ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mishustin បានធ្វើឡើងមុនព្រឹត្ដិការណ៍អបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត​ណាម និងរុស្ស៊ី (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥)។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងរុស្ស៊ីត្រូវបានពង្រឹងឥតឈប់ឈរ។

បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព ស្អិតរមួត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែល​អតីតសហភាពសូវៀតកាលពីមុន (សហព័ន្ធរុស្ស៊ីសព្វថ្ងៃនេះ) បានផ្តល់ជូនវៀតណាម។ វៀតណាមកំណត់ថា ទំនាក់ទំនងជាមួយរុស្ស៊ីមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងចាត់ទុករុស្ស៊ីជាដៃគូនាំមុខគេក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ផ្ទុយទៅវិញ រុស្ស៊ីចាត់ទុកវៀតណាមជាដៃគូគួរឲ្យទុកចិត្ត និងជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

leftcenterrightdel
លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី 

ការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងសកម្មក្នុងឆ្នាំ ២០២៤ ដោយបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ទៅកាន់ប្រទេសវៀតណាមក្នុងខែមិថុនា ឆ្នាំ ២០២៤ ភាគីទាំងពីរបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាមជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី កាលពីខែសីហា ឆ្នាំ ២០២៤; ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនៅប្រទេសរុស្ស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៤ និងការពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានាធិបតី Putin ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំ BRICS នៅទីក្រុង Kazan (រុស្ស៊ី) នៅខែតុលា ឆ្នាំ២០២៤ មក ភាគីទាំងពីរបានបន្តអះអាងនូវទំនុកចិត្ដខាងនយោបាយ និងការផ្លាស់ប្តូរលើទិសដៅ និងវិស័យជាក់លាក់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលបច្ចុប្បន្ន។ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិ និងវេទិកាពហុភាគីដែលមានទស្សនៈស្រដៀងគ្នាលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើន។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងងើបឡើងវិញជាបណ្តើរៗ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣,៦៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ក្នុងរយៈពេល ១១  ខែនៃឆ្នាំ ២០២៤ សម្រេចបាន ៤,១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ការនាំចេញឈានដល់ ២,១ ពាន់លានដុល្លារ (កើនឡើង ៣៥.៧%) និងការនាំចូលឈានដល់ ២ ពាន់លានដុល្លារ (កើនឡើង ២៩.២%) ។ មុខទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់រុស្ស៊ីរួមមាន៖ ទូរស័ព្ទ គ្រឿងអេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង កសិកម្ម ជលផល និងគ្រឿងសមុទ្រគ្រប់ប្រភេទ...; មុខទំនិញនាំចូលសំខាន់ៗរួមមាន៖ ធ្យូងថ្ម ស្រូវសាលី ដែកថែប ជី រថយន្ដ គ្រឿងចក្រ បរិក្ខារគ្រប់ប្រភេទ... អំពីការវិនិយោគ គិតដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២៤ បច្ចុប្បន្នរុស្ស៊ី មានគម្រោងវិនិយោគចំនួន ១៩៩ នៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ៩៩០ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១៤៧ ដែលវិនិយោគនៅវៀតណាម និងបានដំណើរការក្នុង ២១ មូលដ្ឋានក្នុងចំណោម ៦៣ មូលដ្ឋាន។ វៀតណាមមានគម្រោងវិនិយោគចំនួន ១៦ នៅប្រទេសរុស្ស៊ីដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១.៦ ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៨១ ដែលវៀតណាមបានវិនិយោគនៅរុស្ស៊ី។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាបន្តបានរក្សាក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសហប្រតិបត្តិការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសទាំងពីរបានអនុវត្តគម្រោងស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាជាច្រើន។ កិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចនៅវៀតណាមបាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។ បច្ចុប្បន្នភាគីទាំងពីរកំពុងអនុវត្តគម្រោងលើមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ។

កិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍បានអនុវត្តយ៉ាងសកម្មនិងរៀបចំប្រចាំឆ្នាំ និងប្ដូរវេននៃទិវាវប្បធម៌នៅវៀតណាម និងរុស្ស៊ី រួមចំណែកបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនៅមូលដ្ឋាននានាបន្តបានរក្សា និងពង្រឹងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។

ដោយផ្អែកលើសមិទ្ធិផលនានា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mishustin នៅវៀតណាមលើកនេះ ក្នុងគោលបំណងជំរុញការអនុវត្តទិសដៅសំខាន់ៗដែលបានពិភាក្សា និងឯកភាពគ្នាមុននោះដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ដាក់វិធានការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល បង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី; ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការរក្សា និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់វៀតណាមអះអាងនូវគោលនយោបាយការបរទេសជាប់លាប់នៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងការបរទេស ដោយផ្តល់អាទិភាពដល់ប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mishustin នឹងទទួលបានជោគជ័យ រួមចំណែកធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដើម្បីគោលបំណងអភិវឌ្ឍន៍ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក៕

បកប្រែដោយ Pham Diep