វៀតណាមស្នើឱ្យសហរដ្ឋអាមេរិក ទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនាពេលឆាប់ៗ
កប.អនឡាញ - នាថ្ងៃទី ៣ ខែសីហា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រសួងពាណិជ្ជកម្មអាមេរិកបន្តកំណត់ថាវៀតណាមជាសេដ្ឋកិច្ចមិនមែនទីផ្សារ។
លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ “យើងខ្ញុំមានការសោកស្តាយណាស់ចំពោះការដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បន្តកំណត់វៀតណាមជាសេដ្ឋកិច្ចមិនមែនទីផ្សារ។ ទោះបីជាមានការទទួលស្គាល់ការផ្លាស់ប្តូរជាវិជ្ជមានជាច្រើននៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលកន្លងមកក៏ដោយ ប៉ុន្តែការសម្រេចចិត្តនេះមិនឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ធំធេងរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិទេ។
|
|
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ក្នុងរយៈពេលកន្លងមក បណ្តាទីភ្នាក់ងារ និងសហគ្រាសវៀតណាមបានសហការយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីផ្តល់អំណះអំណាងដ៏គួរឱ្យជឿជាក់ជាច្រើនដែលបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមបានបំពេញយ៉ាងពេញលេញនូវលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ចទីផ្សារទាំង ៦ ស្របតាមច្បាប់សហរដ្ឋអាមេរិក។ ប្រការនេះក៏ត្រូវបានគាំទ្រដោយសមាគម អង្គភាពអាជីវកម្ម និងអ្នកជំនាញការជាច្រើនរបស់សហរដ្ឋអាមេរិក និងអន្តរជាតិផងដែរ។ ជាក់ស្តែង មកទល់បច្ចុប្បន្ននេះ ប្រទេសចំនួន ៧២ បានទទួលស្គាល់វៀតណាមមានសេដ្ឋកិច្ចទីផ្សារ។ អង្គការអន្តរជាតិបានទទួលស្គាល់ការវិវឌ្ឍគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រកបដោយគុណភាពខ្ពស់ជាច្រើន។
ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមស្នើឱ្យសហរដ្ឋអាមេរិក បន្តអនុវត្តកិច្ចសន្យាក្នុងការសម្របសម្រួលយ៉ាងទូលំទូលាយ រឹងមាំ ស្ថាបនា និងឆ្ពោះទៅរកការទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនាពេលឆាប់ៗ។ ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូអាមេរិក ដើម្បីធានាថាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខដុមរមនា នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ”៕
បកប្រែដោយ Huyen Trang