    |
 |
សម្តេច ហេង សំរិន ទទួលជួបលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អញ្ជើញចូលជួបសម្តែងការគួរសម (រូបថត៖ vnanet.vn) |
ក្នុងជំនួបនោះ សម្តេច ហេង សំរិន បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ដែលមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរបស់វៀតណាម ហើយសង្ឃឹមថាលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតកំពស់ថ្មី។
ដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាម និងកម្ពុជា និងចាត់ទុកថាជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ សម្តេច ហេង សំរិន បានសម្តែងនូវជំនឿថា វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស To Lam នឹងអនុវត្តការកែទម្រង់ និងបង្រួមប្រព័ន្ធរដ្ឋបាលប្រកបដោយជោគជ័យ។ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលតែងតែគាំទ្រ និងជួយកម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន រួមទាំងជំនួយចំនួន ២៥ លានដុល្លារ ដើម្បីសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេច ហេង សំរិន បានអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ប្រទេសទាំងពីរ និងរវាងគណបក្សទាំងបី (វៀតណាម កម្ពុជា ឡាវ) នៅទីក្រុងហូជីមិញ។ សម្តេច ហេង សំរិន ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះលោកឯកអគ្គរដ្ឋទូត និងបុគ្គលិក នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
ចំណែកលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានថ្លែងអំណរគុណចំពោះសម្តេច ហេង សំរិន ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីអញ្ជើញទទួលជួបលោក ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខ និងជូនពរពីថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមផងដែរ។
ដោយវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់សម្តេច ហេង សំរិន ក្នុងការកសាង និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ រដ្ឋសភា និងរណសិរ្សមាតុភូមិ នៃប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតវៀតណាមបានអបអរសាទរចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជាលើគ្រប់វិស័យ ដោយបញ្ជាក់ពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ផ្ទាល់ ក្នុងជោគជ័យទាំងនេះ។
ដោយសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសន្យាថានឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសនយោបាយ ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច និងការប្រាស្រ័យទាក់ទងរវាងប្រជាជន នៃប្រទេសទាំងពីរ។
    |
 |
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (រូបថត៖ vnanet.vn) |
នារសៀលថ្ងៃដដែល លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសមលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ក្នុងជំនួបនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ដែលមកបំពេញភារកិច្ចនៅកម្ពុជា ហើយជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងទទួលបានជោគជ័យក្នុងអាណត្តិការងាររបស់ខ្លួន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានពាំនាំការសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនចំពោះលោកនាយឧត្តមសេនីយ៍ ទៀ សីហា។ ដោយសម្តែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យលើគ្រប់វិស័យដែលប្រជាជនកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ដោយអះអាងថា នេះគឺជាសសរស្តម្ភក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។
ដោយអះអាងថា កងទ័ពនៃប្រទេសទាំងពីរតែងតែប្រកៀកស្មាគ្នា និងរួបរួមគ្នាក្នុងការតស៊ូការពារឯករាជ្យ និងសន្តិភាព នៃប្រទេសនីមួយៗ លោកឯកអគ្គរដ្ឋទូតវៀតណាមបានថ្លែងអំណរគុណចំពោះភាគីកម្ពុជាដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរក ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានចែករំលែកនូវទិសដៅការងារមួយចំនួននាពេលខាងមុខ រួមទាំងជំរុញផែនការសហប្រតិបត្តិការជាក់លាក់លើវិស័យផ្សេងៗរវាងក្រសួង និងស្ថាប័ននានា នៃប្រទេសទាំងពីរ ដោយផ្អែកលើទិសដៅដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហូជីមិញ។ ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការបណ្តុះបណ្តាលធនធានមនុស្ស និងអនុវត្តពិធីសារសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងភាគីទាំងពីរ។ ជំរុញការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែន Tan Nam (ខេត្ត Tay Ninh) ដើម្បីឲ្យភាគីទាំងពីររៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែន Tan Nam - ម៉ឺនជ័យ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥នេះ ព្រមទាំងជំរុញឱ្យភាគីទាំងពីរឯកភាពគ្នាអំពីចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណភាគីវៀតណាមដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ និងគណបក្សទាំងបីនៅទីក្រុងហូជីមិញក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ហើយបង្ហាញសេចក្តីរីករាយដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម ក្នុងនោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ដោយអះអាងថា ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាប្រចាំ និងរៀបចំកិច្ចប្រជុំទ្វេភាគី និងត្រីភាគីជាមួយឡាវនៅវេទិកាតំបន់ និងអន្តរជាតិ ដើម្បីបង្ហាញពីសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ-វៀតណាម លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណវៀតណាមចំពោះការគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ក្រសួងការពារជាតិកម្ពុជា និងសម្តែងនូវការគាំទ្រភាគីទាំងពីរជំរុញការឯកភាពគ្នាលើចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ និងបាវិត-ភ្នំពេញ។ ជាមួយគ្នានេះ ផ្តល់ព័ត៌មានអំពីផែនការរបស់កម្ពុជាក្នុងការសាងសង់ផ្លូវល្បឿនលឿនបាវិត-កំពង់ធំ រួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងការប្រាស្រ័យទាក់ទងប្រជាជននៃប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍជានិច្ច ហើយបញ្ហានានានឹងត្រូវបានដោះស្រាយ ដើម្បីការអភិវឌ្ឍរួមនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕
បកប្រែដោយ Duy Hoan