំខាន់ៗជាច្រើនដែលត្រូវបានវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ និងធុរកិច្ចក្តី។ សេដ្ឋកិច្ចនៅឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍយ៉ាងខ្លាំងដែលកំណត់គោលដៅកំណើនលើសពី ៨%។
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនឡើង ៣៧៧ ដុល្លារ
នៅឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមជួបការលំបាក និងបញ្ហាប្រឈមជាច្រើនទាំងក្នុង និងក្រៅប្រទេស។ សេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។ ក្នុងប្រទេស ការលំបាក និងបញ្ហាប្រឈមដំបូងគឺការដោះស្រាយបញ្ហានៃផ្នែកសេដ្ឋកិច្ចដែលសេសសល់ក្នុងរយៈពេលជាច្រើនឆ្នាំ ព្រមទាំង ត្រូវតែឆ្លើយតបទៅនឹងបញ្ហាដែលបានកើតឡើង ជាពិសេសផលវិបាកនៃព្យុះលេខ៣ (Yagi)។
ទោះជាយ៉ាងនេះក្តី វៀតណាមបានខិតខំពុះពារជំនះរាល់ការលំបាក ខិតខំស្ដារសេដ្ឋកិច្ចឡើងវិញ និងរីកចម្រើន។ ការរីកចម្រើនរបស់សេដ្ឋកិច្ចវៀតណាមត្រូវបានបង្ហាញតាមរយៈផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលត្រូវបានប៉ាន់ប្រមាណថាកើនឡើង ៧.៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទាបជាងត្រីមាសទី៤ ឆ្នាំ២០១៧ និងឆ្នាំ ២០១៨ ក្នុងដំណាក់កាល ២០១១-២០២៤។
GDP ក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថាកើនឡើង ៧.០៩% បើធៀបនឹងឆ្នាំមុន ដែលទាបជាងអត្រាកំណើននៃឆ្នាំ ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២២ ក្នុងដំណាក់កាល ២០១១-២០២៤។ សេវាកម្មនៅតែជាផ្នែកដែលរួមចំណែកច្រើនបំផុតដល់តម្លៃបន្ថែមនៃសេដ្ឋកិច្ច គឺជាង ៤៩.៤៦%។ ខណៈពេលដែល ឧស្សាហកម្ម និងសំណង់បានកើនឡើង ៨.២៤% រួមចំណែក ៤៥.១៧% ដល់តម្លៃបន្ថែមនៃសេដ្ឋកិច្ច ហើយវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរួមចំណែក ៥.៣៧% ដល់កំណើន។
គួរកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១១៤ លានដុង/ម្នាក់/ឆ្នាំ ស្មើនឹង ៤,៧០០ ដុល្លារអាមេរិក កើនឡើង ៣៧៧ ដុល្លារបើធៀបនឹងឆ្នាំ២០២៣។ ផលិតភាពការងារកើនឡើង ៥.៨៨% ដោយសារតែគុណភាពនៃពលករបានប្រសើរឡើង។ ទន្ទឹមនឹងនោះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ជាមធ្យមក្នុងឆ្នាំ២០២៤ កើនឡើង ៣.៦៣% បើធៀបនឹងឆ្នាំ២០២៣ សម្រេចបានគោលដៅកំណត់ដោយរដ្ឋសភា។ ការនាំចេញទំនិញគឺជាចំណុចសំខាន់មួយនៅក្នុងនិន្នាការកំណើន។ នៅឆ្នាំ២០២៤ ការនាំចេញទំនិញកើនឡើង ១៤.៣% ដោយសារការងើបឡើងវិញនៃតម្រូវការនៃអ្នកប្រើប្រាស់នៅក្នុងទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងអាស៊ាន។ នៅឆ្នាំ២០២៤ ទំហំនៃការនាំចេញនិងនាំចូលសម្រេចប្រហែល ៨០០ ពាន់លានដុល្លារ អតិរេកពាណិជ្ជកម្មរយៈពេល ៩ ឆ្នាំជាប់គ្នា...
លទ្ធផលសំខាន់ក្នុងឆ្នាំ២០២៤ គឺវៀតណាមបន្តត្រូវបានចាត់ទុកថាជាគោលដៅវិនិយោគដ៏ទាក់ទាញ។ ដើមទុនវិនិយោគបរទេសជិត ៤០ ពាន់លានដុល្លារអាមេរិកត្រូវបានចុះឈ្មោះវិនិយោគនៅវៀតណាម រួមទាំងសហគ្រាសបច្ចេកវិទ្យាឈានមុខគេដូចជា NVIDIA ឬ Google ក៏មានគម្រោងវិនិយោគនៅវៀតណាម... ជាពិសេស ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៤ សម្រេចបាន ២៥.៣៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៩.៤% បើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគបរទេសក្នុងបរិយាកាសវិនិយោគ អាជីវកម្មរបស់វៀតណាម ក៏ដូចជាបង្ហាញពីការចូលរួមចំណែកកាន់សំខាន់របស់ FDI សម្រាប់កំណើនសេដ្ឋកិច្ច។
|
|
ឃ្លាំងកំពង់ផែ LNG Thi Vai, ខេត្ត Ba Ria - Vung Tau |
បង្កើតផែនការ និងអនុវត្តគោលដៅកំណើនលើសពី ៨%
ក្នុងឆ្នាំ២០២៥ រដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាលកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦.៥ ទៅ ៧% ដោយខិតខំសម្រេចឲ្យបានពី៧ ទៅ ៧.៥%។ នាយករដ្ឋមន្ត្រីបានចេញសារទូរលេខ 137/CD-TTg ជាមួយនឹងគោលដៅឆ្ពោះទៅរកអត្រាកំណើនលើសពី ៨% ហើយរំពឹងថានឹងសម្រេចបានកំណើនពីរខ្ទង់ក្នុងដំណាក់កាលខាងមុខ។ នេះគឺជាគោលដៅដែលទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីប្រព័ន្ធនយោបាយទាំងមូល។
ការព្យាករណ៍ពីអង្គការអន្តរជាតិល្បីឈ្មោះដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញពីការឯកភាពគ្នាលើសក្ដានុពលអភិវឌ្ឍន៍របស់វៀតណាម ជាមួយនឹងអត្រាកំណើន GDP ប្រហែល ៦.៥-៦.៦% ដោយសារការស្ដារឡើងវិញយ៉ាងរឹងមាំក្នុងផលិតកម្ម ពាណិជ្ជកម្ម និងវិធានការគាំទ្រ។
យោងតាមអ្នកជំនាញ ថ្វីបើមានការលំបាកជាច្រើនក៏ដោយ ក៏កម្លាំងចលករសំខាន់ៗដូចជាការវិនិយោគសាធារណៈ ការវិនិយោគឯកជន សកម្មភាពនាំចេញ និងនាំចូលត្រូវបានព្យាករណ៍ថានឹងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ និន្នាការថ្មីនៃការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិបង្កើតឱកាសល្អសម្រាប់វៀតណាម។ ប្រសិនបើវៀតណាមអាចទាញយកអត្ថប្រយោជន៍នេះ ព្រមទាំង មានការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតងយ៉ាងលឿនជាងមុន ឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងធានានូវតម្រូវការនៃទីផ្សារអន្តរជាតិ អាចបង្កើតរបកគំហើញក្នុងកំណើនឧស្សាហកម្មនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ លោកបណ្ឌិត Nguyen Quoc Viet អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) នៃមហាវិទ្យាល័យសេដ្ឋកិច្ច សកលវិទ្យាល័យជាតិហាណូយ បានឲ្យដឹងថា នៅឆ្នាំ២០២៥ មានហានិភ័យជាច្រើនសម្រាប់កំណើន ដូចជា ជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម ការបង្កើនគោលនយោបាយការពារពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យាដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកបែកបាក់... ទោះជាយ៉ាងណា វៀតណាមក៏អាចមើលឃើញឱកាសក្នុងបញ្ហាប្រឈម សម្របខ្លួនយ៉ាងសកម្មជាមួយនឹងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ ឆក់យកឱកាសពីទីផ្សារ ពីនោះ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។
ស្តីអំពីទិសដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ គឺលើសពី ៨% លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានចាត់ទុកថា វៀតណាមមានមូលដ្ឋានដើម្បីដាក់គោលដៅនេះ ដោយសារនេះជាការទទួលបន្តនៃសន្ទុះកំណើនពីឆ្នាំ២០២៤។ ព្រមទាំងមានកត្តាថ្មីៗជាច្រើនដោយមានការផ្លាស់ប្តូរជាមូលដ្ឋាន ជាពិសេសរដ្ឋសភាបានអនុម័តលើច្បាប់ជាច្រើន។ ច្បាប់ទាំងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលុបបំបាត់ការស្ទះ និងឧបសគ្គ និងជំរុញកំណើនតាមរយៈការដោះលែងធនធានដែលបានកកស្ទះជាយូរមកហើយ។ លោក Tran Quoc Phuong ចាត់ទុកថា “យើងមិនពិភាក្សាអំពីបញ្ហាច្រើនពេក ឬមិនច្រើនពេកទេ ប៉ុន្តែនៅពេលកំណត់ យើងត្រូវតាំងចិត្តធ្វើវា”៕
បកប្រែដោយ Thuy Anh