ក្នុងព្រះរាជសារផ្ញើជូនលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា "ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុតចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើម និងល្អប្រពៃមួយរូបនៃប្រជាជាតិ និងប្រជាជនវៀតណាមដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍសាធារណរដ្ឋសង្គមនិយម វៀតណាម"។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម

 

* នៅថ្ងៃទី ៧ ខែសីហា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូន លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២០។ ក្នុងសាររំលែកទុក្ខនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា៖ មរណភាពរបស់ លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម គឺជាការបាត់បង់ដ៏ធំធេងនូវ មេដឹកនាំដ៏វៀងវៃមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិតក្នុងការតស៊ូ ដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំងសន្តិភាពនិងវិបុលភាពសម្រាប់ប្រជាជន វៀតណាម ក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ តែរវាងរដ្ឋាភិបាលនិងប្រជាជនយើងទាំងពីរផងដែរ

* នៅថ្ងៃទី ៩ ខែ សីហា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា  និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូន លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu  អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដោយចាត់ទុកថា មរណភាពរបស់លោក Le Kha Phieu  គឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាការបាត់បង់មិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។

* សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ បានផ្ញើសារជូនលោក Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាមដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu  អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើសារជូន លោក Phan Van Giang អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនិងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក Le Kha Phieu  អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម។ នៅក្នុងសាររំលែកទុក្ខនេះ បានសរសេរថា “មរណភាពរបស់លោក Le Kha Phieu  គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និងយុទ្ធសាស្ត្រមួយរូបដែលបានចូលរួមធ្វើពលិកម្មធ្វើបដិវត្តន៍ពោរពេញដោយភាពលះបង់អង់អាចក្លាហានក្នុងការតស៊ូដើម្បីទាមទារឯករាជ្យ និងសុខសន្តិភាពសម្រាប់ប្រជាជននិងប្រទេសវៀតណាម"។ លោក Le Kha Phieu  ជាយុទ្ធមិត្តដែលយូរអង្វែងរបស់កម្ពុជាដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណង មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកងទ័ពយើងទាំងពីរផងដែរ។

តាងនាមប្រជាជនកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋ កងទ័ពនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងកងទ័ពប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសាររបស់លោក Le Kha Phieu    ចំពោះការបាត់បង់ដ៏ធំធេងនិងសោកសៅនេះ៕

បកប្រែដោយ Pham Diep