លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
កប.អនឡាញ - នៅរសៀលថ្ងៃទី១៧ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។
យោងតាមលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបានបញ្ជាក់តួនាទីជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម-ចិន ដែលបង្ហាញតាមរយៈខ្លឹមសារ និងវិស័យសហប្រតិបត្តិការជាច្រើន ហើយសម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាព ជាពិសេសនៅក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ យន្តការសហប្រតិបត្តិការដែលត្រូវបានជម្រុញដោយភាគីទាំងពីរ កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានាក្នុងកងទ័ព រវាងកងឆ្មាំសមុទ្រ កងទ័ពការពារព្រំដែននៃភាគីទាំងពីរ។ល។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក He Wei |
នៅខែមេសា ឆ្នាំ២០២៥ ភាគីទាំងពីរបានរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ ដោយជោគជ័យ ដែលរួមចំណែកដល់ការរក្សាព្រំដែន និងបង្គោលព្រំដែនគោកប្រកបស្ថិរភាព និងជម្រុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ នាពេលខាងមុខ ដោយផ្អែកលើទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តជម្រុញ និងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យផ្សេងៗ ហើយជម្រុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។
ក្នុងឱកាសនេះ លោក He Wei បានអបអរសាទរខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ដោយបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំចូលរួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh