មានប្រសាសន៍ក្នុងជំនួប លោកប្រធានរដ្ឋ វាយតំលៃខ្ពស់ និងអបអរសាទរចំពោះលោកស្រីឯកអគ្គរាជទូត ជា គឹមថា ដែលបានបំពេញអាណត្តិការងាររបស់ខ្លួនដោយជោគជ័យ និងបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការពង្រឹង និងអភិវឌ្ឍមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។
តាមរយៈលោកស្រីឯកអគ្គរាជទូត លោកប្រធានរដ្ឋ បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា |
ដោយសម្តែងការរីករាយចំពោះសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ លោកប្រធានរដ្ឋ បានសម្តែងទំនុកចិត្តថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជានឹងបន្តសម្រេចបាននូវភាពជោគជ័យកាន់តែធំធេង និងទូលំទូលាយជាងមុន ដោយឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿង។
ដោយសង្កត់ធ្ងន់លើប្រវត្តិសាស្ត្រដ៏សម្បូរបែប និងតម្លៃដែលបានបង្កើតឡើងពីចំណងមិត្តភាព ជិតស្និទ្ធ និងការលះបង់ ដើម្បីឯករាជ្យ សេរីភាព និងសន្តិភាពរបស់ប្រទេសទាំងពីរ លោកប្រធានរដ្ឋបានបញ្ជាក់ថា សាមគ្គីភាពប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងកម្ពុជា មានអត្ថន័យជាយុទ្ធសាស្ត្រ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ដើម្បីរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបរិបទនៃតំបន់ និងពិភពលោកដែលមានភាពប្រែប្រួល។
លោកប្រធានរដ្ឋ Luong Cuong បានសម្តែងការរីករាយចំពោះលទ្ធផលវិជ្ជមាននៃទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរ ដោយកត់សម្គាល់ថា ទំនាក់ទំនងរវាងគណបក្សទាំងពីរជាការតម្រង់ទិស។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ នៅតែជាសសរស្តម្ភ។ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាចំណុចភ្លឺជាមួយនឹងកំណើនល្អនៃពាណិជ្ជកម្មទ្វេភាគី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន នៅតែបន្តលើកកម្ពស់ ដែលរួមចំណែកដល់ការពង្រឹងការយល់ដឹង និងចំណងមិត្តភាពរយៈពេលវែងរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ក្នុងពេលជាមួយគ្នានេះ លោកបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជាដល់យុវជនជំនាន់ក្រោយ។
ដោយវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍវិជ្ជមានថ្មីៗក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមស្វាគមន៍ចំពោះការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលព្រមព្រៀងគ្នាលើបទឈប់បាញ់ និងវិធានការនានាដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែន ព្រមទាំងគាំទ្រភាគីនានាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងស្មារតីសាមគ្គីភាពអាស៊ាន។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានសម្តែងក្តីសង្ឃឹមថា លោកស្រីឯកអគ្គរាជទូត ទោះជាក្នុងតំណែងថ្មី នឹងបន្តធ្វើជាស្ពានមួយដើម្បីលើកកម្ពស់សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា |
ចំណែកលោកស្រីឯកអគ្គរាជទូត ជា គឹមថា បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋផ្ទាល់ និងថ្នាក់ដឹកនាំវៀតណាមដែលបានយកចិត្តទុកដាក់ និងការគាំទ្រដើម្បីលោកស្រីអាចសម្រេចបានជោគជ័យនូវភារកិច្ចជាស្ពានតភ្ជាប់ទំនាក់ទំនង និងជម្រុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអំឡុងពេលអាណត្តិការងាររបស់ខ្លួននៅប្រទេសវៀតណាម។
ដោយសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃមិត្តភាពវៀតណាម-កម្ពុជា លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានថ្លែងថា សមិទ្ធផលទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយការផ្លាស់ប្តូរគណៈប្រតិភូកាន់តែរស់រវើកនៅគ្រប់កម្រិត ដែលរួមចំណែកដល់ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរាជទូតបានបញ្ជាក់ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលបានកសាង និងថែរក្សាដោយថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ៗនៃប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសមិទ្ធផលសំខាន់ៗរបស់វៀតណាមដែលសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានវាយតំលៃខ្ពស់ ចំពោះកំណែទម្រង់ និងការបង្រួមក្បាលម៉ាស៊ីនរបស់វៀតណាម ព្រមទាំងបានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្ត វៀតណាមនោះ ប្រទេសវៀតណាននឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏ធំធេង សម្រេចគោលដៅពីររបស់ខ្លួនដោយជោគជ័យ ដែលក្លាយជាប្រទេសអភិវឌ្ឍន៍មានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
លោកស្រីឯកអគ្គរាជទូត ជា គឹមថា ក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការជម្រុញការសន្ទនា ការកសាងទំនុកចិត្ត និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕
បកប្រែដោយ Duy Hoan