នោះគឺជាការអះអាងរបស់លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងដំណើរទស្សនកិច្ចនៅអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣)។

ក្នុងនាមថ្នាក់ដឹកនាំក្រុង លោក Vo Van Hoan បានអបអរសាទរចំពោះសមិទ្ធផលដែលប្រទេសកម្ពុជាទទួលបានក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី  និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកជឿជាក់ថាប្រទេស និងប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលកាន់តែច្រើនថែមទៀត កសាងប្រទេសកម្ពុជាឲ្យកាន់តែអភិវឌ្ឍ និងវិបុលភាព។

leftcenterrightdel
លោក Vo Van Hoan ជូនពរលោកច័ន្ទ សូរ្យកាន្ត (រូបថត៖ vnanet.vn)

យោងតាមលោក Vo Van Hoan ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តទស្សនៈរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសទាំងពីរស្តីពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ទីក្រុងហូជីមិញបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋានកម្ពុជា ជំរុញគម្រោងសហប្រតិបត្តិការជាក់ស្ដែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ពូនជ្រំទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

លោក ច័ន្ទ សូរ្យកាន្ត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ និងប្រជាជនទីក្រុង ហើយបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម គឺជាទំនាក់ទំនងប្រពៃណី មិត្តភាពសដ៏ល្អរវាងប្រទេសជិតខាងទាំងពីរ ដែលកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍ។

លោក ច័ន្ទ សូរ្យកាន្ត បានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងមូលដ្ឋាននៅតំបន់ភាគខាងត្បូងរបស់វៀតណាម ជាពិសេសទីក្រុងហូជីមិញ ឲ្យកាន់តែមានភាពជាក់ស្តែង និងសប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ ចូលរួមចំណែកជម្រុញឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា កាន់តែអភិវឌ្ឍ៕

បកប្រែដោយ Thanh Cong