លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើជាអធិបតីក្នុងពិធីលៀងសាយភោជន៍។ ថ្នាក់ដឹកនាំនៃស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធានៃបណ្ដាប្រទេស និងតំណាងនៃបណ្តាអង្គការអន្តរជាតិប្រចាំនៅវៀតណាមក៏មានវត្តមានក្នុងឱកាសនេះ។

ក្នុងពិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្នុងរយៈពេលជាង ៨១ ឆ្នាំនៃការកសាងនិងអភិវឌ្ឍ កងទ័ពប្រជាជនវៀតណាមបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិ ការការពារមាតុភូមិ និងការបំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿង។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធីលៀងសាយភោជន៍

យោងតាមលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្ថានភាពពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះ ប្រទេសទាំងឡាយគប្បីពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ នៅក្នុងបរិបទនេះ វៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក នឹងតែងតែជាមិត្តដ៏ស្មោះត្រង់ ជាដៃគូសកម្ម គួរឲ្យទុកចិត្ត និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

ក្នុងនាមគណៈប្រតិភូអនុព័ន្ធយោធាប្រចាំនៅវៀតណាមរបស់បណ្ដាប្រទេស លោកវរសេនីយ៍ឯក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលី និងជាប្រធានគណៈប្រតិភូអនុព័ន្ធយោធាប្រចាំវៀតណាមនៃបណ្ដាប្រទេស បានចែករំលែកចំណាប់អារម្មណ៍ល្អចំពោះកងទ័ពប្រជាជនវៀតណាម ព្រមទាំងបញ្ជាក់ពីតួនាទី និងការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨១ ឆ្នាំកន្លងមក។

លោកវរសេនីយ៍ឯក Mick Jansen បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់នាយទាហាន និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម ក៏ដូចជាសមត្ថភាពឆ្លើយតបយ៉ាងរហ័សរបស់កងទ័ពប្រជាជនវៀតណាមក្នុងសកម្មភាពសង្គ្រោះគ្រោះមហន្តរាយទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំនះផលវិបាកនៃការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាក្នុងខែមីនា និងមេសា ឆ្នាំនេះផងដែរ៕

បកប្រែដោយ Thuy Anh