ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ
កប.អនឡាញ - នាថ្ងៃទី ១២ មករា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលឡាវ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងក្រសួងនគរបាលនៃប្រទេសទាំងពីរ ដោយអះអាងថា នេះគឺជាសសរស្តម្ភមួយក្នុងទំនាក់ទំនងវៀតណាម-ឡាវ។
លោកអគ្គលេខាបក្ស To Lam បានស្នើថា នាពេលខាងមុខ ក្រសួងនគរបាលនៃប្រទេសទាំងពីរ បន្តគាំទ្រ និងជួយគ្នាទៅវិញទៅមក បង្កើនការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ការងារ ក្តាប់ជាប់ស្ថានការណ៍ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើបំផ្លិចបំផ្លាញ; សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលដោយសន្តិភាវូបនីយកម្មការផ្តួលរំលំដោយហិង្សា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ភាគីទាំងពីរប្តេជ្ញាចិត្ត និងតស៊ូមិនអនុញ្ញាតឱ្យកងកម្លាំងអរិភាព ទាញយកផលប្រយោជន៍ពីទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញប្រទេសមួយទៀត។
|
|
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកនាយឧត្តមសេនីយ៍ Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ (រូបថត៖ vnanet.vn) |
រីឯលោក Vilay Lakhamphong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងជំនួយដ៏ធំធេងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលវៀតណាមបានផ្តល់ជូនប្រទេសឡាវកាលពីមុនមកទល់បច្ចុប្បន្ននេះ រួមទាំងការជួយឡាវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាត AIPA កាលពីឆ្នាំមុន។ លោកបានអះអាងថា ក្រសួងនគរបាលឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលវៀតណាមក្នុងការការពារសន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងគ្រប់កាលៈទេសៈ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម៕
បកប្រែដោយ Huyen Trang