មុនពេលដំណើរទស្សនកិច្ចនេះ អ្នកយកព័ត៌មាន បានធ្វើសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា Nguyen Huy Tang អំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះចំពោះទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា ក៏ដូចជាសកម្មភាពទ្វេភាគី និងពហុភាគីនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។
|
|
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Nguyen Huy Tang (រូបថត៖ Hoang Minh/TTXVN) |
អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងម្តេចចំពោះអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man ចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា?
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទៅកាន់កម្ពុជាដែលធ្វើឡើងក្នុងបរិបទប្រទេសទាំងពីរបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងឆ្នាំ២០២៤។ ទាំងនេះគឺជា ពិធីរំលឹកខួបលើកទី ៤៥ នៃជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែមករា ឆ្នាំ១០៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ២០២៤) ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ១៩៥៤ - ថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៤) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពនៅឥណ្ឌូចិន (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ - ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤) និងអបអរសាទរ ៥៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។
នេះក៏ជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជារបស់លោក Tran Thanh Man ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ តាងនាមបក្ស និងរដ្ឋសភាវៀតណាម លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man នឹងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិសំខាន់ៗចំនួនពីរ ដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។ នោះគឺ សន្និសីទ ICAPP និង សន្និសីទ IPTP។ នោះអះអាងជាថ្មីម្តងទៀតថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ពង្រីក និងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រួមទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្ហាញពីទំនួលខុសត្រូវ និងលើកកំពស់តួនាទីរបស់ខ្លួនជាសមាជិកសកម្មក្នុងសហគមន៍អន្តរជាតិ។
សម្រាប់ទំនាក់ទំនងទ្វេភាគី នាពេលថ្មីៗនេះ បណ្តាជំនួបនិងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពិរ បានប្រព្រឹត្តទៅជាទៀងទាត់។ ថ្មីៗនេះ លោកប្រធានរដ្ឋ To Lam បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។ ផ្ទុយទៅវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០២៣។
យើងអាចនិយាយបានថា បណ្តាជំនួប និងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃនៃប្រទេសទាំងពីរតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងតម្រង់ទិសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីនោះ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់លោកប្រធានរដ្ឋសភា Tran Thanh Man លើកនេះ មានអត្ថន័យដ៏ជ្រាលជ្រៅ សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង"; ទន្ទឹមនឹងនោះ បន្តបង្ហាញពីស្មារតីនូវទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា Tran Thanh Man នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ជាសំណង់ដែលប្រទេសវៀតណាមផ្តល់ជូនរដ្ឋសភាកម្ពុជា ហើយចាត់ទុកថា ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្តេចចំពោះទំនាក់ទំនងការទូតរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមក្ នុងរយៈពេលកន្លងមក?
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ៖ តាមការគ្រោងទុក លោកប្រធានរដ្ឋសភា Tran Thanh Man នឹងរួមជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើជាសហប្រធានក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា។ នេះជាអគារកម្ពស់ ១២ ជាន់ មានតម្លៃ ២៥ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនដល់រដ្ឋសភាកម្ពុជា បានចាប់ផ្តើមការកសាង នាខែធ្នូ ឆ្នាំ២០២១ ហើយបានបញ្ចប់ការសាងសង់ ក្រោយរយៈពេលជិត ៣ ឆ្នាំ។ នេះចាត់ទុកថាជាសំណង់និមិត្តរូបមួយនៃចំណងមិត្តភាពដ៏យូរអង្វែងរបស់ប្រជាជនទាំងពីរ ទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដែលប្រជាជនទាំងពីរនឹងរក្សាជារៀងរហូត ដូចការលើកឡើងរបស់លោកអគ្គលេខធិការរដ្ឋសភាកម្ពុជា ឡេង ប៉េងឡុង ។
ជាទូទៅ ប្រទេសទាំងពីរតែងតែយកចិត្តទុកដាក់ និងជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រពៃណីរវាងបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ បណ្តាជំនួប និងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរធ្វើឡើងជាទៀងទាត់ ដោយហេតុនេះឈានទៅដល់កិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនអំពីតម្រង់ទិសនៃទំនាក់ទំនងរួម។
ភាគីទាំងពីរក៏បានអះអាងថា ត្រូវគោរព និងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលបានចុះហត្ថលេខា ដោយប្តេជ្ញាកសាងទំនាក់ទំនងតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រក្សាបាននូវចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជាជារៀងរហូត។
|
|
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Nguyen Huy Tang ឆ្លើយបទសម្ភាសន៍ (រូបថត៖ Hoang Minh/VNA អ្នកយកព័ត៌មាននៅកម្ពុជា) |
អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូត ចែករំលែកអំពីកាលានុវត្តភាព និងអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា នាពេលខាងមុខ ជាពិសេសក្នុងវិស័យការទូតសភា?
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ៖ ខ្ញុំគិតថា ទំនាក់ទំនងកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ក្រៅពីការលំបាក យើងមានឱកាសជាច្រើន ដើម្បីបន្តពង្រីក និងនាំទំនាក់ទំនងអភិវឌ្ឍឡើងដល់កម្ពស់ថ្មី ជាពិសេសក្នុងបរិបទដែលកម្ពុជាមានសន្តិភាព និងស្ថិរភាព។ រាជរដ្ឋាភិបាលកម្ពុជានិតីកាលទី ៧ បាននិងកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ជាមួយនឹងគោលនយោបាយ និងយន្តការបើកចំហជាច្រើន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទីជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ក្រៅពីយន្តការសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានយន្តការសហប្រតិបត្តិការពហុភាគីដែលភាគីទាំងពីរចូលរួមផងដែរ។ ខ្ញុំគិតថា ទី១៖ យើងត្រូវយកចិត្តទុកដាក់លើកកម្ពស់វិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការ បីភាគី ឬបួនភាគី រវាងវៀតណាម និងកម្ពុជាជាមួយប្រទេសទីបី ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ទាក់ទងនឹងបញ្ហាអាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលខាងមុខ ខ្ញុំគិតថា ជាដំបូងយើងត្រូវបន្តរក្សា និងលើកកម្ពស់ទំនាក់ទំនងនយោបាយល្អ តម្រង់ទិសទំនាក់ទំនងរួមនៃប្រទេសទាំងពីរ។ ក្រៅពីនោះ លើកកម្ពស់ការយល់ដឹងឥតឈប់ឈរអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។
ទី២ ភាគីទាំងពីរត្រូវចាប់យកឱកាស និងជំនះរាល់បញ្ហាប្រឈម ដើម្បីបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមានការផ្លាស់ប្តូរជាក់ស្តែង ក្លាយជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ទី៣ ភាគីទាំងពីរត្រូវបន្តរក្សា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងកិច្ចការបរទេស ធានាសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ព្រោះសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់ប្រទេសមួយ ក៏ជាផលប្រយោជន៍របស់ប្រទេសមួយទៀតផងដែរ។ អាស្រ័យហេតុនេះ ភាគីទាំងពីរចាំបាច់ពិគ្រោះជាមួយគ្នាទៅវិញទៅមកជាប្រចាំ ទាំងក្នុងយន្តការទ្វេភាគី និងពហុភាគី វេទិកាក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាផលប្រយោជន៍របស់ប្រទេសនីមួយៗ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើឆាកអន្តរជាតិ ផងដែរ។
ទី៤ យើងត្រូវបន្តរក្សា លើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន រដ្ឋសភានៃប្រទេសទាំងពីរ មូលដ្ឋាន និងអង្គការនយោបាយសង្គម ឱ្យកាន់តែអនុវត្តជាក់ស្តែង និងបង្កើតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ទី៥ យើងត្រូវយកចិត្តទុកដាក់លើការអប់រំ និងឃោសនាប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីនូវចំណងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីឲ្យយុវជនជំនាន់ក្រោយមានទំនួលខុសត្រូវរក្សា និងពូនជ្រុំទំនាក់ទំនងនេះឱ្យរីកចម្រើនជារៀងរហូត ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។
អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ រដ្ឋសភាវៀតណាម និងរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាបានបន្តរក្សា និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដែលមានស្រាប់ដោយឥឥឈប់ឈរ។ ក្រោមការដឹកនាំរបស់ប្រធានព្រឹទ្ធសភាថ្មី សម្ដេចតេជោ ហ៊ុន សែន និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្ថាប័ននីតិប្បញ្ញត្តិទាំងពីររបស់កម្ពុជា កំពុងជំរុញសកម្មភាពសហប្រតិបត្តិការជាមួយស្ថាប័ននីតិបញ្ញត្តិនៃប្រទេសផ្សេងៗ រួមទាំងរដ្ឋសភាវៀតណាមផងដែរ។
អ្នកយកព័ត៌មាន៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកប្រធានរដ្ឋសភាTran Thanh Man ក៏នឹងអញ្ជើញចូលរួមសន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ ដូចជាសន្និសីទ ICAPP លើកទី ១២ និងសន្និសីទ IPTP លើកទី ១១ ផងដែរ។ តើការដែលលោកប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិនៅកម្ពុជានាខាងមុខនេះគឺបង្ហាញសារអ្វី ?
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ៖ សម្រាប់សន្និសីទ ICAPP លើកទី ១២ វៀតណាមជាសមាជិក និងបានចូលរួមគ្រប់សន្និសីទ។ ចំពោះសន្និសិទ IPTP លើកទី ១១ យើងមិនមែនជាសមាជិក ប៉ុន្តែវៀតណាមមិនទាន់ចូលរួមក្នុងសន្និសីទណារបស់អង្គការនេះទេ។ នេះជាលើកទីមួយដែលវៀតណាមចូលរួមក្នុងសន្និសីទ ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។
ការដែលលោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញចូលរួមក្នុងសន្និសីទទាំងពីរខាងលើនោះដែលបង្ហាញឱ្យឃើញ ថា ម៉្យាងយើងចាប់អារម្មណ៍ចំពោះតួនាទីរបស់ប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ម៉្យាងវិញទៀត នេះក៏បង្ហាញតួនាទី និងកិត្យានុភាពរបស់វៀតណាម បានលើកកំពស់ដោយឥតឈប់ឈរនៅលើឆាកអន្តរជាតិ។
វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងវេទិកាអន្តរជាតិ និងតំបន់ ដើម្បីលើកកម្ពស់តួនាទី និងការរួមចំណែកក្នុងបញ្ហាសកល និងតំបន់ ដើម្បីពិភពលោកមានសន្តិភាព និងសុភមង្គលរបស់មនុស្សជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Duy Hoan