ក្នុងដំណើរទស្សនកិច្ចនេះ លោក Le Hoai Trung បានជួបសវនការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និង​ជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា ជួបជាមួយលោក នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

leftcenterrightdel
លោក Le Hoai Trung ជួបសវនការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក Le Hoai Trung បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាព និងអភិវឌ្ឍន៍ដ៏រឹងមាំលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង តួនាទី និងកិត្យានុភាពរបស់កម្ពុជាកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះ លោក Le Hoai Trung ក៏បានពាំនាំនូវការសួរសុខទុក្ខពីលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយ និងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា កម្ពុជាបានរក្សានូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អជាមួយប្រទេសវៀតណាមតាំងពីថ្នាក់ដឹកនាំជំនាន់មុនមក ហើយបន្តរក្សានិងលើកកម្ពស់ទំនាក់ទំនងនេះជារៀងរហូត។ ព្រមទាំង សម្តេចអះអាងពីការប្តេជ្ញាចិត្តរួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក៕

បកប្រែដោយ Pham Diep