បើកការហ្វឹកហ្វឺនកងទ័ពជើងគោកចម្រុះរវាងវៀតណាម-ចិន ឆ្នាំ២០២៥
    
    
    
        
            
កប.អនឡាញ - នាព្រឹកថ្ងៃទី ២២ ខែកក្កដា នៅមូលដ្ឋានហ្វឹកហ្វឺន Jianglong Chongzuo ខេត្ត Guangxi (ចិន) កងទ័ពជើងគោកវៀតណាម និងកងទ័ពជើងគោកចិនបានចូលរួមពិធីបើក “ការហ្វឹកហ្វឺនចម្រុះក្រោមប្រធានបទ “រួមដំណើរជាមួយគ្នា - ២០២៥” វៀតណាម - ចិន”។ 
        
        
        
            
	អញ្ជើញចូលរួមក្នុងពិធីបើកនោះ ភាគីចិនមានវត្តមានលោកឧត្តមសេនីយ៍ត្រី Chen Liang មេបញ្ជាការរងនៃកងទ័ពជើងគោកយុទ្ធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន។ ភាគីវៀតណាម លោកវរសេនីយ៍ឯក Do Van Toan នាយរងសេនាធិការយោធភូមិភាគទី១ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធី។
	
		
			
				     | 
		
		
			
				  | 
		
		
			| 
				កងកម្លាំងជើងគោកវៀតណាម និងកងកម្លាំងជើងគោកចិនគោរពទង់ជាតិក្នុងពិធីបើក | 
		
	
	មានប្រសាសន៍ក្នុងពិធីបើក លោកវរសេនីយ៍ឯក Do Van Toan បានឲ្យដឹងថា នេះជាលើកដំបូងហើយដែលកងទ័ពជើងគោកទាំងពីរវៀតណាម និងចិនបានរៀបចំការហ្វឹកហ្វឺនចម្រុះ។ សកម្មភាពនេះមានសារៈសំខាន់ រួមចំណែកអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអានាគតវៀតណាម-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហការរវាងកងទ័ពជើងគោកទាំងពីរ ក្នុងសកម្មភាពរួមគ្នាដើម្បីសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន។
	រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Chen Liang បានសង្កត់ធ្ងន់ថា សកម្មភាពហ្វឹកហ្វឺនជម្រុះលើកនេះ រួមចំណែកជម្រុញឲ្យស៊ីជម្រៅនូវបាវចនា “១៦ ពាក្យ” ស្មារតី “៤ ល្អ” និងទិសដៅ “៦ ជាង” រវាងប្រទេសទាំងពីរ ជាពិសេសក្នុងឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន ឆ្នាំ២០២៥។
	បន្ទាប់ពីពិធីបើក ប្រតិភូទាំងឡាយបានទស្សនាការតាំងបង្ហាញអាវុធ សព្វាវុធ សម្ភារៈបរិក្ខារសម្រាប់ហ្វឹកហ្វឺន។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើផែនការ និងខ្លឹមសារនៃការហ្វឹកហ្វឺនជម្រុះ។
	តាមផែនការ កម្មវិធីហ្វឹកហ្វឺននេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកក្កដា ជាមួយនឹងខ្លឹមសារជាក់ស្តែងជាច្រើន ស្របតាមទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ៕
	បកប្រែដោយ Thanh Cong