នៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូខេត្ត Tay Ninh ដឹកនាំដោយលោក Doan Trung Kien សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា លើកទី១៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏សំខាន់មួយ ដែលខេត្ត Tay Ninh បន្តបង្ហាញពីតួនាទីឈានមុខគេរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ពង្រីកការតភ្ជាប់ និងកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។
    |
 |
|
លោក Doan Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ nhandan.vn) |
កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមសហអធិបតីភាពរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម។ នៅកិច្ចប្រជុំ សុន្ទរកថារបស់លោក Doan Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានទាក់ទាញការចាប់អារម្មណ៍ជាច្រើន ដោយលើកឡើងដំណោះស្រាយសំខាន់ៗជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត Tay Ninh និងបណ្តាខេត្តជាប់ព្រំដែនរបស់កម្ពុជា។
លោក Doan Trung Kien បានបញ្ជាក់ថា ការអភិវឌ្ឍតំបន់ព្រំដែនសម្រាប់ខេត្ត Tay Ninh មិនត្រឹមតែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកិច្ចការនយោបាយទៀតផង ដើម្បីពង្រឹងព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។ ដោយមានទីតាំងយុទ្ធសាស្ត្រនៅលើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ខេត្ត Tay Ninh ត្រូវបានចាត់ទុកថាជាច្រកទ្វារសម្រាប់ពាណិជ្ជកម្មរវាងវៀតណាម កម្ពុជា និងបណ្តាប្រទេសអាស៊ាន។ ខ្សែព្រំដែនដែលមានប្រវែងជិត ៣៦៩ គីឡូម៉ែត្រ ជាមួយនឹងប្រព័ន្ធច្រកទ្វារព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និង logistics ដែលបានអភិវឌ្ឍ បានធ្វើឱ្យខេត្តក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់លំហូរវិនិយោគ និងពាណិជ្ជកម្ម។
    |
 |
|
គណៈប្រតិភូខេត្ត Tay Ninh ថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ nhandan.vn) |
លោក Doan Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានមានប្រសាសន៍ថា សេដ្ឋកិច្ចខេត្តកំពុងរក្សាបាននូវសន្ទុះកំណើនដ៏គួរឱ្យចាប់អារម្មណ៍ ដោយមាន GRDP សម្រេចបាន ៩.៥២% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់អាគ្នេយ៍។ ខេត្ត Tay Ninh បានទាក់ទាញគម្រោង FDI ចំនួន ១,៩៥២ ដែលមានដើមទុនសរុបជាង ២៤.៥ ពាន់លានដុល្លារអាមេរិក ចំណូលថវិកាលើសពីការប៉ាន់ស្មាន ១២៤%។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ខេត្ត Tay Ninh តែងតែជាតំបន់ឈានមុខគេក្នុងការបង្កើត និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំរបស់កម្ពុជា។ ខេត្ត Tay Ninh បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចំនួន ៣ និងបទប្បញ្ញត្តិសម្របសម្រួលចំនួន ៣៦ រវាងមន្ទីរ និងស្ថាប័នានា។ វិស័យសហប្រតិបត្តិការគ្របដណ្តប់ពីពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល រហូតដល់វប្បធម៌ និងសន្តិសុខព្រំដែន។ ចាប់តាំងពីដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចូល-នាំចេញរវាងខេត្ត Tay Ninh និងកម្ពុជាសម្រេចបាន ២.៧៤ ពាន់លានដុល្លារអាមេរិក - តួលេខដែលបង្ហាញពីភាពស្វាហាប់ និងប្រសិទ្ធភាពនៃសកម្មភាពពាណិជ្ជកម្ម។
ចំណុចសំខាន់ៗមួយគឺការរៀបចំផែនការនៃតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលសេវាកម្ម និងពាណិជ្ជកម្មទំនើបនៃតំបន់។ ជាមួយគ្នានេះ ការរៀបចំ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរប្រកបដោយជោគជ័យនៅខេត្ត Tay Ninh បានរួមចំណែកបង្កើនទំនុកចិត្ត និងរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។
ខេត្ត Tay Ninh ក៏កំពុងអនុវត្តយ៉ាងសកម្មនូវការបើកច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam-ម៉ឺនជ័យ នៅថ្ងៃទី ៥ ខែធ្នូ ដោយបើកលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូន-ពាណិជ្ជកម្ម-ទេសចរណ៍រវាងភាគីទាំងពីរ។ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងកីឡា និងចងមេត្រីភាពរវាងទីប្រជុំជននៅសងខាងព្រំដែននៅតែបន្តរក្សា រួមចំណែកដល់ការកសាងសហគមន៍ជិតស្និទ្ធ និងតំបន់ព្រំដែនប្រកបដោយស្ថិរភាព។
ការងារសម្របសម្រួលដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ព្រំដែនរវាងខេត្ត Tay Ninh និងមូលដ្ឋាននានារបស់កម្ពុជាត្រូវបានអនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព។ ករណីរត់ពន្ធ និងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនត្រូវបានរកឃើញ និងដោះស្រាយយ៉ាងឆាប់រហ័ស។ ជាពិសេស បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជាត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធដោយភាគីទាំងពីរ ដោយមានអដ្ឋិធាតុចំនួន ៨,៦២៧ អដ្ឋិធាតុត្រូវបានប្រមូលរហូតមកដល់បច្ចុប្បន្ន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក Doan Trung Kien បានអះអាងថា ខេត្ត Tay Ninh សន្យារួមដំណើរជាមួយខេត្តជិតខាងកម្ពុជាក្នុងការកសាងតំបន់ព្រំដែនអភិវឌ្ឍប្រកបដោយចីរភាព៖ «ខេត្ត Tay Ninh នឹងបន្តពង្រឹងសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីឲ្យព្រំដែនវៀតណាម-កម្ពុជា ពិតជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍដ៏រុងរឿង»។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោក Doan Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ក៏បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) វៀតណាម-កម្ពុជា ផងដែរ។ ក្នុងឱកាសនេះ គណៈប្រតិភូបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន៖ ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន ការតម្លើងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន យន្តការសម្របសម្រួលការគ្រប់គ្រងព្រំដែន និងការពន្លឿនវឌ្ឍនភាពនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។
គួរបញ្ជាក់ថា មុននោះ គណៈប្រតិភូខេត្ត Tay Ninh បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ លោក Doan Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានជម្រាបជូនអំពីការផ្លាស់ប្តូរសំខាន់ៗរបស់ខេត្តបន្ទាប់ពីការបញ្ចូលគ្នារវាងខេត្ត Tay Ninh និង Long An ចាប់ពីទំហំសេដ្ឋកិច្ច ចំនួនប្រជាជន រហូតដល់សក្តានុពលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយកម្ពុជា។ ថ្នាក់ដឹកនាំស្ថានទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ខេត្ត Tay Ninh ព្រមទាំងអះអាងថា នឹងបន្តគាំទ្រខេត្តក្នុងការជំរុញកម្មវិធីសហប្រតិបត្តិការ និងអភិវឌ្ឍន៍តំបន់ព្រំដែន។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត Tay Ninh មកកាន់ប្រទេសកម្ពុជាលើកនេះ មិនត្រឹមតែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតួនាទីឈានមុខគេរបស់ខេត្ត Tay Ninh ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែនភាគខាងត្បូងទៀតផង។ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រ គម្រោងតភ្ជាប់ និងកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំដែលកំពុងត្រូវបានអនុវត្ត ខេត្ត Tay Ninh បន្តពង្រឹងកិត្យានុភាពរបស់ខ្លួនជាមជ្ឈមណ្ឌល ស្វាហាប់ដែលជា «តំណភ្ជាប់» ដ៏សំខាន់មួយនៅក្នុងច្រករបៀងអភិវឌ្ឍន៍វៀតណាម-កម្ពុជា៕
បកប្រែដោយ Huyen Trang