ខេត្ដ Dong Thap បានប្រគល់ឧបករណ៍វេជ្ជសាស្រ្តនិងបរិក្ខារពេទ្យជូនខេត្ដព្រៃវែងដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19
កប.អនឡាញ - នាព្រឹកថ្ងៃទី ១០ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ស្រុក Tan Hong តំណាងគណៈកម្មាធិការប្រជាជននិងមន្ទីរនានានៃខេត្ត Dong Thap វៀតណាម បានប្រគល់ម៉ាស់ចំនួន ៣៦,០០០ សន្លឹក ស្រោមដៃ ២០០ គូ និងទឹកថ្នាំកម្ចាត់មេរោគចំនួន ៧០០ ដប សាប៊ូដុំ ៣,០០០ ដុំ និងមីកញ្ចប់ ៦០ ធុងជូនខេត្ដព្រៃវែង។
    |
 |
តំណាងថ្នាក់ដឹកនាំខេត្ដ Dong Thap បានប្រគល់ឧបករណ៍វេជ្ជសាស្រ្តនិងបរិក្ខាពេទ្យជូនខេត្ដព្រៃវែង |
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណដល់អាជ្ញាធរ និងប្រជាជនខេត្ត Dong Thap ដែលបានចែករំលែកនិងជួយគាំទ្រដល់ខេត្តព្រៃវែងក្នុងគ្រាលំបាក ជាពិសេសកងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នៅតាមព្រំដែន។ លោក ជា សុមេធី មានបំណងចង់បន្តទទួលបានការជួយគាំទ្រពីខេត្ត Dong Thap ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នាពេលខាងមុខ។
ក្នុងឱកាសនេះដែរ លោក Nguyen Van Duong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានផ្ញើសារអបអរសាទរដល់ប្រជាជននិងអាជ្ញាធរខេត្តព្រៃវែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។
លោក Nguyen Van Duong បានស្នើឲ្យកងកម្លាំងដែលកំពុងបំពេញការងារនៅតាមព្រំដែនទាំងសងខាងត្រូវបង្កើនការយាមល្បាតនិងត្រួតពិនិត្យតំបន់សំខាន់ៗដូចជាផ្លូវលំដើម្បីទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយនិងធ្វើចលនាឲ្យប្រជាពលរដ្ឋលើកកម្ពស់ការយល់ដឹងនិងអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព៕
បកប្រែដោយ Pham Diep