បើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅទីស្នាក់ការតុលាការកំពូលនៅរដ្ឋធានីលីម៉ា លោកប្រធានរដ្ឋ Luong Cuong បានជួបសម្តែងការគួរសមជាមួយលោក Javier Arévalo Vela ប្រធានតុលាការកំពូលនៃប្រទេសប៉េរូ។

លោកប្រធានរដ្ឋ Luong Cuong សម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងលើគ្រប់វិស័យវៀតណាម-ប៉េរូ ក្នុងរយៈពេលកន្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលបង្ហាញឱ្យឃើញថា ប៉េរូបច្ចុប្បន្ននេះជាដៃគូវិនិយោគធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីន ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មលេខ ១ របស់ប៉េរូនៅអាស៊ាន។ លោកប្រធានរដ្ឋ Luong Cuong បានជម្រាបជូនប្រធានតុលាការកំពូលថា ក្នុងដំណើរទស្សនៈកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោយហេតុនោះ បង្កើតនូវសន្ទុះដ៏សំខាន់ដើម្បីតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតថ្មីមួយ នាពេលខាងមុខ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសម្តែងការគួរសមជាមួយលោក Javier Arévalo Vela ប្រធានតុលាការកំពូលនៃប្រទេសប៉េរូ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា នាពេលខាងមុខ វិស័យតុលាការវៀតណាម និងប៉េរូនឹងមានសកម្មភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគណៈប្រតិភូកាន់តែច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។ លើសពីនេះ លោកប្រធានរដ្ឋ Luong Cuong ក៏បានសម្តែងនូវគោលបំណងដែរថា វិស័យយុត្តិធម៌ប៉េរូនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម បង្កើនការវិនិយោគនៅប៉េរូ ក៏ដូចជាស្នើឱ្យវិស័យយុត្តិធម៌នៃប្រទេសទាំងពីរជំរុញការសម្របសម្រួលក្នុងវេទិកាយុត្តិធម៌អន្តរតំបន់ និងអន្តរជាតិ។

លោកប្រធានតុលាការកំពូលនៃប្រទេសប៉េរូបានអះអាងថា ប្រទេសប៉េរូនិយាយរួម និងវិស័យយុត្តិធម៌របស់ប្រទេសនេះនិយាយដោយឡែក ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពជាមួយវៀតណាម។ លោកប្រធានតុលាការកំពូលនៃប្រទេសប៉េរូបានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកប្រធានរដ្ឋវៀតណាមអំពីសក្ដានុពល និងភាពចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ ព្រមទាំងស្នើឱ្យតុលាការវៀតណាម និងប៉េរូ ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនាពេលឆាប់ៗ ដើម្បីតម្រង់ទិសសម្រាប់សកម្មភាពសហប្រតិបត្តិការជាក់លាក់ក្នុងវិស័យនេះ។ លោកប្រធានតុលាការកំពូលនៃប្រទេសប៉េរូបានអះអាងថា អង្គភាពអាជីវកម្មវៀតណាមដែលវិនិយោគនៅប៉េរូនឹងតែងតែត្រូវបានការពារដោយច្បាប់ប៉េរូ ហើយសង្កត់ធ្ងន់ថា វៀតណាម និងប៉េរូគឺជាប្រទេសទាំងពីរគោរពច្បាប់ អាស្រ័យហេតុនេះ សក្តានុពលសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរនៅមានច្រើនណាស់។

ភាគីទាំងពីរបានសម្តែងនូវការជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងវៀតណាម-ប៉េរូ និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរនិយាយដោយឡែក នឹងឈានចូលទំព័រថ្មី ដ៏ល្អប្រសើរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ និងតំបន់ទាំងពីរ។

Viettel Peru - ចំណុចភ្លឺនៃសកម្មភាពសហប្រតិបត្តិការវិនិយោគនៅបរទេស

គួរបញ្ជាក់ថា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Viettel Peru (Bitel) ចំណុះសាជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel)។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Viettel Peru

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Viettel Peru ដែលមានម៉ាកយីហោ Bitel បានចូលដំណើរការអាជីវកម្មក្នុងឆ្នាំ ២០១៤ ជាមួយនឹងដើមទុន ១០០% របស់ Viettel។ បច្ចុប្បន្ន Bitel គឺជាប្រតិបត្តិករបណ្តាញដែលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបណ្តាញធំបំផុតនៅក្នុងប្រទេសប៉េរូ និងមានប្រព័ន្ធបណ្តាញចែកចាយទូទាំងប្រទេសជាមួយនឹងការិយាល័យនៅគ្រប់រដ្ឋនៃប្រទេសប៉េរូ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Viettel Peru

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ Luong Cuong បានចាត់ទុកថា ជោគជ័យរបស់ Bitel បង្ហាញថា សក្ដានុពល និងបញ្ញារបស់វៀតណាមអាចឈានទៅដល់ពិភពលោក ប្រកួតប្រជែងស្មើភាពគ្នាក្នុងទីផ្សារអន្តរជាតិ។

ដើម្បីឱ្យក្រុមហ៊ុន Bitel រក្សាបាននូវជោគជ័យរបស់ខ្លួន និងបន្តរីកចម្រើនកាន់តែរឹងមាំ លោកប្រធានរដ្ឋបានស្នើឱ្យក្រុមហ៊ុន Bitel បន្តរក្សានូវសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងឱ្យបានខ្ពស់; យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់និយោជិត ដើម្បីលើកកម្ពស់ធនធានមនុស្សផ្ទៃក្នុង ដែលជាមូលដ្ឋានសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រគល់ប័ណ្ណសរសើររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុន Viettel Peru

ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋបានចាត់ទុកថា Bitel ត្រូវតែដឹងថា ក្រៅពីបេសកកម្មអាជីវកម្មរបស់ខ្លួន វាក៏ជា “ស្ពាន” សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងប៉េរូ ដែលជាដៃគូសំខាន់របស់វៀតណាមក្នុងបណ្តាប្រទេសជាសមាជិក APEC។ លោកប្រធានរដ្ឋ Luong Cuong បានស្នើថា៖ Bitel បន្តលើកកម្ពស់សមិទ្ធិផលរបស់ខ្លួន កែលម្អគុណភាពសេវាកម្មដោយឥតឈប់ឈរ និងរក្សាការជឿទុកចិត្តរបស់ប្រជាជនប៉េរូ។ នេះមិនត្រឹមតែជាបេសកកម្មអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវចំពោះសហគមន៍មូលដ្ឋាន ជាពិសេស ត្រូវគោរពច្បាប់ និងទទួលបានទំនុកចិត្តពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងប្រទេសប៉េរូ។ ទន្ទឹមនឹងនោះ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងកងទ័ពប្រជាជនវៀតណាម។ Bitel ត្រូវអនុវត្តការប្រកួតប្រជែងស្របច្បាប់”។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្ស​យោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានប្រគល់ប័ណ្ណសរសើររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុន Viettel Peru៕

បកប្រែដោយ Huyen Trang