ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក Do Can បានបញ្ជាក់ថា នៅអតីតកាល ដោយមានការជួយគាំទ្រពីប្រទេសវៀតណាម អង្គភាពលេខ ១២៥ ជាអង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នជាកងយោធពលខេមរភូមិន្ទ) បានអភិវឌ្ឍ ហើយរួមជាមួយកងទ័ពប្រជាជនវៀតណាម ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាព សេរីភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា។ យុទ្ធជនចំនួន ៤៩ នាក់នៃអង្គភាពលេខ ១២៥ បានរងរបួស និងពលីស្របពេលប្រយុទ្ធនៅកម្ពុជា  ហើយបានបញ្ចុះទៅទីរួមស្រុក Long Giao ស្រុក Cam My។ តំបន់នេះត្រូវបានរៀបចំទៅជាបូជនីយដ្ឋាន ដោយរក្សាទុកតំបន់នេះជាមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ នេះជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ឯក Do Can ប្រគល់ឯកសារប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន ចំនួន ៤៩ អដ្ឋិធាតុ

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណជូនចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលជួយគាំទ្រកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាព និងសុភមង្គលជូនប្រជាជនកម្ពុជា នាពេលកន្លងមក ក៏ដូចជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាម និងអាជ្ញាធរ ប្រជាជនខេត្ត Dong Nai ដែលថែទាំយ៉ាងល្អនូវអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ ក្នុងប៉ុន្មានឆ្នាំកន្លងមក ក៏ដូចជាការសម្របសម្រួលក្នុងការរៀបចំពិធីប្រគល់ទទួល និងការធ្វើមាតុភូមិនិវត្តន៍យ៉ាងឱឡារិក។ តាមរយៈនោះ បង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់លិខិតថ្លែងអំណរគុណរបស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាលវៀតណាម ជូនដល់លោកឧត្តមសេនីយ៍ឯក Do Can៕

បកប្រែដោយ Thuy Anh