ខេត្ត Kien Giang ពង្រឹងមិត្តភាពជាមួយខេត្តកែប
កប.អនឡាញ - នាថ្ងៃទី ១៣ ខែវិច្ឆិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang បានទទួលគណៈប្រតិភូនៃគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ដែលបំពេញទស្សនកិច្ច និងអបអរសាទរខួបលើកទី៩៤ នៃទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤)។
ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ លោក សោម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកែប អភិបាលខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប បានឲ្យដឹងថា ប្រទេសទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជាខេត្តទាំងពីរ គឺខេត្តកែប និងខេត្ត Kien Giang តែងតែជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើននៃភាគីទាំងពីរ។ ការតភ្ជាប់អភិវឌ្ឍន៍ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាងខេត្តកែប និងខេត្ត Kien Giang កាន់តែមានភាពល្អប្រសើរឡើង។
លោក សោម ពិសិដ្ឋ បានអបអរសាទរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang ក្នុងឱកាសរំលឹកខួបលើកទី៩៤ នៃទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម ហើយជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន។
|
|
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang ទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប (រូបថត៖ daidoanket.vn) |
ថ្លែងមតិក្នុងជំនួប លោក Le Thanh Viet ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang បានឲ្យដឹងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងចំនួនពីរ ដែលមានព្រំដែនគោករួម និងតំបន់សមុទ្រជាប់គ្នា។ ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី និងយូរអង្វែង។ ខេត្ត Kien Giang និងខេត្តកែប គឺជាខេត្តជិតខាងពីរ ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ ប្រជាជននៃខេត្តទាំងពីរតែងតែរក្សានូវចំណងមិត្តភាពជាប្រពៃណី ដើម្បីបំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃខេត្តទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
នៅក្នុងបរិយាកាសនៃសាមគ្គីភាព និងមិត្តភាព តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang លោក Le Thanh Viet បានជូនពរចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម រវាងខេត្ត Kien Giang និងខេត្តកែប ដូចជាទឹកទន្លេមេគង្គ មិនរីងស្ងួត រួមចំណែករក្សាប្រពៃណី សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh