ក្នុងកិច្ចប្រជុំនេះ ខេត្ត An Giang និងខេត្តកណ្តាល បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤ លើវិស័យ៖ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែន; ការគ្រប់គ្រងព្រំដែន ការខណ្ឌសីមានិងបោះបង្គោលព្រំដែន; កសិកម្ម ពាណិជ្ជកម្ម គយ; វប្បធម៌ កីឡា សុខាភិបាល ការអប់រំ និងបណ្តុះបណ្តាល; គមនាគមន៍; ការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម; ទំនាក់ទំនងសហប្រតិបត្តិការរវាងស្រុក ទីរួមខេត្ត និងក្រុងជាប់ព្រំដែន ការផ្លាស់ប្តូរគណៈប្រតិភូ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoangiang.com.vn)

ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ខេត្ត An Giang និងខេត្តកណ្តាល បានឯកភាពគ្នាលើទិសដៅ និងភារកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ លើវិស័យជាច្រើន ដោយឈរលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។ ជាពិសេស បន្តអនុវត្តយ៉ាងតឹងរឹងនូវសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ពិធីសារស្តីពីការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ ខេត្តទាំងពីរបន្តសម្របសម្រួលក្នុងការអនុវត្តទិសដៅ និងការណែនាំរបស់គណៈកម្មាធិការព្រំដែនចម្រុះវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ដើម្បីជំរុញវឌ្ឍនភាពការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងខេត្តទាំងពីរ។

កងកម្លាំងមានសមត្ថកិច្ចនៅតាមព្រំដែនបន្តសម្របសម្រួលដើម្បីធានាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព វៀតណាម-កម្ពុជា និងប្រជាជននៃភាគីទាំងពីរ។ បន្តអនុវត្តកម្មវិធីសហប្រតិបត្តិការកសិកម្ម; គាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម រៀបចំពិព័រណ៍ និងតភ្ជាប់ពាណិជ្ជកម្ម; បន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យគយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពពាណិជ្ជកម្មតាមព្រំដែន... ដើម្បីជំរុញការនាំចេញ និងនាំចូលទំនិញ។ បន្តសម្របសម្រួលជាមួយក្រុម K៩០ (យោធភូមិភាគទី៩) នៃកងទ័ពប្រជាជនវៀតណាម អនុវត្តផែនការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅរដូវក្តៅឆ្នាំ ២០២៤ - ២០២៥ នៅខេត្តកណ្តាល។

ទន្ទឹមនឹងនោះ ជំរុញការសម្របសម្រួលល្អក្នុងការងាររណសិរ្ស អង្គការមហាជន ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល សកម្មភាពដឹកជញ្ជូន និងគមនាគមន៍។ល។ បន្តអនុវត្តឱ្យបានល្អនូវកិច្ចប្រជុំរវាងមូលដ្ឋានព្រំដែន ដើម្បីផ្លាស់ប្តូរព័ត៌មាន វាយតម្លៃស្ថានភាពទូទៅ តាមរយៈនោះ ដោះស្រាយឧប្បត្តិហេតុ និងបញ្ហានានាដែលកើតឡើងនៅតាមព្រំដែនរវាងខេត្តទាំងពីរឱ្យបានទាន់ពេលវេលា ក្នុងស្មារតីនៃសាមគ្គីភាព និងមិត្តភាព។ល៕

បកប្រែដោយ Huyen Trang