leftcenterrightdel
សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

 

តាំងពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៨ ខ្ញុំជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ បងជីដូនមួយរបស់ខ្ញុំជាកម្មករជួសជុលក្បាលម៉ាស៊ីនរថភ្លើងនៃផ្នែកផ្លូវដែកកម្ពុជា ដែលជាអ្នកបានអប់រំ និងបណ្តុះបណ្តាលខ្ញុំឱ្យដើរតាមផ្លូវបដិវត្តន៍តាំងពីពេលនោះមក។ ខ្ញុំចូលចិត្តអានសៀវភៅបដិវត្តន៍ ស្តាប់វិទ្យុរបស់រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង។ ក្រៅពីព័ត៌មាន វិចារណកថា និងបទអត្ថាធិប្បាយនយោបាយនានា ខ្ញុំតែងតែស្ដាប់បទចម្រៀងបដិវត្តន៍របស់វៀតណាម ដូចជា Tieng dan Ta-lu, Tieng chay tren soc Bom Bo” ជាដើម។

នៅដើមឆ្នាំ ១៩៧០ ស្ថានភាពរបស់ប្រទេសកម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកឧត្ដមសេនីយ៍ លន់ នន់ រួមជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមត: លោក អ៊ឹន តាំ និងលោក ចេង ហេង បានធ្វើរដ្ឋប្រហារ ផ្ដួលរំលំរបបសង្គមរាស្ត្រនិយមរបស់ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ។ ខ្ញុំបានសំរេចចិត្តបោះបង់ចោលការងាររបស់ខ្លួន ដើម្បីចូលរួមចលនារំដោះជាតិ។

សង្គ្រាមដែលបណ្តាលឡើងមកពីចក្រពត្តិអាមេរិកបានរាលដាលចូលមកប្រទេសខ្ញុំ។ ប្រទេសកម្ពុជាដែលគេប្រសិទ្ធិនាមថាជា "កោះសន្ដិភាព" ត្រូវដុតបំផ្លាញដោយអណ្តាតភ្លើងសង្គ្រាម ហើយត្រូវបានបែងចែកទៅជាតំបន់ត្រួតត្រាពីរគឺ៖ តំបន់ត្រួតត្រាដោយរដ្ឋាភិបាលបដិវត្តន៍ក្រោមឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលគ្រប់គ្រងផ្ទៃដីចំនួន៧០% ឯតំបន់មួយទៀតដែលត្រូវបានគ្រប់គ្រងដោយអាជ្ញាធរបស់សេនាប្រមុខ លន់ នន់ មានតែ ៣០% ប៉ុណ្ណោះ។ ហេតុផលដែលជួយឲ្យរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគ្រប់គ្រងដែនដីដ៏ធំយ៉ាងនេះគឺដោយសារតែមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនកម្ពុជា និងការគាំទ្រ និងជំនួយពីកងទ័ពប្រជាជនវៀតណាម ទាំងនៅលើសមរភូមិផង និងក្នុងការកសាងរដ្ឋ​អំ​ណាច​បដិវត្តន៍នៅមូលដ្ឋានផង។

កងទ័ពប្រជាជនវៀតណាមគឺជាកងទ័ពដែលគោរពបទបញ្ជា មានវិន័យល្អ និងសីលធម៌ល្អ។ នៅទីណាក៏ដោយ ក្រៅពីការបំពេញកាតព្វកិច្ចរបស់យោធិន ពួកគេបានចំណាយពេលវេលាជួយប្រជាជននៅកន្លែងនោះ បោសសម្អាតផ្ទះ ជួយពុះអុស  រែកទឹក និងពិនិត្យ ព្យាបាលជំងឺ។ ប្រជាជនខ្លះនិយាយដោយស្មោះត្រង់ថា "ពុកម៉ែស្រឡាញ់ទាហានវៀតណាមច្រើនជាងទាហានខ្មែរ ពីព្រោះថា ទាហានវៀតណាមត្រូវនៅឆ្ងាយពីប្រទេសរបស់ពួកគេ ហើយឆ្ងាយពីឪពុកម្ដាយរបស់ពួកគេ ដែល​មកទីនេះដើម្បីជួយរំដោះយើង។ "

អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់រំដោះនាគ្រានោះ លើទិដ្ឋភាពចេញមុខជាចំហរគឺបានដឹកនាំដោយរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា ដោយ​ព្រះអង្គម្ចាស់ នរោត្តម សីហនុ ជាប្រធាន។ ប៉ុន្តែលើទិដ្ឋភាពសម្ងាត់គឺដឹកនាំដោយគណបក្សកុម្មុយនីស្តកម្ពុជា ដោយ ប៉ុល ពត ជាប្រធាន។

នៅចុងឆ្នាំ ១៩៧១ និងដើមឆ្នាំ ១៩៧២ វៀតណាមបានផ្ទេរទៅឲ្យកម្ពុជាគ្រប់គ្រងកម្មាភិបាល យុទ្ធជនទាំងអស់ រួមទាំងអង្គភាពមួយចំនួន ដែលវៀតណាមបានជួយកសាង និងបណ្តុះបណ្តាលទៀតផង។ នៅពេលក្តាប់បានកងទ័ព និងអាជ្ញាធរមូលដ្ឋានហើយ ពួកប៉ុល ពត បានបង្កើនការផ្សព្វផ្សាយ ឃោសនា និងអប់រំអំពីជំហរឯករាជ្យ ខ្លួនទីពឹងខ្លួន ការតស៊ូយូរអង្វែងពិតជាទទួលបានជ័យជម្នះជាដាច់ខាត់ ដែលបង្កប់ទៅដោយគំនិតជាតិចង្អៀតចង្អល់ ជ្រុលនិយម។ ពួកគេបានបង្កររឿងជាមួយវៀតណាមដោយមួលបង្កាច់ថា វៀតណាមមិនស្មោះត្រង់។ វៀតណាមទទួលអាវុធពីចិន ប៉ុន្តែមិនព្រមបញ្ជូនទៅឲ្យកម្ពុជា ហើយលាក់ទុកអាវុធសម្រាប់ប្រើប្រាស់តែម្នាក់ឯង។ ចាប់តាំងពីពេលនោះមក តំបន់មួយចំនួនរបស់ខ្មែក្រហមបានរៀបចំកងកម្លាំងលួចអាវុធរបស់កងទ័ពវៀតណាមដែលឈរជើងនៅតំបន់របស់ខ្លួន ធ្វើឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធ ញ៉ាំងឲ្យមានការស្លាប់ផង របួសផង ឬត្រូវចាប់ខ្លួនជាឈ្លើយសិកផង។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្តវៀតណាមសន្សំសម្ចៃគ្រប់បែបយ៉ាងដើម្បីសង្គ្រោះប្រជាជនកម្ពុជា

នៅឆ្នាំ ១៩៧៣ វៀតណាម និងហត្ថលេខីនានា ដែលចូលរួមការចរចាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសស្តីពីបញ្ចប់សង្គ្រាម និងបង្កើតសន្តិភាពឡើងវិញនៅវៀតណាម។ ឯនៅប្រទេសកម្ពុជា ប៉ុល ពត បានប្រកាសថា មិនចរចា មិនចុះសម្របសម្រួល ហើយបន្តប្រយុទ្ធឲ្យទាល់តែទទួលបានជ័យជម្នះចុងក្រោយ។ នៅពេលនោះ វៀតណាមបានដកទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសកម្ពុជា។ នៅតាមផ្លូវដែលវៀតណាមដកទ័ព ប៉ុល ពត បានបញ្ជាឲ្យអាជ្ញាធរ និងប្រជាជនមិនលក់ម្ហូបអាហារឲ្យកងទ័ពវៀតណាម ហើយនៅកន្លែងមួយចំនួនបានប្រព្រឹត្តអំពើអាក្រក់​ហួសហេតុ​ គឺពួកគេបានបំផុតប្រជាជនមិនឱ្យកង​ទ័ព​វៀត​ណាម​ផឹក​ទឹកទៀតផង។

នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ុល ពត បានប្លន់យកការដឹកនាំបក្សទាំងស្រុង ហើយបានជម្លៀសប្រជាជនឲ្យចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តនានា ទៅធ្វើការជាទម្ងន់ហួសពីកម្លាំង តាមសហករណ៍កសិកម្មនៅជនបទ ដែលប្រជាជនលោកខាងលិចហៅថាជា "ឋាននរកនៅលើលោកី" ។

នៅចុងឆ្នាំ ១៩៧៥ និងដើមឆ្នាំ ១៩៧៦ ខ្ញុំត្រូវចាត់បញ្ជូនទៅកាន់តំណែងជានាយរងខុទ្ទកាល័យភស្ដុភារនៃបញ្ជាការដ្ឋានយោធាទីក្រុងភ្នំពេញ ហើយបន្ទាប់មកបានកាន់តំណែងជានាយរងខុទ្ធការល័យភូមិភាគឦសាន ដែលមានសមមិត្តយ៉ា (ឈ្មោះពិត ម៉ែន សាន ) ជាប្រធានភូមិភាគ។ ខ្ញុំឃើញ ប៉ុល ពត នាំចូលសព្វាវុធថ្មីៗជាច្រើន ហើយបានបញ្ជូនកងពលធំទ័ពស្រួចចំនួនបីកង ទៅឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា - វៀតណាម នៃតំបន់ភាគឦសាន។ ខ្ញុំមិនដឹងអំពីយុទ្ធសាស្ត្ររបស់ ប៉ុល ពត ទេ ពីព្រោះក្នុងអំឡុងពេលផ្សព្វផ្សាយជាសាធារណៈ ប៉ុល ពត គ្រាន់តែនិយាយអំពីការពង្រឹង និងអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីប៉ុណ្ណោះ។ តែខ្ញុំគិតថា: "ថ្ងៃណាមួយកម្ពុជា វៀតណាម នឹងជៀសមិនផុតពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនទេ ពីព្រោះ ប៉ុល ពត បានមានការសន្និដ្ឋានថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានប្រែពី" វៀតណាមជាមិត្ត ទៅជាសត្រូវវិញ។

ទន្ទឹមនឹងការត្រៀមធ្វើសង្រ្គាមជាមួយវៀតណាមនៅតាមបណ្តោយព្រំដែន ប៉ុល ពត បានបង្កើនការបោះសម្អាតផ្ទៃក្នុង ទាំងកម្មាភិបាលជាន់ខ្ពស់ ទាំងមធ្យម រួមទាំងថ្នាក់មូលដ្ឋានត្រូវពួកវាធ្វើទុក្ខបុកម្នេញ ចាប់ចង កាប់សម្លាប់យ៉ាងឃោរឃៅ ដែលត្រូវចោទជា CIA, KGB, ជានាគខ្មៅរបស់ជប៉ុន និងជាចារកម្មបង្កប់ដោយយួនជាដើម។ សមមិត្ត យ៉ា ប្រធានតំបន់ភាគឦសាន ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៦ (យោងតាមឯកសារពីគុកទួលស្លែង) ។ កម្មាភិបាលមួយចំនួនបានរួចជីវិតក្រោយថ្ងៃទី ៧ ខែមករា ឆ្នាំ១៨៧៩ បានរៀបរាប់ថា ប៉ុល ពត បានចោទប្រកាន់លោកយ៉ាថា បង្កើតគណបក្សពលករខ្មែរសម្រាប់ប្រឆាំងនឹងគណបក្សកុម្មុយនីសរបស់ពួកគេ។ នេះគឺជាល្បិចកលរបស់ ប៉ុល ពត ដែលការពិត គណបក្សពលករខ្មែរគឺជាការប្តូរឈ្មោះពីគណបក្សប្រជាជនបដិវត្តន៍កម្ពុជា។ ខ្ញុំត្រូវពួកគេដកចេញពីតំណែង ហើយយកទៅអប់រំនៅកសិដ្ឋានដាំកប្បាស​ នៅស្រុកត្បូងឃ្មុំ តំបន់ទី២១ ភូមិភាគបូព៌ា (យោធភូមិភាគទី២០៣) ។

នៅចុងឆ្នាំ ១៩៧៧ ដើមឆ្នាំ ១៩៧៨ រួមជាមួយការវាយលុកនៅតាមបណ្តោយព្រំដែនភាគនិរតីនៃប្រទេសវៀតណាម នៅក្នុងប្រទេស ប៉ុល ពត បានចាប់ផ្ដើមយុទ្ធនាការជម្លៀសប្រជាជននៅតាមភូមិ និងឃុំជាប់ព្រំដែនវៀតណាមទៅកាន់តំបន់ពាយ័ព្យវិញ។

កម្មាភិបាលយោធា និងជនស្លូតត្រង់ជាច្រើនត្រូវពួកគេកាប់សម្លាប់។ អ្នកនៅរស់បានរត់ចូលទៅក្នុងព្រៃនិងប្រមូលកម្លាំងធ្វើការប្រយុទ្ធប្រឆាំងនឹង ប៉ុល ពត ហើយអ្នកខ្លះរត់ទៅប្រទេសវៀតណាម។ ខ្ញុំ និងកម្លាំងតស៊ូដែលដឹកនាំដោយសម្តេច ហេង សំរិន បានភៀសខ្លួន​ជ្រកកោននៅ​វៀតណាមនពីខែតុលា ១៩៧៨ ។ បក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមបានទទួលស្វាគមន៍យើងខ្ញុំយ៉ាងកក់ក្តៅ ក្នុងស្មារតីយោគយល់គ្នា និងពោពេញទៅដោយទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព។

កម្មាភិបាលបដិវត្តន៍ពិតៗ និងកម្មាភិបាលមកពីប្រភពផ្សេងៗគ្នា បានសាមគ្គីគ្នា បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានថ្នាក់ដឹកនាំចំនួន ១៤ នាក់ និងកម្មវិធីនយោបាយចំនួន ១១ ខ សំដៅប្រមូលផ្តុំកងកម្លាំងគ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំងមូល ទាំងនៅក្នុងនិងក្រៅប្រទេស ដើម្បី​ក្រោកឈរឡើងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រទេសជាតិ សង្គ្រោះប្រជាជន។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានប្រារព្ធពិធីមិទ្ទីងយ៉ាងមហោឡារិកនៅចំពោះមុខសាធារណៈជាតិ និងអន្ដរជាតិ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅភូមិជើងឃ្លេ ឃុំពីរធ្នូ  ស្រុកស្នួល ខេត្តក្រចេះ។ ពួក ប៉ុល ពត មានការភ័យស្លន់ស្លោចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ដោយមានការគាំទ្រ និងជំនួយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពពីកងទ័ពស្ម័គ្រចិត្តវៀតណាម រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រជាជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។ តាម​រយៈជ័យជំនះជាប្រវត្តិសាស្ត្រនេះ កម្ពុជាបានបិទសម័យកាលដ៏ងងឹតរបស់ខ្លួន បើកសម័យកាលថ្មី ជាសម័យកាលឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ទំនាក់ទំនងអន្តរជាតិរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេស និងបណ្តាអង្គការអន្តរជាតិដែលស្រឡាញ់យុត្តិធម៌និងសន្តិភាពត្រូវបានតភ្ជាប់ឡើងវិញ។ ជាដោយឡែក ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារឹងមាំនៅក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Duy Hoan