នៅក្នុងជំនួបទាំងពីរ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ដែលបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ លោកបានចាត់ទុកថា សមិទ្ធផលដ៏អស្ចារ្យលើគ្រប់វិស័យដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក គឺជាលទ្ធផលនៃការអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ មាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រួមទាំងការរួមចំណែកដ៏ធំធេងរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលសេនាភក្តី  សាយ ឈុំ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា (រូបថត៖ AKP)

នៅក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានចែករំលែកនូវទិសដៅការងារមួយចំនួននាពេលខាងមុខ រួមទាំងការជំរុញផែនការសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ដោយផ្អែកលើទិសដៅដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅទីក្រុងហូជីមិញ; កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម; បន្តគាំទ្រការចូលសញ្ជាតិខ្មែរសម្រាប់ជនដើមកំណើតវៀតណាម ដើម្បីរក្សាលំនឹងជីវភាពរស់នៅបន្តិចម្តងៗ ធ្វើសមាហរណកម្មក្នុងសង្គម និងរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ; ជំរុញការបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែន Tan Nam ជាបន្ទាន់ ដើម្បីឲ្យភាគីទាំងពីររៀបចំពិធីសម្ពោធច្រកទ្វារទ្វេភាគីនៅខែកញ្ញា ឆ្នាំ២០២៥; ជំរុញឱ្យភាគីទាំងពីរឯកភាពគ្នាយ៉ាងឆាប់ៗលើចំណុចតំណផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង Moc Bai-ទីក្រុងហូជីមិញ។

សម្តេចក្រឡាហោម ស ខេង បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំរវាងបក្សទាំងពីរ និងបក្សទាំងបីនៅទីក្រុងហូជីមិញនៅខែកុម្ភៈ ឆ្នាំ ២០២៥។  សម្តេចក្រឡាហោម ស ខេង បានអះអាងថា ក្នុងតួនាទីជាអនុប្រធានគណបក្សប្រជាជន និងសមាជិករដ្ឋសភា សម្តេចនឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី  សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា (រូបថត៖ គណបក្សប្រជាជនកម្ពុជា)

ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី  សាយ ឈុំ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវគោលបំណងចង់បន្តជំរុញទំនាក់ទំនងបណ្តាញបក្សរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរបានឯកភាពគ្នានៅទីក្រុងហូជីមិញ។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសង្កត់ធ្ងន់លើការតភ្ជាប់សេដ្ឋកិច្ចលើរបប គមនាគមន៍ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយ ដ៏ដូចជាជំរុញការបង្កើនការវិនិយោគ និងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី  សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើបណ្តាញបក្ស រដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំរវាងបក្សទាំងពីរ និងបក្សទាំងបីនៅទីក្រុងហូជីមិញនៅខែកុម្ភៈ ឆ្នាំ ២០២៥។ សម្តេចវិបុលសេនាភក្តី  សាយ ឈុំ បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស និងរដ្ឋវៀតណាមចំពោះកម្ពុជាក្នុងការតស៊ូរំដោះប្រជាជាតិកាលពីមុន ក៏ដូចជាបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។

ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បក្ស និងប្រជាជនវៀតណាម សម្តេចវិបុលសេនាភក្តី  សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកអគ្គលេខាបក្ស To Lam ក្នុងការផ្លាស់ថ្មី បង្រួម និងកំណែទម្រង់ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយនាពេលបច្ចុប្បន្ននេះ៕

បកប្រែដោយ Huyen Trang