ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលគ្រឿងឥស្សរិយយសថ្នាក់សហមេត្រី
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅវិមានរដ្ឋសភាកម្ពុជា រាជធានីភ្នំពេញ តាងនាមរដ្ឋកម្ពុជា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កម្ពុជា និងវៀតណាមបានកសាងទំនាក់ទំនងមិត្តភាពល្អ និងពិសេស។ នេះគឺជាកត្តាដែលបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែង និងលទ្ធផលដ៏អស្ចារ្យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងស្មារតីនោះ ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនង ដើម្បីកសាងអនាគតល្អសម្រាប់ជំនាន់ក្រោយរបស់ប្រជាជននៃប្រទេសទាំងពីរ។ បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
|
|
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម (រូបថត៖ vnanet.vn) |
|
|
ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូនៃប្រទេសទាំងពីរ (រូបថត៖ vnanet.vn) |
អញ្ជើញថ្លែងមតិក្នុងពិធី ឯកឧត្តម Tran Thanh Man បានសង្កត់ធ្ងន់ថា គ្រឿងឥស្សរិយយសនេះមិនមែនត្រឹមជាការផ្តល់កិត្តិយសជូនលោកប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់នូវការរួមវិភាគទានរបស់រដ្ឋសភា និងថ្នាក់ដឹកនាំវៀតណាមគ្រប់ជំនាន់ បានខិតខំពូនជ្រំ រួមចំណែករឹតបន្តឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា” ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ដែលមានវប្បធម៌ និងប្រវត្តិសាស្ត្រស្រដៀងគ្នាជាច្រើន។ គណបក្សទាំងពីរមានប្រភពដើមរួមគឺបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយបានប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីរំដោះជាតិ បង្រួបបង្រួមប្រទេស ក៏ដូចជាក្នុងការងារកសាង ការពារមាតុភូមិ និងអភិវឌ្ឍន៍ប្រទេស។
តាមរយៈការឡើងចុះប្រវត្តិសាស្ត្រ ក្នុងគ្រាដ៏លំបាកបំផុត ប្រទេសទាំងពីរតែងតែប្រកៀកស្មាគ្នា។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ភាពជិតស្និទ្ធ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមកគឺជាក្រិតក្រម និងជាកត្តាសំខាន់បំផុតសម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។
ឯកឧត្តម Tran Thanh Man បានចាត់ទុកថា បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា។ ក្នុងរយៈពេលកន្លងមក រដ្ឋសភា និងប្រជាជនវៀតណាមតែងតែចែករំលែក និងរួមដំណើរជាមួយរដ្ឋសភា និងប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយចូលរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា។
ឯកឧត្តម Tran Thanh Man បានអះអាងនូវសាមគ្គីភាពជាប់លាប់ និងការគាំទ្រយ៉ាងរឹងមាំរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ ធំធេង និងទូលំទូលាយថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមតែងតែចាត់ទុកសមិទ្ធិផលរបស់កម្ពុជាជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់វៀតណាម ហើយក៏ជាសមិទ្ធិផលរបស់វៀតណាមផងដែរ។
ជាកិត្តិយសដែលបានបំពាក់គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាបានអះអាងថា នឹងបន្តការខិតខំប្រឹងប្រែង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ បក្ស រដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម Tran Thanh Man ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា សាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ និងការគាំទ្រពីសហគមន៍អន្តរជាតិ កម្ពុជាពិតជានឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់៕
បកប្រែដោយ Duy Hoan