សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្ត Soc Trang និងខេត្ត Dong Thap
កប.អនឡាញ - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទើបនឹងចេញសេចក្តីសម្រេចចិត្តលេខ ៣២២៨/QD-BVHTTDL ស្តីពីការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែធ្នូ នៅខេត្ត Soc Trang និងខេត្ត Dong Thap ភាគខាងត្បូងវៀតណាម។ ក្នុងនោះ ពិធីបើកនឹងប្រព្រឹត្តទៅនៅខេត្ត Soc Trang។
វៀតណាមនិងកម្ពុជាមានទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ។ បន្ទាប់ពីរយៈពេល ៥៦ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលាយ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ-សេដ្ឋកិច្ច-វប្បធម៌-អប់រំ... នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
    |
 |
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ (រូបថត៖ baovanhoa.vn) |
កម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរត្រូវបានរៀបចំជាទៀងទាត់ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃសហគមន៍អាស៊ាន។ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរកាន់តែមានសារៈសំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមបន្តជាព្រឹត្តិការណ៍ដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” រវាងប្រទេសទាំងពីរ។
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ ត្រូវបានធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន នៅទីក្រុងហូជីមិញ និងខេត្ត Tra Vinh៕
បកប្រែដោយ Thuy Anh