ជំរុញការតភ្ជាប់ និងពាណិជ្ជកម្ម វៀតណាម-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានបើកជាផ្លូវការផ្លូវហោះហើរត្រង់ពីរដ្ឋធានីហាណូយ ទៅកាន់រាជធានីភ្នំពេញ និងក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ដែលមានផ្លូវហោះហើរនេះ រួមចំណែកជម្រុញការតភ្ជាប់ និងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ។
ថ្លែងមតិក្នុងពិធីបើកផ្លូវហោះហើរត្រង់ ហាណូយ-ភ្នំពេញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកម្ពុជា។ ផ្លូវហោះហើរត្រង់ហាណូយ-ភ្នំពេញ ត្រូវបានបើកជាផ្លូវការ រួមចំណែកកាត់បន្ថយពេលវេលាធ្វើដំណើររវាងរដ្ឋធានីនៃប្រទេសទាំងពីរ នាំប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា និងបង្ហាញពីទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
យោងតាមលោក Nguyen Huy Tang បន្ទាប់ពីត្រៀមរៀបចំអស់រយៈពេលជាង ៤ ខែ ផ្លូវហោះហើរត្រង់រវាងរដ្ឋធានីនៃប្រទេសទាំងពីរមានជើងហោះហើរចំនួន ៤ ក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ផ្លូវហោះហើរថ្មីនេះនឹងបង្កើនចំនួនជើងហោះហើរសរុបរវាងវៀតណាម និងកម្ពុជារបស់ក្រុមហ៊ុន Vietnam Airlines ឡើង ៥ ចាប់ពីចុងខែតុលា ឆ្នាំ២០២៤ ហើយចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៨៦ ក្នុងមួយសប្តាហ៍ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបណ្តាញតភ្ជាប់រវាងប្រទេសទាំងពីរ។
|
|
ប្រតិភូកាត់ខ្សែបូបើកសម្ពោធផ្លូវហោះហើរត្រង់ហាណូយ-ភ្នំពេញ (រូបថត៖ vnanet.vn) |
លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា ការបើកផ្លូវហោះហើរត្រង់ហាណូយ-ភ្នំពេញនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ រួមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរផ្លាស់ប្តូរ សួរសុខទុក្ខសាច់ញាតិ ធ្វើដំណើរទេសចរណ៍ រួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញការវិនិយោគពាណិជ្ជកម្មតាមរយៈការកាត់បន្ថយពេលវេលា និងការការចំណាយលើការធ្វើដំណើរ ព្រមទាំង ការលើកកំពស់តួនាទីនៃវិស័យទេសចរណ៍ ផ្លូវហោះហើរត្រង់នឹងរួមចំណែកក្នុងការធ្វើពិពិធកម្មនូវផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរ ជាពិសេសមកពីបណ្តាប្រទេសនៅអឺរ៉ុប អាស៊ីឦសាន និងអាមេរិក មជ្ឈិមបូព៌ា... មកវៀតណាម និងកម្ពុជា។
លោក Nguyen Huy Tang ក៏ជឿជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ ផ្លូវហោះហើរត្រង់ហាណូយ-ភ្នំពេញ នឹងកាន់តែអភិវឌ្ឍ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន។
ថ្លែងក្នុងពិធីនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្តែងនូវជំនឿថា ការបើកជើងហោះហើរត្រង់ចាប់ពីថ្ងៃទី ២៧ ខែតុលា នឹងរួមចំណែកបង្កើតលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។ ផ្លូវហោះហើរត្រង់នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជករ និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍកញ្ចប់ទេសចរណ៍រវាងវៀតណាមនិងកម្ពុជា។ ទន្ទឹមនឹងនោះ ការបើកជើងហោះហើរត្រង់នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យរបស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
បន្ទាប់ពីពិធីបើក ជើងហោះហើរលេខ VN923 ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅម៉ោង ៥៖១០ នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ៧៖០៥ នាទីយប់ថ្ងៃដដែល។ ពេលវេលាហោះហើរគឺត្រឹមតែ ១ ម៉ោង ៥៥ នាទីប៉ុណ្ណោះ៕
បកប្រែដោយ Thuy Anh