លោកវរសេនីយ៍ឯក Nguyen Van Trai នាយកនគរបាលខេត្ត Tay Ninh បានចាត់ទុកថា នគរបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ បានសហការយ៉ាងសកម្ម និងជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងបទល្មើស សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន។

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កិច្ចសហការក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅតាមព្រំដែនរវាងខេត្ត Tay Ninh និងខេត្តត្បូងឃ្មុំ មានលទ្ធផលជាវិជ្ជមានជាច្រើន ដោយបានជួយឲ្យប្រជាពលរដ្ឋទាំងសងខាងព្រំដែនក្នុងការងារជួញដូរ ការទិញ លក់ និងផ្លាស់ប្តូរទំនិញ។ កម្លាំងនគរបាលនៃខេត្តទាំងពីរ បានផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋគ្រប់ប្រភេទ។

leftcenterrightdel
ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដិពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើស និងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែនរវាងនគរបាលខេត្ត Tay Ninh និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានស្នើឲ្យនគរបាលខេត្ត Tay Ninh បន្តបង្កើនការផ្តល់​ព័ត៌មាន​អំពីបទល្មើសគ្រប់ប្រភេទ ជាពិសេសការជួញដូរមនុស្ស ជួញដូរអាវុធ និងជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត... ទន្ទឹមនឹងនោះ ត្រូវផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ឲ្យបានល្អ ជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ ស្ដីពីការអនុលោមតាមបទបញ្ញត្តិតាមព្រំដែន។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលខេត្ត Tay Ninh ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគ្នាទៅវិញទៅមក។

លោក Nguyen Hong Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានឲ្យដឹងថា នាពេលថ្មីៗនេះ កម្លាំងនគរបាលខេត្ត Tay Ninh និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង បានអនុវត្តយ៉ាងត្រឹមត្រូវតាមស្មារតីសហប្រតិបត្តិការរបស់ក្រសួងនគរបាល (វៀតណាម) និងក្រសួងមហាផ្ទៃ (កម្ពុជា) ចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន។

លោក Nguyen Hong Thanh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរព័ត៌មានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មជួញដូរមនុស្ស... ដើម្បីកសាងព្រំដែនស្ថិរភាព រួមចំណែកធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។

ក្នុងកិច្ចប្រជុំនេះ នគរបាលខេត្ត Tay Ninh និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងបង្រ្កាបបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥៕

បកប្រែដោយ Thuy Anh