មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាថ្ងៃទី២៥ ខែមីនា គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់ នៃយោធភូមិភាគទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Truong Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាមេបញ្ជាការយោធភូមិភាគទី៧ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងបរិយាកាសដ៏កក់ក្តៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានសម្តែងសេចក្តីសោមនស្សរីករាយអំពីសមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបាននាពេលកន្លងមក ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការគ្រប់គ្រងដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការអភិវឌ្ឍកាន់តែខ្លាំង ការការពារជាតិ និងសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ ហើយតួនាទីរបស់កម្ពុជាកាន់តែខ្ពស់លើឆាកអន្តរជាតិ។
លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដឹកនាំស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជា ដែលជាកន្លែងដើម្បីអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីប្រពៃណីប្រវត្តិសាស្ត្រ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាងនាមឱ្យបញ្ជាការដ្ឋានយោធភូមិភាគទី ៧ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានជូនពរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីសម្រើន និងសុភមង្គល ជូនពរឱ្យចំណងមិត្តភាព និងសាមគ្គីភាពវៀតណាម-កម្ពុជា ឱ្យរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។
នៅឆ្នាំ២០២៤ យោធភូមិភាគទី៧ បានចាត់បញ្ជូនក្រុមគ្រូពេទ្យចំនួន ៦ ក្រុម ទៅកម្ពុជា ដើម្បីពិនិត្យសុខភាព ចែកថ្នាំ និងជូនអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៩៥០ នាក់ នៅតាមបណ្តាខេត្តនានា ក្នុងយោធភូមិភាគទី១ ទី២ ទី៤ និងយោធភូមិភាគពិសេស។ ដោយមានជំនួយពីកងទ័ព អាជ្ញាធរមូលដ្ឋាន និងប្រជាជនកម្ពុជា ក្រុម K ចំនួន ៤ ក្រុម នៃយោធភូមិភាគទី ៧ បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៧២០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជានៅសម័យសង្គ្រាម។
    |
 |
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Nguyen Truong Thang |
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ Nguyen Truong Thang និងគណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់នៃយោធភូមិភាគទី៧ ហើយវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជាដែលត្រូវបានពង្រឹង និងអភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលតែងតែគាំទ្រ និងជួយកម្ពុជាក្នុងការតស៊ូរំដោះជាតិ ជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជានឹងសហការជាមួយវៀតណាម ដើម្បីការពារ ថែរក្សា និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបន្តអភិវឌ្ឍន៍ឡើងដល់កម្រិតកម្ពស់ថ្មី ហើយនិងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម ក៏ដូចជាបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សកម្មភាពស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជាតាមសម័យកាលនានា។ ក្រៅពីនោះ កម្ពុជាជួយគាំទ្រសហគ្រាសនៃកងទ័ពប្រជាជនវៀតណាមដែលកំពុងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
គួរំលឹកថា គណៈប្រតិភូយោធភូមិភាគទី៧ បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា៕
បកប្រែដោយ Duy Hoan