លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបមេបញ្ជាការកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន
កប.អនឡាញ - នៅថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកឧត្តមនាវីឯក Saito Akira មេបញ្ជាការកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានបញ្ជាក់ថា វៀតណាម និងជប៉ុនមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងមានភាពស្រដៀងគ្នាជាច្រើនចំពោះវប្បធម៌ និងទំនៀមទម្លាប់។ ជាពិសេស ការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ បានបង្កើតកម្លាំងចលករសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងជំនឿថា ទំនាក់ទំនងរវាងវៀតណាម និងជប៉ុននឹងបន្តអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកឧត្តមនាវីឯក Saito Akira |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុន បានពង្រីកឲ្យស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ ការពិគ្រោះយោបល់រវាងនាយទាហានសេនាធិការ ការចូលរួមក្នុងព្រឹត្តិការណ៍ពហុភាគីអន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ...។ ការណ៍នេះបានរួមចំណែកលើកកម្ពស់ជំនាញ បច្ចេកទេស ពង្រឹងទំនាក់ទំនងមិត្តភាព និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងកងកម្លាំងទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម នឹងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
លោកឧត្តមនាវីឯក Saito Akira បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរជប៉ុន និងវៀតណាម។ លោកបានឯកភាពជាមួយនឹងមតិរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ហើយសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយរួម រវាងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន និងកងទ័ពជើងទឹកវៀតណាមនិយាយដោយឡែក នឹងអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត៕
បកប្រែដោយ Thuy Anh