ពីស្រុកមេមត់ ទៅដល់ស្រុកឡុកនិញ - ខ្សែផ្លូវប្រវត្តិសាស្ត្រ

ក្នុងឱកាសអញ្ជើញចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៤០ នៃ“ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (២០ មិថុនា ឆ្នាំ១៩៧៧ - ២០ មិថុនា ឆ្នាំ២០១៧) ហើយត្រឡប់ទៅផ្លូវចាស់ដែលកាលនោះ សម្តេចតេជោ ហ៊ុន សែន និងមិត្តរួមដំណើរបានធ្វើដំណើរពីប្រទេសកម្ពុជាឆ្លងកាត់ព្រៃចូលមកប្រទេសវៀតណាម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំមិនបោះបង់ចោលមាតុភូមិទេ ខ្ញុំមិនរត់គេចខ្លួនដើម្បីស្វែងរកជីវិតដែលល្អប្រសើរជាងនោះទេ។ អ្វីៗទាំងអស់នោះ គឺវាជាការរៀបចំទុកជាមុន ខ្ញុំតាំងចិត្តថាទៅទោះបីជាវាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ខ្ញុំក៏មិនបានខ្វល់ខ្វាយពីជីវិតរបស់ខ្លួនខ្ញុំទេ។ ខ្ញុំមានបំណងប្រាថ្នាតែមួយគត់នោះគឺចង់ជូនដំណឹងដល់ថ្នាក់ដឹកនាំវៀតណាម ឱ្យជ្រាបអំពីស្ថានការណ៍ដ៏លំបាកនៅកម្ពុជា ហើយស្នើសុំឱ្យជួយរំដោះប្រជាជនកម្ពុជា ឬយ៉ាងហោចណាស់ក៏កុំបង្ខំពលរដ្ឋខ្មែរដែលបានភៀសខ្លួនទៅប្រទេសវៀតណាម ឱ្យត្រឡប់មកទទួលការសម្លាប់ដោយ ប៉ុល ពត...”។

leftcenterrightdel
ក្នុងឱកាសអញ្ជើញចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៤០ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (២០ មិថុនា ឆ្នាំ១៩៧៧ - ២០ មិថុនា ឆ្នាំ២០១៧) ហើយត្រឡប់ទៅផ្លូវចាស់ដែលកាលនោះ សម្តេចតេជោ ហ៊ុន សែន និងមិត្តរួមកងបានធ្វើដំណើរពីប្រទេសកម្ពុជាឆ្លងកាត់ព្រៃចូលប្រទេសវៀតណាម

នៅវេលាម៉ោង ២១ : ០០ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅទីបញ្ជាការកងវរសេនាធំថ្មើរជើងនៃតំបន់២១ យោធភូមិភាគបូព៌ា (មូលដ្ឋានកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម) លោក ហ៊ុន សែន បានចាកចេញទាំងទឹកភ្នែក និងការឈឺចាប់ដោយចោលទឹកដីកំណើត ចោលប្រពន្ធជាទីស្រឡាញ់ដែលមានផ្ទៃពោះ ៥ ខែ។

លោកចាប់ផ្តើមដំណើរបដិវត្តន៍ដើម្បីផ្លាស់ប្តូរជីវិតខ្លួនឯង និងជោគវាសនាប្រទេសជាតិ និយាយម្យ៉ាងគឺលោកបានយកជីវិតធ្វើជាដើមទុនដើម្បីធ្វើការតស៊ូរំដោះជាតិ សង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីអំពើប្រល័យពូជសាសន៍ ប៉ុល ពត។

នៅពេលនោះ ដោយសារព្រំដែនប្រទេសទាំងពីរមានជម្លោះប្រដាប់អាវុធ វៀតណាមពិបាកបែងចែករវាងមួយណាជាជនភៀសខ្លួន មួយណាជាខ្មែរក្រហមដែលមានចេតនាធ្វើចារកម្ម។ ដោយគិតដល់ចំណុចនេះ លោកបានសម្រេចចិត្តជ្រើសរើសមនុស្សតែ៤នាក់ប៉ុណ្ណោះ ដើម្បីបញ្ចៀសការយល់ច្រឡំ និងអាចកើតមានការវាយប្រហារពីភាគីវៀតណាម។ យប់នោះ ភ្លៀងធ្លាក់ធ្ងន់ ផ្លេកបន្ទោរពេញមេឃ។ ក្រុមលោក ហ៊ុន សែន ដើរ និងផ្លាស់ទីដោយសម្ងាត់តាមព្រៃស្រោង ចំណុចឆ្លងកាត់ខាងព្រំដែនកម្ពុជា គឺភូមិកោះថ្ម ជាភូមិតូចមួយនៃឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម និងនៅទល់មុខគឺស្រុកឡុកនិញ ដែលជាស្រុកព្រំដែនខាងវៀតណាម ក្នុងខេត្ត សុង បែ (បច្ចុប្បន្នជាខេត្ត ប៊ិញភឿក)។

នៅវេលាម៉ោង ២: ០០ ទៀបភ្លឺ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៧ ក្រោយពីដើរបានចម្ងាយប្រមាណ ២០០ ម៉ែត្រចូលក្នុងទឹកដីវៀតណាម ក្រុមលោក ហ៊ុន សែន បានឈប់សម្រាករង់ចាំថ្ងៃរះដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ គ្រានោះពួកគេស្រេកឃ្លានយ៉ាងខ្លាំងផង រងារដល់ឆ្អឹងដោយភ្លៀងព្រៃផង។ ដោយសារតែគ្មានត្រីវិស័យ ពួកគេត្រូវរង់ចាំរហូតដល់ម៉ោងប្រហែល ៨ ព្រឹកទើបមេឃស្រឡះ ទើបបន្តតម្រង់ទៅទិសខាងកើតនៃព្រះអាទិត្យរះដើម្បីបន្តដំណើរទៅប្រទេសវៀតណាមបាន។

លុះដល់ម៉ោង១១ព្រឹក គេបានទៅដល់ផ្លូវដីក្រហមមួយ។ លោក ហ៊ុន សែន បានបញ្ជាឲ្យលាក់អាវុធដើម្បីការពារអាយុជីវិតពេលធ្វើដំណើរលើទឹកដីវៀតណាម បន្ទាប់មកដាំបបរជាមួយអង្កបន្តិចបន្តួចហូប រួចបន្តទៅស្វែងរកកងទ័ព និងប្រជាជនវៀតណាមតទៀត។

នៅវេលាម៉ោង ១៤ : ០០ រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ ពួកគេបានមកដល់ភូមិ ហ័រលឺ វៀតណាម ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា។ នៅទីនេះ ពួកគេបានជួបជនជាតិវៀតណាមដំបូង ហើយប្រជាជននៅភូមិ ហ័រលឺ បានដាំបាយក្នុងឆ្នាំងលេខ១០ (ជាធម្មតាឆ្នាំងសម្រាប់មនុស្ស ១០ នាក់ហូប) សម្រាប់ ៥ នាក់ពួកគេទទួលទានបាយដល់ឆ្អែត។ នេះជាអនុស្សាវរីយ៍ដ៏រំភើបចិត្តចំពោះលោក ហ៊ុន សែន និងមិត្តរួមដំណើរ ព្រោះនេះជាលើកទីមួយហើយ បន្ទាប់ពីជាងមួយឆ្នាំដែលពួកគេបានទទួលទានបាយទៀត ពីព្រោះនៅស្រុកខ្មែរ របបហូបចុកប្រចាំថ្ងៃរបស់ពួកគេមានតែបបរប៉ុណ្ណោះ។ នៅយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៧ ក្រុមលោក ហ៊ុន សែន ត្រូវបាននាំទៅដល់ស្រុក ឡុក និញ ហើយថ្ងៃបន្ទាប់បានផ្លាស់ទៅបញ្ជាការដ្ឋានយោធាខេត្ត សុង បែ...។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន រំលឹកពីថ្ងៃដែលសម្តេចបានចាប់ផ្តើមយកជីវិតធ្វើជាដើមទុនសម្រាប់ការតស៊ូ សង្គ្រោះជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ប្រកៀកគ្នាក្នុងគ្រាលំបាក

នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងដំណើរត្រឡប់មកកាន់កន្លែងដំបូងពេលចូលក្នុងទឹកដីវៀតណាមកាលពី ៤០ ឆ្នាំមុននោះ (ភូមិ ថាញ បៀន ឃុំ ឡុក ថាញ ស្រុក ឡុក និញ ខេត្ត ប៊ិញ ភឿក)។ នៅទីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  មានការចែករំលែកយ៉ាងក្តុកក្ដួលក្នុងចិត្តថា៖ “ថ្ងៃនេះខ្ញុំត្រូវបានត្រឡប់ទៅកន្លែងដែលកាលពី៤០ ឆ្នាំមុនបងប្អូននៅទីនេះបានជួយទំនុកបំរុងខ្ញុំក្នុងគ្រាលំបាក។ ៤០ឆ្នាំមុន បន្ទាប់ពីលាក់អាវុធរួច ខ្ញុំបានមកកាន់ទីនេះ។ ខ្ញុំប្រាប់មិត្តរួមដំណើរថា បើវៀតណាមចាប់ចង យើងចេះតែស្តាប់តាម… ខ្ញុំក្រឡេកមើលនាឡិការបស់ខ្ញុំ ហើយគិតថា ច្បាស់ជាត្រូវរឹបអូសហើយ។ ប៉ុន្តែកងទ័ពវៀតណាមមិនត្រឹមតែមិនយកនាឡិកាខ្ញុំ មិនឆែកឆេរ មិនចាប់ចងដៃទេ ថែមទាំងឱ្យយើងខ្ញុំទទួលទានបាយ ហើយមិនធ្វើអ្វីលើខ្លួនប្រាណយើងខ្ញុំទេ យើងខ្ញុំពិតជាមានសំណាងល្អណាស់ ព្រោះយើងខ្ញុំបានជួបមនុស្សដែលមានចិត្តធម៌។ យើងខ្ញុំឆ្លងដែនដោយខុសច្បាប់ក្នុងពេលដែលពួក ប៉ុល ពត បានវាយលុកតំបន់ព្រំដែនមួយចំនួននៃប្រទេសវៀតណាមហើយ វាពិបាកសម្រាប់វៀតណាមក្នុងការបែងចែកមួយណាជាប្រជាជនកម្ពុជាភៀសខ្លួន មួយណាជាចារករស៊ើបការណ៍សម្ងាត់របស់ ប៉ុល ពត ណាស់។ បញ្ហានេះពិតជាពិបាក… ខ្ញុំពិតជាដឹងគុណចំពោះអាកប្បកិរិយារបស់វៀតណាម”។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្តវៀតណាមទទួលបានក្តីស្រឡាញ់ ការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា

ទាំងនេះពិតជាសំដីដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលលោកបានរំលឹកឡើងវិញពីអនុស្សាវរីយ៍ដ៏គួរឲ្យចាប់អារម្មណ៍អំពីការប្រព្រឹត្តមនុស្សធម៌ និងរបៀបប្រព្រឹត្តល្អៗរបស់ជនជាតិវៀតណាមចំពោះរូបលោក គ្រាដែលលោកទើបតែចូលមកទឹកដីវៀតណាម ជាលើកដំបូងបង្អស់។ ហើយរហូតរយៈពេលបន្ទាប់ទៀតនៅប្រទេសវៀតណាម លោកនិងមិត្តរួមដំណើរក៏តែងតែទទួលបានការរាប់អានរាក់ទាក់ ក្តីស្រលាញ់ និងការចែករំលែកយ៉ាងស្មោះស្ម័គ្រផងដែរ។

ក្នុងអំឡុងពេលនៅប្រទេសវៀតណាមនោះ លោក និងមិត្តរួមដំណើរបានជួបផ្លាស់ប្តូរមតិជាច្រើនលើកជាមួយថ្នាក់ដឹកនាំយោធាវៀតណាម ហើយក្នុងគ្រប់ឱកាសនោះ លោកតែងតែព្យាយាមបង្ហាញជូនភាគីវៀតណាមឱ្យយល់កាន់តែច្បាស់អំពីស្ថានការណ៍ដ៏ធ្ងន់ធ្ងរនៅកម្ពុជា ដែលកំពុងគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនកម្ពុជា និងគំរាមកំហែងដល់សន្តិសុខ និងអធិបតេយ្យភាពទឹកដីរបស់វៀតណាម។ ទន្ទឹមនឹងនោះ លោកតែងតែបញ្ជាក់យ៉ាងមោះមុតថា មានតែវៀតណាមទេដែលអាចជួយប្រជាជនកម្ពុជាឱ្យរួចផុតពីមាត់ជ្រោះនៃគ្រោះថ្នាក់។

ទីបំផុត ការខិតខំប្រឹងប្រែងរបស់លោក និងមិត្តរួមក្រុមបានទទួលលទ្ធផលជាផ្លែផ្កា។ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បានអានរបាយការណ៍ និងលិខិតសំបុត្ររបស់លោក និងបានយល់កាន់តែច្បាស់អំពីរឿងដ៏អាក្រក់ដែលកំពុងកើតមាននៅកម្ពុជា អំពីអំពើឃោរឃៅរបស់ ប៉ុល ពត ដែលប្រព្រឹត្តទៅលើប្រជាជនវៀតណាម ហើយអ្វីៗដែលសំខាន់បំផុតនោះ គឺថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានចាប់ផ្តើមផ្តល់ទំនុកចិត្តលើលោក ហ៊ុន សែន និងសហការីរបស់លោក ដោយសម្រេចចិត្តយល់ព្រមជួយសមមិត្តខាងកម្ពុជារៀបចំការកសាងកម្លាំងប្រដាប់អាវុធសម្រាប់រំដោះប្រទេស។

ចាប់ផ្តើមដំណើរឆ្ពោះទៅការសង្គ្រោះជាតិក្នុងថ្ងៃប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ ដោយបានឆ្លងកាត់ការលំបាកជាច្រើន ដោយឆន្ទៈ និងការប៉ងប្រាថ្នារំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ សម្តេច ហ៊ុន សែន និងមេដឹកនាំខ្មែរមួយចំនួនទៀតដែលក្នុងនោះមានទាំងសម្តេច ជា ស៊ីម សម្តេច ហេង សំរិន បានផ្តួចផ្តើមឡើងចលនាតស៊ូប្រដាប់អាវុធក្រោមទង់នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានជំនួយដ៏ស្មោះស្ម័គ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានវិលត្រឡប់មកផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។

ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ - ទីមកដល់នៃអនាគតត្រចះត្រចង់

សព្វថ្ងៃនេះ ឆ្លងកាត់ការឡើងចុះជាច្រើនក្នុងដំណើរប្រវត្តិសាស្ត្រ ប្រទេសនៃប្រាង្គប្រាសាទអង្គរវត្តបានមានការ "ផ្លាស់ប្តូរមុខមាត់" ប្រជាជនកម្ពុជាទទួលបានសមិទ្ធផលធំៗជាច្រើនគួរឱ្យមោទនៈក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ដោយមានភាពចម្រុងចម្រើនទាំងអស់នេះ គឺសុទ្ធតែចាប់ផ្តើមពីថ្ងៃដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមិត្តរួមដំណើរ បានចាកចេញទៅស្វែងរកផ្លូវចូលមកប្រទេសវៀតណាម ដើម្បីបើកចេញនូវដំណើរឆ្ពោះទៅការសង្គ្រោះជាតិ (២០ មិថុនា ១៩៧៧) ឈានទៅរកជ័យជម្នះដ៏ល្បីរន្ទឺនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលនេះជាព្រឹត្តិការដ៏ត្រចះត្រចង់បិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥ / ៧ មករា ១៩៧៩) ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងដ៏ឃោរឃៅនៃពួកប្រល័យពូជសាសន៍ខ្មែរក្រហម។

leftcenterrightdel
ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ

៤៥ ឆ្នាំបានកន្លងផុតទៅហើយ (ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ / ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២) សង្រ្គាមក៏បានបញ្ចប់យូរហើយ ប្រទេសកម្ពជាបានមានការផ្លាស់ថ្មី ប្រជាជនកម្ពុជាកំពុងត្រូវបានរស់នៅប្រកបដោយភាពសុខសាន្ត ជំនាន់ក្រោយៗក៏ដើរតាមគន្លងល្អរបស់បុព្វបុរសជំនាន់មុនក្នុងការតស៊ូ កសាងប្រទេស ហើយចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងកម្ពុជា ក៏កាន់តែជិតស្និទ្ធ និងអភិវឌ្ឍយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។ ទោះជាយ៉ាងនេះក្តី តម្លៃប្រវត្តិសាស្ត្រពី “ដំណើរឆ្ពោះទៅការសង្រ្គោះជាតិឈានទៅការផ្តួលរំលំរបបខ្មែរក្រហម” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៅតែមានតំលៃមិនអាចកាត់ថ្លៃបានក្នុងការឃោសនា និងអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់បច្ចុប្បន្ន និងនាពេលអនាគតឱ្យយល់កាន់តែច្បាស់អំពីគុណបំណាច់របស់បុព្វបុរសជំនាន់មុន ព្រមទាំងយល់កាន់តែច្បាស់អំពីស្មារតីអន្តរជាតិដ៏ថ្លៃថ្នូរ ស្មោះស្ម័គ្ររបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ក្នុងការជួយមិត្តផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្តារ កសាងប្រទេសឡើងវិញពីផេះផង់ គំនរបាក់បែក ប្រែប្រទេសកម្ពុជាទៅជាប្រទេសមានសន្តិភាព និងស្ថិរភាព ប្រែក្លាយសមរភូមិចាស់ក្លាយទៅជាតំបន់អភិវឌ្ឍន៍ ជីវិតប្រជាជនកាន់តែទទួលបានការយកចិត្តទុកដាក់ បានទទួលផលជាច្រើនពីសមិទ្ធផលធំៗក្នុងការអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងទៅលើគ្រប់វិស័យសព្វថ្ងៃនេះ

ជាមួយនឹងអត្ថន័យអប់រំអំពីចំណងមិត្តភាព និងសាមគ្គីភាពដ៏មានសារៈសំខាន់នោះ ខួបរំលឹកលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” ប្រាកដប្រជានឹងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះពិតជាមានអត្ថន័យយ៉ាងសំខាន់ឆ្ពោះទៅការអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២) រួមចំណែកពង្រឹង និងថែរក្សាចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អៗ រវាងប្រជាជនទាំងពីរ វៀតណាម និងកម្ពុជា៕

អត្ថបទសរសេរដោយ Doan Trung