កងទ័ពទាំងមូលបង្កើនល្បឿន សម្រេចបាននូវសមិទ្ធផល និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អនៅឆ្នាំ ២០២៥
ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដោយរាយការណ៍អំពីការវាយតម្លៃលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងឆ្នាំ ២០២៥ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានបញ្ជាក់ថា៖ នៅឆ្នាំ ២០២៥ ដោយមានស្មារតីសកម្ម ការទទួលខុសត្រូវ និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានផ្តោតលើការដឹកនាំ និងណែនាំកងទ័ពទាំងមូលឱ្យជំនះរាល់ការលំបាក បង្កើនល្បឿន សម្រេចបាននូវសមិទ្ធផល និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ។ គួរឱ្យកត់សម្គាល់គឺ៖ កងទ័ពទាំងមូលបានរក្សាការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនប្រយុទ្ធខ្ពស់ យល់ជ្រាប និងព្យាករណ៍ពីស្ថានភាពបានត្រឹមត្រូវ ផ្តល់ប្រឹក្សាដល់បក្ស និងរដ្ឋយ៉ាងឆាប់រហ័សអំពីការដោះស្រាយស្ថានភាពប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាព ទប់ស្កាត់រាល់ភាពអសកម្ម និងការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ និងសម្របសម្រួលជាមួយកងកម្លាំងផ្សេងៗទៀតដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទូទាំងប្រទេស។ សិក្សាយ៉ាងសកម្មអំពីសង្គ្រាម និងជម្លោះយោធានៅជុំវិញពិភពលោក និងក្នុងតំបន់ ដោយលើកឡើងគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដើម្បីបំពេញតាមតម្រូវការ និងភារកិច្ចនៃការកសាង និងការពារជាតិ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
កងទ័ពបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរាល់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីប្រមូលផ្តុំកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល កសាងប្រព័ន្ធខឿនការពារជាតិយ៉ាងរឹងមាំ ការពារតំបន់យោធា និងតំបន់ការពារខេត្ត និងក្រុង។ កែសម្រួលការដាក់ពង្រាយកម្លាំងការពារជាតិ និងប្រៀបការពារជាតិ ទីតាំងឈរជើងឱ្យបានទាន់ពេលវេលាឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង។ អនុវត្តភារកិច្ចការពារដោយផ្នែកស៊ីវិលប្រកបដោយប្រសិទ្ធភាព ចាត់តាំងកងទ័ពចូលរួមក្នុងរាល់ការបង្ការ ការជួយសង្គ្រោះ និងការស្តារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋអញ្ជើញចូលរួម និងមានអនុសាសន៍សំខាន់ៗនៅក្នុងសន្និសីទ |
គ្រប់គ្រងត្រួតត្រាលើដែនអាកាស ដែនសមុទ្រ ព្រំដែន តំបន់ដីគោក លំហអ៊ីនធឺណិត ការកែសម្រួលការរៀបចំកងកម្លាំងយ៉ាងតឹងរ៉ឹងត្រឹមត្រូវ ពង្រឹងការត្រួតពិនិត្យ ការណែនាំ ការដកបទពិសោធន៍ ការបណ្តុះបណ្តាលកម្មាភិបាល ការដោះស្រាយរាល់បញ្ហាដែលកំពុងកើតឡើងយ៉ាងឆាប់រហ័ស និងការថែរក្សាឱ្យប្រព័ន្ធអង្គការយោធាក្នុងស្រុកបានប្រតិបត្តិការយ៉ាងរលូន ក្រោមយន្តការរដ្ឋបាលអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ការរៀបចំការបណ្តុះបណ្តាល ការហ្វឹកហ្វឺន ការអប់រំ ការប្រឡងប្រណាំង និងព្រឹត្តិការណ៍ប្រកួតកីឡាយ៉ាងហ្មត់ចត់ និងជាក់ស្តែង។ ដឹកនាំរាល់សមយុទ្ធ ការហាត់សមទទួលបានលទ្ធផលជាក់ស្តែង ប្រសិទ្ធភាព ធានាបានគុណភាព និងសុវត្ថិភាព។ ការហ្វឹកហ្វឺន និងការរៀបចំក្បួនដង្ហែ ក្បួនព្យុហយាត្រាសម្រាប់ចូលរួមកម្មវិធីរំលឹកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិឡើងវិញ ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា ក៏ដូចជាការចាត់តាំងកម្លាំងចូលរួមក្នុងក្បួនដង្ហែរយោធានៅសហព័ន្ធរុស្ស៊ី ដើម្បីរំលឹកខួបលើកទី ៨០ នៃជ័យជម្នះលើរបបហ្វាស៊ីសនិយម ត្រូវបានរៀបចំយ៉ាងល្អ ឧឡារិក និងមានឥទ្ធិពល ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍វិជ្ជមានចំពោះប្រជាជន និងមិត្តភក្តិអន្តរជាតិ។
គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស ទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ឆ្លុះបង្ហាញពីស្មារតីប្រយុទ្ធ ការធ្វើជាគំរូល្អ សាមគ្គីភាព និងបំពេញតួនាទីជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ជំរុញការសិក្សា និងការធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកហូជីមិញ រួមផ្សំជាមួយនឹងចលនាប្រឡងប្រណាំង"ប្តេជ្ញាឈ្នះ" សម្រេចបានលទ្ធផលជាក់ស្តែង បង្កើតបានសន្ទុះថ្មី និងកម្លាំងចលករថ្មីសម្រាប់ជួយកងទ័ពទាំងមូលឱ្យបំពេញភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ។
ប្តេជ្ញាចិត្តស្រាវជ្រាវ និងផលិតសព្វាវុធទំនើបៗ
ជាទីបញ្ចប់នៃសន្និសីទ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសរសើរដល់រាល់ស្ថាប័ន និងអង្គភាពចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពសកម្ម ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យនៅឆ្នាំ ២០២៥ ជាពិសេសការត្រៀមខ្លួនប្រយុទ្ធ ការហ្វឹកហ្វឺន លំហាត់សមយុទ្ធ ក្បួនដង្ហែ និងការស្រាវជ្រាវ និងផលិតសព្វាវុធ និងឧបករណ៍ជាដើម។
ដោយផ្អែកលើការព្យាករណ៍ និងការវិភាគស្ថានភាពសកល តំបន់ និងក្នុងប្រទេសទាក់ទងនឹងភារកិច្ចយោធា និងការពារជាតិ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើសុំឱ្យរាល់ស្ថាប័ន និងអង្គភាពទាំងអស់ត្រូវតែមានភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តស្រាវជ្រាវ និងផលិតអាវុធ និងឧបករណ៍ទំនើបៗ ដោយបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យនៅឆ្នាំ ២០២៦។ ដូច្នេះ កងទ័ពត្រូវតែមានភាពសកម្ម មានការយល់ដឹង និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនសម្រាប់ការស្រាវជ្រាវ ការព្យាករណ៍ និងការផ្តល់ប្រឹក្សាជាយុទ្ធសាស្ត្រដល់បក្ស និងរដ្ឋ ដើម្បីដោះស្រាយស្ថានភាពយោធា និងការពារជាតិដោយជោគជ័យ ដោយជៀសវាងភាពអសកម្ម។ ពង្រឹងការកសាងតំបន់ការពាររឹងមាំ ស្រាវជ្រាវ និងអភិវឌ្ឍទ្រឹស្តី សិល្បៈយោធា សង្គ្រាមប្រជាជន និងឆ្លើយតបដោយជោគជ័យចំពោះសង្គ្រាមគ្រប់ប្រភេទក្នុងស្ថានភាពថ្មី។ កែសម្រួលប្រៀបយុទ្ធសាស្ត្រ ផែនការការពារជាតិ និងផែនការប្រយុទ្ធទៅតាមព្រំប្រទល់រដ្ឋបាលថ្មី។ អនុវត្តដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារការពារជាតិ ការបណ្តុះបណ្តាល ការហ្វឹកហ្វឺនកម្មាភិបាល កសាង និងដំណើរការសាខាបក្ស បញ្ជាការដ្ឋានយោធាកម្រិតឃុំ កងកម្លាំងបម្រុង និងកងជីវពល បំពេញតាមតម្រូវការ និងភារកិច្ចនៃយុគសម័យថ្មី។
ផ្តោតលើការកសាងកងទ័ពបដិវត្តន៍ ចំណាន វីរភាព និងទំនើប លើកកម្ពស់គុណភាព និងកម្លាំងប្រយុទ្ធទាំងមូលរបស់កងទ័ពទាំងមូល។ រក្សាយ៉ាងតឹងរ៉ឹងនូវរបបកាតព្វកិច្ចត្រៀមខ្លួនប្រយុទ្ធ គ្រប់គ្រងយ៉ាងដិតដល់នូវដែនអាកាស តំបន់សមុទ្រ ព្រំដែន តំបន់ដីគោក និងលំហអ៊ីនធឺណិត។ រៀបចំការបណ្តុះបណ្តាលហ្វឹកហ្វឺនស្របតាមគោលការណ៍ ទស្សនៈ និងយន្តការសម្របសម្រួលត្រឹមត្រូវ។ យកចិត្តទុកដាក់លើការបណ្តុះបណ្តាល ការហ្វឹកហ្វឺនដើម្បីធ្វើជាម្ចាស់លើសព្វាវុធ និងឧបករណ៍ដែលមានស្រាប់ ក៏ដូចជាអាវុធថ្មី និងទំនើបៗ។ ផ្លាស់ថ្មីខ្លឹមសារ កម្មវិធី និងវិធីសាស្រ្តបង្រៀន លើកកម្ពស់ការកែលម្អគុណភាពនៃការបណ្តុះបណ្តាលហ្វឹកហ្វឺន ដោយបំពេញតាមតម្រូវការនៃការកសាងកងទ័ពទំនើប និងប្រព័ន្ធនយោបាយក្នុងបរិបទថ្មី។ ជំរុញការកសាងអង្គភាពរឹងមាំយ៉ាងទូលំទូលាយជា "គំរូ និងលេចធ្លោ" និងរក្សាវិន័យ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង។
ការច្នៃប្រឌិតខ្លឹមសារ ទម្រង់ លើកកម្ពស់ចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ
នៅក្នុងសន្និសីទនេះ គណៈកម្មការរៀបចំបានប្រកាសសេចក្តីសម្រេចផ្តល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីបីរបស់ប្រធានរដ្ឋវៀតណាម ដល់ក្រសួងការពារប្រទេស និងបុគ្គលពីរនាក់គឺ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Vo Minh Luong សម្រាប់កត់សម្គាល់ស្នាដៃលេចធ្លោក្នុងចលនា "រួមគ្នាលុបបំបាត់ផ្ទះទ្រុឌទ្រោមទូទាំងប្រទេសនៅឆ្នាំ ២០២៥"។
ក្នុងនាមក្រុមប្រឹក្សាប្រឡងប្រណាំង នៃក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានបំផុសចលនាប្រឡងប្រណាំង "ប្តេជ្ញាឈ្នះ" ក្នុងឆ្នាំ ២០២៦ ដោយមានប្រធានបទ៖ "សាមគ្គីភាព វិន័យ តាំងចិត្តទម្លាយភាពទាល់ច្រក ច្នៃប្រឌិត និងការតាំងចិត្តឈ្នះ"។
ដោយផ្អែកលើប្រធានបទ និងគោលការណ៍ណែនាំនៃចលនាប្រឡងប្រណាំង លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម បានស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការ និងក្រុមប្រឹក្សាប្រឡងប្រណាំងគ្រប់លំដាប់ថ្នាក់ អនុវត្តបានល្អនូវគោលបំណង និងខ្លឹមសារនៃចលនាប្រឡងប្រណាំងប្រកបដោយប្រសិទ្ធភាពតាមការកំណត់។ យល់ដឹងជ្រាបអំពីសតិអារម្មណ៍របស់លោក ហូជីមិញ អំពីការប្រឡងប្រណាំងស្នេហាជាតិ គោលការណ៍ណែនាំ និងទស្សនៈរបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋអំពីការប្រឡងប្រណាំង ព្រមទាំងសេចក្តីសម្រេច សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានលើភារកិច្ចយោធា និងការពារជាតិក្នុងស្ថានភាពថ្មី។ អនុវត្តយ៉ាងស៊ីសង្វាក់គ្នាចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ និងចលនា និងចលនាប្រឡងប្រណាំងផ្សេងៗទៀតឲ្យបានទូលំទូលាយ និងស្របពេលគ្នា បន្តច្នៃប្រឌិតខ្លឹមសារ និងទម្រង់នៃការប្រឡងប្រណាំងយ៉ាងសកម្ម។ ធ្វើការងារសរសើរឲ្យបានល្អ បង្កើតកម្លាំងលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់សមូហភាព និងបុគ្គលឲ្យខិតខំបន្តដើម្បីបំពេញភារកិច្ចដែលបានកំណត់ទាំងអស់ដោយជោគជ័យ៕
បកប្រែដោយ Minh Trung