ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជាអភិវឌ្ឍយ៉ាងល្អប្រសើរ
កប.អនឡាញ - នាព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតកម្ពុជាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅប្រទេសវៀតណាម។
លោករដ្ឋមន្ត្រី Luong Tam Quang អបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត ជា គឹមថា បានបញ្ចប់អាណត្តិការងារនៅវៀតណាមដោយជោគជ័យ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ដោយមានការចូលរួមចំណែកយ៉ាងសកម្មពីលោកស្រីឯកអគ្គរដ្ឋទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា បានអភិវឌ្ឍយ៉ាងល្អនៅក្នុងវិស័យជាច្រើនដូចជា នយោបាយ ការបរទេស ការពារជាតិ និងសន្តិសុខ។ល។
    |
 |
|
លោករដ្ឋមន្ត្រី Luong Tam Quang បានប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោកស្រី ឯកអគ្គរដ្ឋទូត ជា គឹមថា (រូបថត៖ bocongan.gov.vn) |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា លោករដ្ឋមន្ត្រី Luong Tam Quang ឲ្យដឹងថា ក្រសួងទាំងពីរតែងតែសហការយ៉ាងជិតស្និទ្ធក្នុងការធានាសន្តិសុខក្នុងប្រទេសនីមួយៗ និងសម្របសម្រួលគ្នាក្នុងការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗនៅក្នុងប្រទេសនីមួយៗ និងសហការគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការក្លែងបន្លំ ឆបោកតាមអ៉ីនធឺណិត ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សៗល។
ទន្ទឹមនឹងនោះ នគរបាលនៅតាមខេត្តជាប់ព្រំដែនរក្សាការជួបជុំជាប្រចាំ ផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងសកម្មក្នុងការដោះស្រាយឧប្បត្តិហេតុស្មុគស្មាញដែលកើតឡើងនៅតាមបណ្តោយព្រំដែន រួមចំណែកដល់ការកសាងនិងថែរក្សាព្រំដែនប្រកបដោយសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកស្រីឯកអគ្គរដ្ឋទូត ជា គឹមថា បានបញ្ជាក់ថា ថ្វីត្បិតក្នុងឋានៈណាក៏ដោយក៏នឹងបន្ដគាំទ្រ តភ្ជាប់ទំនាក់ទំនងនិងលើកកម្ពស់សកម្មភាពសហប្រតិបត្តិការ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយដោយឡែក៕
បកប្រែដោយ Pham Diep