នៅឆ្នាំ ២០២៥ ដោយអនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបណ្តុះបណ្តាល និងបំប៉ន់ជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថាននគរបាលប្រជាជនបានទទួលយកថ្នាក់ចំនួនពីរ ដែលមានសិក្ខាកាមចំនួន ៦៤ នាក់មកពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថាននគរបាលប្រជាជនបានជ្រើសរើសគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ជំនាញវិជ្ជាជីវៈ ដើម្បីបង្រៀនវគ្គសិក្សា។ តាមរយៈប្រធានបទបង្រៀន សិក្ខាកាមទទួលបានចំណេះដឹងជាមូលដ្ឋាន និងបានបញ្ចប់គោលបំណងនៃវគ្គសិក្សា។

leftcenterrightdel
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Hoang Anh Tuan នាយករងវិទ្យាស្ថាននគរបាលប្រជាជន បានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម

បន្ថែមពីលើការរៀនសូត្រក្នុងថ្នាក់រៀន វិទ្យាស្ថានក៏បានរៀបចំដំណើរទៅទស្សនានៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវិមានតម្កល់សពលោកប្រធានហូជីមិញ និងឈូងសមុទ្រហាឡុងនៅខេត្តក្វាងនិញផងដែរ។ ដំណើរទស្សនានេះជួយឱ្យសិក្ខាកាមស្វែងយល់បន្ថែមអំពីទេសភាព និងស្ថានភាពជាក់ស្តែងនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅប្រទេសវៀតណាម។

នៅចុងបញ្ចប់នៃវគ្គសិក្សារយៈពេលបីខែ សិស្ស ១០០% បានបញ្ចប់កម្មវិធីបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនបត្រពីនាយកវិទ្យាស្ថាននគរបាល។

មានប្រសាសន៍ក្នុងពិធីបិទ លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Hoang Anh Tuan នាយករងវិទ្យាស្ថាននគរបាលប្រជាជន បានសរសើរ និងអបអរសាទរដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សា។

លោកនាយករងបានសម្តែងក្តីសង្ឃឹមថា សិក្ខាកាម នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ នឹងអនុវត្តចំណេះដឹងដែលទទួលបាននេះប្រកបដោយប្រសិទ្ធភាពទៅក្នុងការងារជាក់ស្តែងនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលជាមួយគ្នានេះ លទ្ធផលនៃវគ្គសិក្សាបានរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវសាមគ្គីភាពប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

បកប្រែដោយ Duy Hoan