សកម្មភាពរបស់នាវា 015 - Tran Hung Dao ក្នុងដំណើរទស្សនកិច្ចការនៅប្រទេសជប៉ុន
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់នាវា 015 - Tran Hung Dao នារសៀលថ្ងៃទី ៩ ខែធ្នូ ក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាមដែលដឹកនាំដោយលោកវរនាវីឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់ទី ៤ កងទ័ពជើងទឹក បានចូលជួបសម្តែងការគួរសមជាមួយលោក Yoshiake Shinhara អភិបាលក្រុង Kure ខេត្ត Hiroshima។
លោក Yoshiake Shinhara បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនលើកនេះរបស់នាវា 015 - Tran Hung Dao។ លោកបានសម្តែងនូវក្តីសង្ឃឹមថា តាមរយៈសកម្មភាពផ្លាស់ប្តូរ និងជំនួបនានាជាមួយកងទ័ពជើងទឹកនៃប្រទេសម្ចាស់ផ្ទះ ក៏ដូចជាប្រជាជននៅមូលដ្ឋាន កម្មាភិបាល និងនាវិកនៃកងទ័ពជើងទឹកវៀតណាម នឹងយល់កាន់តែច្បាស់អំពីទីក្រុង Kure។ លោក Yoshiake Shinhara ក៏សង្ឃឹមដែរថា ទំនាក់ទំនងរវាងវៀតណាម និងជប៉ុននឹងអភិវឌ្ឍកាន់តែរឹងមាំ ដោយបន្តរួមចំណែកដល់វិបុលភាពរួមរបស់អាស៊ី និងពិភពលោក។
    |
 |
|
លោក Yoshiake Shinhara និងថ្នាក់ដឹកនាំក្រុង Kure ទទួលជួបក្រុមបេសកកម្ម |
ដោយថ្លែងអំណរគុណចំពោះមិត្តភាពដែលកងទ័ពជើងទឹកជប៉ុន និងប្រជាជនទីក្រុងបានផ្ដល់ដល់ក្រុមនាវិកនៃនាវាលេខ 015-Tran Hung Dao លោកវរនាវីឯក Nguyen Vinh Nam បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុននិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននិយាយដោយឡែក មានការវិវឌ្ឍជាវិជ្ជមាន និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក។
* នៅថ្ងៃទី ៩ ខែធ្នូ នាយទាហាន និងនាវិកនៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ បានទៅទស្សនានាវាលេខ 015-Tran Hung Dao និងនាវា JS Tenryu របស់ប្រទេសជប៉ុន ព្រមទាំងចូលរួមការប្រកួតកីឡាផងដែរ។
* នៅយប់ថ្ងៃដដែលនោះ ថ្នាក់ដឹកនាំនៃទីក្រុង Kure រួមជាមួយថ្នាក់ដឹកនាំ មន្ត្រី នាវិកនៃតំបន់ Kure និងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានចូលរួមពិធីជប់លៀងនៅលើនាវាលេខ 015-Tran Hung Dao៕
បកប្រែដោយ Thuy Anh