វៀតណាម និងគុយបា រឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ
កប.អនឡាញ - នាថ្ងៃទី ១១ មករា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ និងខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋគុយបា (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៥៩) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមកជូនពរស្ថានបេសកកម្មគុយបា និងពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Ernesto Guzmán ប្រធានស្ថានបេសកកម្មគុយបា ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីរបស់គុយបានៅលើឆាកអន្តរជាតិ និងនៅអង្គការសហប្រជាជាតិ ដោយជឿជាក់ថា ប្រជាជនគុយបានឹងជំនះពុះពារការលំបាកដែលបណ្តាលឡើងមកពីការហ៊ុមព័ទ្ធដោយអយុត្តិធម៌ ហើយបន្តការពារប្រទេសយ៉ាងរឹងមាំនូវស្នាដៃបដិវត្តន៍ និងសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងនូវការរីករាយដោយឃើញថាទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងដោយឥតឈប់ឈរ។ លោកបានស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាពិសេសលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់គុយបានៅខែកញ្ញា ឆ្នាំ ២០២៤។ ក្នុងស្មារតីនោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការគួរឱ្យទុកចិត្ត តែងតែត្រៀមខ្លួនជាស្រេចគាំទ្រ និងជួយគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។
|
|
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ទទួលជួបលោកឯកអគ្គរដ្ឋទូត Ernesto Guzmán (រូបថត៖ vnanet.vn) |
រីឯលោកឯកអគ្គរដ្ឋទូត Ernesto Guzmán បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះមនោសញ្ចេតនាស្មោះត្រង់ និងការគាំទ្រដ៏មានតម្លៃដែលវៀតណាមជូនសម្រាប់គុយបាក្នុងប៉ុន្មានឆ្នាំកន្លងមក រួមទាំងសកម្មភាពជាក់ស្តែងដើម្បីជួយប្រជាជនគុយបាជម្នះពុះពារផលវិបាកដោយសារខ្យល់ព្យុះ Oscar កាលពីខែតុលា ឆ្នាំ២០២៤។ ដោយរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Guzmán បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេស និងប្រជាជនវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ។
ក្នុងបរិយាកាសពោរពេញទៅដោយចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងគុយបា ឯកអគ្គរដ្ឋទូតទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មទាំងពីរនៅទីក្រុងញូវយ៉ក សម្របសម្រួលជំរុញពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ និងក្រុម G7៕
បកប្រែដោយ Thanh Cong