វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសកលក្នុងការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងបាងកក ប្រទេសថៃ កិច្ចប្រជុំអន្តរជាតិស្តីពី “ភាពជាដៃគូសកលប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត” ដែលរៀបចំដោយរដ្ឋាភិបាលថៃ និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពី ៥៨ ប្រទេស និងអង្គការអន្តរជាតិជាច្រើន។
កិច្ចប្រជុំក្នុងរយៈពេលពីរថ្ងៃនេះបានផ្តោតលើដំណោះស្រាយដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាបញ្ហាប្រឈមឆ្លងដែនដែលទាក់ទងនឹងការជួញដូរមនុស្ស ការប្រើពលករដោយបង្ខំ និងការលាងលុយកខ្វក់។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចូលរួមកិច្ចប្រជុំ ហើយអំពាវនាវឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការសកល ដើម្បីកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព។
    |
 |
|
ប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ (រូបថត៖ vov.vn) |
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ថា “ការឆបោកតាមប្រព័ន្ធអ៊ីនធឺណេតជាសកម្មភាពឆ្លងដែនដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសេដ្ឋកិច្ច។ យើងត្រូវការវេទិកាសហប្រតិបត្តិការសកលដើម្បីចែករំលែកព័ត៌មាន និងចាត់វិធានការសហការ”។
នៅក្នុងកិច្ចប្រជុំនេះ លោក Le Anh Tuan បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអ៊ីនធឺណេតគ្មានព្រំដែនទេ ហើយទាមទារកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព។ លោកក៏បានអំពាវនាវឲ្យប្រទេសនានា បន្តចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាទីក្រុងហាណូយស្ដីពីប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយសង្កត់ធ្ងន់ថា ការចែករំលែកព័ត៌មាន និងភស្តុតាងអេឡិចត្រូនិកយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយឧក្រិដ្ឋកម្មប្រភេទនេះ។
កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងអនុម័តលើសេចក្តីប្រកាសរួមនៃភាពជាដៃគូសកលស្ដីពីការបង្រ្កាបការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងប្រកបដោយចីរភាព៕
បកប្រែដោយ Thanh Cong