អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីអត្ថន័យនៃដំណើរទស្សនកិច្ចពិសេសនេះរបស់លោកប្រធានរដ្ឋ To Lam និងការវាយតម្លៃអំពីទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា?

លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet៖ តបតាមការអញ្ជើញរបស់លោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានរដ្ឋ To Lam នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ និងកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ To Lam ចាប់តាំងពីចូលកាន់តំណែង។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏ធំធេងណាស់ដោយបង្ហាញពីសារដ៏សំខាន់របស់បក្ស និងរដ្ឋវៀតណាម ក៏ដូចជារបស់លោកប្រធានរដ្ឋដោយផ្ទាល់ដែលជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង វៀតណាម-កម្ពុជា។

នោះក៏ជាសារបញ្ជាក់ពីចំណងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងប្រទេសទាំងបី។ វៀតណាម ឡាវ និងកម្ពុជា មានភូមិសាស្ត្រជិតគ្នា មានភាពស្និទ្ធស្នាលខាងប្រវត្តិសាស្ត្រវប្បធម៌ ហើយបក្សដឹកនាំក្នុងប្រទេសទាំងបីមានដើមកំណើតរួម គឺបក្សកុម្មុយនិស្តឥណ្ឌូចិន។ ប្រជាជននៃប្រទេសទាំងបីក៏សាមគ្គីគ្នា និងលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុរំដោះជាតិ ឯកភាពជាតិ និងអភិវឌ្ឍប្រទេសដូចសព្វថ្ងៃនេះ។

ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់ ជាពិសេសលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ជាមួយការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ដំណើរទស្សនកិច្ចនេះនឹងកត់សម្គាល់នូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព គោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក រួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងជាមួយប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ពង្រឹងសាមគ្គីភាព វៀតណាម-ឡាវ-កម្ពុជា និងអាស៊ាន។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីវាយតម្លៃជាទូទៅអំពីទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរ ហើយចំណុចលេចធ្លោជាមួយប្រទេសនីមួយៗ?

លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet៖ ទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ និងគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត និងភាពជិតស្និទ្ធ។ កិច្ចសហប្រតិបត្តិការរវាងបក្សនានាដើរតួនាទីស្នូល បាននិងកំពុងតម្រង់ទិស និងដឹកនាំការអភិវឌ្ឍយ៉ាងខ្លាំក្លា។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងវៀតណាម ជាមួយឡាវ និងកម្ពុជាកំពុងក្លាយជាសសរស្តម្ភសហប្រតិបត្តិការដ៏រឹងមាំ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាព សន្តិសុខ នយោបាយ និងសង្គមរបស់ប្រទេសនីមួយៗ ជាពិសេសនៅតាមតំបន់ព្រំដែន។ វៀតណាម ឡាវ និងកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញនឹងប្រទេសមួយទៀត។ ប្រទេសទាំង៣ កំពុងជំរុញយន្តការសហប្រតិបត្តិការសំខាន់ៗដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំង៣ និងសមយុទ្ធជួយសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំង៣; កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងនគរបាល/ក្រសួងមហាផ្ទៃទាំង៣។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មបន្តរីកចម្រើនប្រកបដោយវិជ្ជមាន និងប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនមានការអភិវឌ្ឍយ៉ាងស្វាហាប់ មិនត្រឹមតែបង្កើនភាពស្អិតរមួតរវាងប្រទេសទាំងបីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ក៏ដូចជារវាងប្រទេសទាំងបី។ កិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ត្រូវបានធ្វើឡើងជាប្រចាំដើម្បីផ្លាស់ប្តូរ និងស្វែងរកដំណោះស្រាយជាបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ វៀតណាមបន្តជាវិនិយោគិន និងដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់ប្រទេសឡាវ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសទាំងបី។ វៀតណាម ឡាវ និងកម្ពុជាសុទ្ធតែផ្តល់អាទិភាពខ្ពស់ដល់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាពិសេសចំពោះយុវជនជំនាន់ក្រោយអំពីតម្លៃជាប្រវត្តិសាស្ត្រនៃសាមគ្គីភាព ប្រពៃណីមិត្តភាព និងការលះបង់គ្នាទៅវិញទៅមករវាងប្រទេសទាំងបី។ លើសពីនេះ វៀតណាមយកចិត្តទុកដាក់ជួយឡាវ និងកម្ពុជាដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស។ ចំនួននិស្សិតផ្លាស់ប្តូររវាងវៀតណាម និងឡាវ វៀតណាម និងកម្ពុជាកំពុងកើនឡើងប្រកបដោយគុណភាពខ្ពស់ ដែលជាធនធានមនុស្សរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ បង្កើនការយល់ដឹង និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យដូចជា គមនាគមន៍ការដឹកជញ្ជូន វប្បធម៌-សង្គម ទេសចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ក៏កំពុងរីកចម្រើនខ្លាំងផងដែរ។ ជាពិសេស ការងារដោះស្រាយឯកសារផ្លូវច្បាប់សម្រាប់ជនដើមកំណើតវៀតណាមនៅកម្ពុជា ជាជំហានរីកចម្រើនថ្មី ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនដើមកំណើតវៀតណាមរស់នៅ និងធ្វើការនៅកម្ពុជា។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ To Lam គ្រោងនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃប្រទេសឡាវ និងកម្ពុជា។ នេះគឺជាឱកាសអំណោយផលសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់ វិស័យសហប្រតិបត្តិការសំខាន់ៗ និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះពិតជានឹងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង វៀតណាម-កម្ពុជា ឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ និងរឹងមាំថែមទៀត ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជាអាស៊ាន យន្តការសហប្រតិបត្តិការមហាអនុតំបន់មេគង្គ  និងអង្គការសហប្រជាជាតិ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang