សម្ដេចតេជោ ហ៊ុន សែន សម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ប្រទេសវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោក Nguyen Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកនិងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ សម្តេចតេជោចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ លោកបានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់លោកអគ្គលេខាបក្ស លោកប្រធានរដ្ឋ លោកប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តីវៀតណាម។ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
    |
 |
លោក Nguyen Minh Vu និងសម្ដេចតេជោ ហ៊ុន សែន (រូបថត៖ vnanet.vn) |
ឆ្លៀតនៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោអំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា ដូចជាការបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាមក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាមមកកម្ពុជាបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោអំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនិសវៀតណាមនៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Nguyen Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូតនៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាមចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរលោកឯកអគ្គរដ្ឋទូត និងសហការីក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាមដែលទើបបានកន្លងផុតទៅផងដែរ។
សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេសការជួយរបស់កម្ពុជាដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាមដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចំរើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។
    |
 |
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលលោកឯកអគ្គរដ្ឋទូត បានដាក់ចេញនៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនលោកឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចតេជោ បានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែនតែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។
សម្តេចតេជោក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។
ជាចុងក្រោយ សម្តេចតេជោបានជូនពរលោក Nguyen Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕
បកប្រែដោយ Pham Diep